ដោយៈសុផល / ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូធនាគារពិភពលោក ដឹកនាំដោយលោកស្រី Manela V.Ferro អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកអាស៊ីខាងកើត និងប៉ាស៊ីហ្វិក ដោយមានការចូលរួម ពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។
ជាកិច្ចចាប់ផ្តើម លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះធនាគារពិភពលោក ដែលបានផ្តល់ការគាំទ្រ ដល់ប្រទេសកម្ពុជា ជាពិសេស ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា និងបានបង្ហាញពីសុទិដ្ឋិនិយម ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ បន្ថែមទៀត លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ អាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងទឹកស្អាត។
ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូន គណៈប្រតិភូ អំពីដំណើររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះពិនិត្យសមិទ្ធផល សម្រេចបាននៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ វឌ្ឍនភាព នៃគម្រោងសាងសង់ផ្លូវ ល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ និងស្ថានភាពនៃការអនុវត្ត គម្រោងស្ថាបនា និងពង្រីកផ្លូវជាតិលេខ៤ ក្រោមប្រាក់កម្ចីសម្បទាន ពីធនាគារពិភពលោក ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កើនសុវត្ថិភាព ដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ។
លោកទេសរដ្ឋមន្ត្រី ក៏បានធ្វើការកត់សម្គាល់ផងដែរ អំពីវិស័យសក្កានុពល និងអាទិភាព មួយចំនួន របស់កម្ពុជា ដែលទាមទារឱ្យមាន កិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធ និងការគាំទ្រ ពីធនាគារពិភពលោក ការវាយតម្លៃលើសូចនាករ ដែលត្រូវសម្រេចបាន ការសិក្សាអំពី តម្រូវការអាទិភាព ជាក់ស្តែង ការស្វែងយល់ អំពីស្ថានភាព នៃតម្រូវការ និងមធ្យោបាយ ឈានទៅសម្រេចបាន លើការកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាព។
បន្ថែមពីលើនេះ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពី គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សម្រេចបាន និងគម្រោងកំពុងអនុវត្តបន្ត ដែលក្នុងនោះរួមមានៈ ផែនការមេអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធបណ្តាញ ផ្លូវថ្នល់ ផែនការមេដឹកជញ្ជូនផ្លូវទឹក ផែនការដឹកជញ្ជូនតាមផ្លូវដែក ផែនការមេភស្តុភារកម្ម ផែនការមេដឹក ជញ្ជូនឆ្លងកាត់ព្រំដែន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់នៅខេត្តសៀមរាប ដែលជាតំបន់ប្រកបដោយសក្កានុពលសេដ្ឋកិច្ច និងទេសចរណ៍។
លោកទេសរដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថាៈ ក្រសួងបានរៀនសូត្របទពិសោធន៍ជាច្រើន ពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទាក់ទងនឹងផែនការគ្រប់គ្រងទឹកកខ្វក់ នៅពេលទីក្រុង មានការរីកចម្រើនយ៉ាងរហ័ស និងបានស្នើសុំការគាំទ្រ ពីធនាគារពិភពលោក ដើម្បីអនុវត្ត ផែនការមេ គ្រប់គ្រងទឹកកខ្វក់នៅតាម បណ្តារាជធានី-ខេត្ត សំខាន់ៗ ឱ្យបានទូលំទូលាយ ដើម្បីធ្វើឱ្យប្រសើរឡើង សុខុមាលភាពប្រជាពលរដ្ឋ។
ឆ្លៀតក្នុងឱកាសនេះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរ អំពីគោលបំណង នៃការបង្កើតវិទ្យា ស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ដើម្បីបណ្ដុះបណ្ដាល ធនធានមនុស្សឱ្យមានជំនាញ ច្បាស់លាស់ សំដៅដោះស្រាយបញ្ហាវិបត្តិកង្វះអ្នកបច្ចេកទេស ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន នាពេលបច្ចុប្បន្ន និងនាពេលអនាគត ក្នុងការរួម ចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមជាតិ ហើយបច្ចុប្បន្ន វិទ្យាស្ថាន កំពុងត្រូវការការគាំទ្រ ទាំងផ្នែកសម្ភារៈ និងហិរញ្ញវត្ថុ ដើម្បីបណ្តុះបណ្តាល មិនត្រឹមតែសម្រាប់ សិស្ស និស្សិតប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មន្ត្រីជំនាញបច្ចេកទេស របស់ក្រសួង ក្នុងការពង្រឹងគុណភាពការងារផងដែរ។
លោកទេសរដ្ឋមន្ត្រី បានលើកឡើង អំពីបញ្ហាប្រឈម ទាក់ទងនឹងការត្រួតពិនិត្យបច្ចេកទេស នៃការសាងសង់ផ្លូវ ការកសាងសមត្ថភាពមន្ត្រី របស់ក្រសួង ដើម្បីពង្រឹងសមត្ថភាព ក្នុងការគ្រប់គ្រង ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនម៉ៅការ ការបណ្តុះបណ្តាល គ្រូបង្គោល លើជំនាញបច្ចេកទេស សាងសង់ផ្លូវក្នុងការធានាចីរភាពយូរអង្វែង ការគាំទ្រពីវិទ្យាស្ថាន បច្ចេកទេសកូរ៉េ (KICT) ដើម្បីកសាងសមត្ថភាពមន្ត្រីរបស់វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន លើការបង្កើតកម្មវិធីសិក្សា គម្រោងសាងសង់ផ្លូវ តភ្ជាប់ប៉ូល សេដ្ឋកិច្ចថ្មី ខេត្តសៀមរាប ស្ទឹងត្រែង ទៅខេត្តរតនគិរី រហូតដល់ព្រំដែនវៀតណាម តាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។
ជាការឆ្លើយតប លោកស្រី Manuela V.Ferro បានកត់សម្គាល់ ដោយយកចិត្តទុកដាក់ ទៅលើសំណើទាំងឡាយ ដែលបានលើកឡើង ដោយលោកទេសរដ្ឋមន្ត្រី និងគូសបញ្ជាក់ថា ធនាគារ នឹងពិនិត្យលទ្ធភាព ផ្តល់អ្នកជំនាញឯកទេស ដើម្បីពង្រឹងសមត្ថភាពរបស់មន្ត្រីក្រសួង ក៏ដូចជា មន្ត្រីនៃវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ជាពិសេសខិតខំប្រឹងប្រឹង ពន្លឿនការគាំទ្រការអនុវត្តគម្រោងនានា នៅកម្ពុជា ឱ្យបានឆាប់រហ័ស។
បន្ថែមពីលើនេះ លោកស្រី បានសម្តែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅ ក្នុងការពិភាក្សាលើគ្រប់ ប្រធានបទនានា ដើម្បីពង្រីកកាលានុវត្តភាព បន្ថែមទៀត។
សូមជម្រាបជូនថា លោកស្រី Manuela V. Ferro ជាសេដ្ឋវិទូ និងជាអ្នកដឹកនាំ ជាន់ខ្ពស់មួយរូប នៃ ធនាគារពិភពលោក មានសញ្ញាបត្របណ្ឌិត ផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ច ពីសាកលវិទ្យាល័យ Stanford University និងសញ្ញាបត្រវិស្វកម្ម ពីសាកលវិទ្យា ល័យ Technical University of Lisbon ប្រទេសព័រ ទូហ្កាល់៕/V