ដោយៈ សុផល / ភ្នំពេញៈ ក្រសួងទេសចរណ៍ និងសមាគមទីភ្នាក់ងារ ធ្វើដំណើរអាស៊ី ប៉ាស៊ីហ្វិក (PATA) កាលពីថ្ងៃទី១៥ ខែមីនា បានសហការរៀបចំបើកវគ្គ បណ្តុះបណ្តាល ថ្នាក់តំបន់ ស្តីពីគោលដៅទេសចរណ៍ ប្រកបដោយភាពធន់ (Tourism Destination Resilience) តាមប្រព័ន្ធអនឡាញ (zoom) ។
លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ជាតំណាងក្រសួងទេសចរណ៍ និងលោកស្រី Liz Oritiguera ប្រធានសមាគម ទីភ្នាក់ងារធ្វើដំណើរអាស៊ីប៉ាស៊ីហ្វិក បានអញ្ជើញជាអធិបតីបើកវគ្គ បណ្តុះបណ្តាលនេះ។
វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់១៦ ខែមីនា ឆ្នាំ ២០២២ រៀបចំដោយផ្ទាល់ នៅសណ្ឋាគារសុខា អង្គរ ខេត្តសៀមរាប ដោយមានសិក្ខាកាម ចូលរួមជាមន្ត្រីជំនាញ ពីមន្ទីរទេសចរណ៍ អាជ្ញាធរជាតិអប្សរា និងមន្ទីរពាក់ព័ន្ធ ប្រចាំខេត្តសៀមរាប ចំនួន ២០ រូប។
វគ្គបណ្តុះបណ្តាល រៀបចំឡើង ក្នុងក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងទេសចរណ៍ និង PATA ដោយមានការចូលរួម ជាគ្រូឧទ្ទេស ពីអ្នកជំនាញ PATA ។ វគ្គបណ្ដុះ បណ្ដាល ផ្ដោតលើការពង្រឹង ចំណេះដឹង ការវាយតម្លៃ និងការដោះស្រាយវិបត្តិ ឆ្ពោះទៅកាន់ ភាពធន់ (Resilience) តាមគម្រូ Tourism Destination Resilience (TDR) ដែលរៀបចំឡើងដោយ PATA។ គម្រូ TDR នេះ ផ្ដោតលើទស្សនៈទាន “ចីរភាពអាចទទួលបាន ដរាបណា គោលដៅទេសចរណ៍ មានភាពធន់”។ ក្នុងន័យនេះ ការបណ្ដុះបណ្ដាល ផ្ដោតសំខាន់លើ៖ ការវាយតម្លៃហានិភ័យ (Assessing Risk), ការគ្រប់គ្រងហានិភ័យ (Managing Risk) និងការកសាងសមត្ថភាពសម្របខ្លួន (Adaptive capacity)។ វិធីសាស្ត្រនេះ នឹងត្រូវបានកែសម្រួលជា ASEAN Sustainability Toolkits ដើម្បីវាស់វែងចីរភាព នៃគោលដៅទេសចរណ៍អាស៊ាន ដែលកម្ពុជា ទទួលបន្ទុករៀបចំ ស្របតាម ATSP 2016-2025។
ការបណ្តុះបណ្តាលនេះ ជាវគ្គទី២ បន្ទាប់ពីវគ្គទី១ ត្រូវបានរៀបចំ នៅរាជធានីភ្នំពេញ កាលពីខែធ្នូ ឆ្នាំ២០២១ ដោយមានសិក្ខាកាម បញ្ចាប់ការសិក្សា ចំនួន ៣០រូប៕/V