ដោយៈមុនីរ័ត្ន/​ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប.​) ក្រុមប្រឹក្សា​ជំនុំជម្រះ នៃ គ​.​ជ​.​ប. ដែល​មាន​សមាសភាពប្រាំបួន​រូបដឹកនាំដោយ​លោក​ប្រាជ្ញ ចន្ទ ប្រធាន គ​.​ជ​.​ប. និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ នៃ គ​.​ជ​.​ប. កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២២ បាន​បើកសវនាការ​សង្ខេប ដើម្បី​ដោះស្រាយ​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ ប្ដឹង​ជំទាស់​នឹង​បុគ្គលប្រាំ(​ប្រាំ​) រូប ដែល​ឈរឈ្មោះ​ជា​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុង​បញ្ជី​បេក្ខជន​នៃ​គណបក្ស​ភ្លើងទៀន នៅ​ឃុំ​ឫស្សី​ជ្រុំ ស្រុក​ថ្មបាំង ខេត្តកោះកុង​។

​គ​.​ជ​.​ប. បាន​ឲ្យ​ដឹងថា យោងតាម​ពាក្យបណ្តឹង​របស់​ឈ្មោះ ណុល សុផល ភេទ​ប្រុស កើត​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​១៩៧៥ ជា​ប្រជាពលរដ្ឋ មាន​ទីលំនៅ​នៅ​ភូមិ​ត្រពាំង​ឈើ​ត្រាវ ឃុំ​ឫស្សី​ជ្រុំ ស្រុក​ថ្មបាំង ខេត្តកោះកុង បេក្ខជន​ទាំង ៥​រូប ដែល​ត្រូវបាន​ប្ដឹង​ជំទាស់​ថា​ពុំមាន​លក្ខខណ្ឌ​ចេះ​អាន និង​ចេះ​សរសេរ​អក្សរ​ខ្មែរ ស្របតាម ជំពូក​ទី​៦ ប្រការ ៦.១ ចំណុច ៦.១.២ នៃ​បទបញ្ជា និង​នីតិវិធី សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ នោះ រួមមាន​៖
១. ឈ្មោះ លី ហាយ ភេទ​ប្រុស កើត​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​១៩៥៨
២. ឈ្មោះ ស៊ឹម វន ភេទ​ប្រុស កើត​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​១៩៧៨
៣. ឈ្មោះ ជុំ ផល ភេទ​ស្រី កើត​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​១៩៦៣
៤. ឈ្មោះ ស៊ឹម ប្រុស ភេទ​ប្រុស កើត​ថ្ងៃទី​១ ខែមេសា ឆ្នាំ​១៩៩២
៥. ឈ្មោះ ជៀម យ៉ាន ភេទ​ស្រី កើត​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​១៩៥៩

​បន្ទាប់ពី​បាន​ស្តាប់​របាយការណ៍​របស់​ក្រុមមន្ត្រី​ចុះ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​នៃ​អគ្គលេខា​- ធិ​ការដ្ឋាន គ​.​ជ​.​ប ដែល​បាន​ចុះទៅ​ដល់ទី​កន្លែង ដើម្បី​សាកសួរ និង​យក​ព័ត៌មាន​ពីសា​ក្សី រួម​នឹង​បេក្ខជន​ឈរឈ្មោះ​ផ្ទាល់ និង​ក្រោយពី​បាន​ពិភាក្សាគ្នា​យ៉ាង​ល្អិតល្អន់​រួចមក ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ គ​.​ជ​.​ប បានសម្រេច​រក្សាទុក​បេក្ខជន​ឈ្មោះ លី ហាយ ភេទ​ប្រុស កើត​ថ្ងៃទី ២៨ ខែមករា ឆ្នាំ​១៩៥៨ ក្នុង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​របស់​គណបក្ស​ភ្លើងទៀន នៅ​ឃុំ​ឫស្សី ស្រុក​ថ្មបាំង ខេត្តកោះកុង ហើយ​សម្រេច​លុបឈ្មោះ​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ចំនួនបួន​រូប រួមមាន ៖
១. ឈ្មោះ ស៊ឹម វន ភេទ​ប្រុស កើត​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​១៩៧៨
២. ឈ្មោះ ជុំ ផល ភេទ​ស្រី កើត​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​១៩៦៣
៣. ឈ្មោះ ស៊ឹម ប្រុស ភេទ​ប្រុស កើត​ថ្ងៃទី​១ ខែមេសា ឆ្នាំ​១៩៩២
៤. ឈ្មោះ ជៀម យ៉ាន ភេទ​ស្រី កើត​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​១៩៥៩ ។​

​ក្រុមប្រឹក្សា​ជំនុំជម្រះ នៃ គ​.​ជ​.​ប. យល់ឃើញថា បេក្ខជន​ឈរឈ្មោះ​ទាំងបួន​រូប ខាងលើ ពិតជា​ពុំមាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ស្របតាម​មាត្រា ៣៥ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​មិន​ស្របតាម​លក្ខខណ្ឌ​ក្នុង​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រង់​ប្រការ ៦.១ ចំណុច ៦.១.២ ដែល​ចែងថា ប្រជាពលរដ្ឋ​ទាំង​ពីរភេទ ដែល​មានបំណង​ឈរឈ្មោះ​ជា​បេក្ខជន​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបំពេញ​លក្ខខណ្ឌ ចេះ​អាន និង​សរសេរ​អក្សរ​ខ្មែរ​។​

​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​ជំនុំជម្រះ នៃ គ​.​ជ​.​ប។ បានប្រកាស​ក្នុង​សវនាការ​សង្ខេបនៃ កិច្ចប្រជុំពេញអង្គ ជា​សេចក្តីសម្រេច​ស្ថាពរ បិទផ្លូវ​តវ៉ា​៕​សរន