ដោយៈ ដេប៉ូ / សៀមរាបៈ លោក បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណ ដល់លោកគ្រូ អ្នកគ្រូ ដែលយកចិត្តទុកដាក់ ខិតខំបណ្តុះបណ្តាល ដល់សិស្សានុសិស្ស គថ្លង់ និងពិការភ្នែក បានល្អប្រសើរ បើទោះបីជា មានការខ្វះខាត ទាំងបច្ចេកទេស និងសម្ភារក្តី។
ការថ្លែងរបស់លោក រដ្ឋមន្ត្រីក្រសួងអប់រំ បែបនេះ ធ្វើឡើង ក្នុងពេលចុះពិនិត្យមើល ដំណើរការបង្រៀន និងរៀន វិទ្យាល័យអប់រំពិសេស ដែលបង្រៀនសិស្ស គថ្លង់ និងពិការភ្នែក ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២ នៅខេត្តសៀមរាប នាថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២២ នេះ ។
ក្នុងពិធីនេះដែរ លោក រដ្ឋមន្ត្រី បានបញ្ជាក់ថាៈ ចំពោះវិទ្យាល័យអប់រំពិសេសនេះ កន្លងមក ក្រសួងបានយកចិត្តទុកដាក់ ជួយសម្រួលដល់ជីវភាពខ្វះខាត បានមួយចំនួនរបស់លោកគ្រូ អ្នកគ្រូឯកទេស ដូចជាបានឧបត្ថម្ភថវិកាបន្ថែម លើបៀវត្សរ៍ប្រចាំខែ និងបានដោះស្រាយ ជាបណ្តើរៗ ទាំងសម្ភារៈ និងបច្ចេកទេស តាមសំណូមពរ របស់សាលា ធ្វើយ៉ាងណាឱ្យសាលា មាននិរន្តរភាព និងដំណើរការល្អ។
គួរបញ្ជាក់ថា វិទ្យាល័យអប់រំពិសេស ពីមុនមានឈ្មោះថា សាលាកុមារគថ្លង់ និងកុមារពិការ ភ្នែកសៀមរាប ដែលចាប់ផ្តើមដំណើរការ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០០០ ដែលមានកិច្ច សហប្រតិបត្តិការ រវាងអង្គការគ្រួសារថ្មី និងក្រសួងអប់រំ យុវជន និងកីឡា និងត្រូវផ្ទេរមក នៅក្រោមការគ្រប់គ្រង របស់ក្រសួងអប់រំ យុវជន និងកីឡា នៅឆ្នាំ ២០១៨។
នៅឆ្នាំសិក្សា ២០២១-២០២២ មានគ្រូសរុបចំនួន ៤០ នាក់ ស្រី២១នាក់ សិស្សគថ្លង់ និងពិការភ្នែក កំពុងសិក្សាសរុបចំនួន ១៩៦ នាក់ ស្រី៨២នាក់។ ក្នុងការងារបង្រៀន សាលាបានអនុវត្តតាម កម្មវិធីសិក្សាគោល របស់ក្រសួងអប់រំ យុវជន និងកីឡា ដោយបកប្រែ និងបោះពុម្ព ជាសៀវភៅសញ្ញា សម្រាប់បង្រៀនសិស្សគថ្លង់ និងអក្សរប្រៃយ៍ខ្មែរ សម្រាប់បង្រៀន សិស្សពិការភ្នែក តាមសៀវភៅគោលរបស់ ក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងការសិក្សា សាលាបានបញ្ជូលសកម្មភាពកីឡា សិល្បៈ ភ្លេង កុំព្យូទ័រ ភាសាអង់គ្លេស ហាត់ស្តាប់ និយាយ និងបំណិនជីវិត ផងដែរ៕/V