ដោយៈសុផល/ភ្នំពេញ៖សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២បានអនុញ្ញាតឱ្យលោក បូរកែវ ភូមិវង្សសៃ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបជូនសារតាំង នៅវិមានព្រឹទ្ធសភា។
ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅចំពោះលោក បូរកែវ ភូមិវង្សសៃ ដែលត្រូវបានឯកឧត្តមប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តែងតាំងឯកឧត្តមជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងឱកាសនោះលោក បូរកែវ ភូមិវង្សសៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រមុខរដ្ឋស្តីទី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យឯកឧត្តមបានចូលជូនសារតាំង និងសម្តែងការគួរសមនាពេលនេះ។ ឆ្លៀតឱកាសនោះ លោកឯកអគ្គរដ្ឋទូតបានពាំនាំនូវការសួរសុខទុក្ខពីសំណាក់លោកប្រធានរដ្ឋ និងថ្នាក់ដឹកនាំកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងជូនចំពោះសម្តេចប្រមុខរដ្ឋស្តីទី និងថ្នាក់ដឹកនាំកំពូលនៃព្រះរាជាណាចក្រកម្ពុជា។
ព្រមជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូតបានពាំនាំនូវការក្រាបបង្គំយាងចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បំពេញព្រះរាជទស្សនកិច្ចជាផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅពេលវេលាសមស្របណាមួយ ពីឯកឧត្តមប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
លោក បូរកែវ ភូមិវង្សសៃ បានសម្តែងនូវសេចក្តីរីករាយចំពោះទំនាក់ទំនង សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា។
លោក បូរកែវ ភូមិវង្សសៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានជួយឧបត្ថម្ភគាំទ្រដល់ប្រទេសឡាវនាពេលកន្លងទៅ ជាពិសេសការជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ វ៉ាក់សាំង រថយន្តដឹកវ៉ាកសាំង និងឧបករណ៍វេជ្ជសាស្ត្រមួយចំនួន។ លោកបានបញ្ជាក់ថា ប្រទេសឡាវសូមគាំទ្រចំពោះតួនាទីរបស់ប្រទេសកម្ពុជាជាប្រធានអាស៊ាន។
សម្តេចប្រមុខរដ្ឋស្តីទី បានមានសេចក្តីសោមនស្សរីករាយ និងពេញចិត្តជាខ្លាំងដោយបានមើលឃើញចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ មានការរីកចម្រើនជាបន្តបន្ទាប់ឥតឈប់ឈរលើគ្រប់វិស័យ ហើយទំនាក់ទំនងនេះត្រូវបានលើកកម្ពស់ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។
សម្តេចវិបុលសេនាភក្តីប្រមុខរដ្ឋស្តីទីមានជំនឿជឿជាក់ថា ក្នុងឋានៈលោកជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំព្រះរាជណាចក្រកម្ពុជា ឯកឧត្តមនឹងខិតខំពង្រឹងពង្រីកនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ ស៊ីជម្រៅបន្ថែមទៀតលើបញ្ហានយោបាយ សន្តិសុខ ការពារជាតិ អប់រំ សុខាភិបាល និងខិតខំជំរុញឱ្យមានការផ្លាស់ប្តូរពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនឱ្យកាន់តែទូលំទូលាយ ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនទាំងពីរ។
សម្តេចវិបុលសេនាភក្តីប្រមុខរដ្ឋស្តីទីបានបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិនៃព្រះរាណាចក្រកម្ពុជា ត្រៀមខ្លួនជានិច្ចដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹង ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏ដូចជាស្ថានទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរទៅវិញទៅមក។
តាមរយៈលោកឯកអគ្គរដ្ឋទូត សម្តេចវិបុលសេនាភក្តីប្រមុខរដ្ឋស្តីទីបានផ្តាំផ្ញើនូវព្រះរាជបណ្តាំសួរសុខទុក្ខដោយសេចក្តីគោរព និងសេចក្តីនឹករលឹកពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះ រាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ និងថ្នាក់ដឹកនាំកំពូលជាតិនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះឯកឧត្តមប្រធានរដ្ឋ និងថ្នាក់ដឹកនាំជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៕សរន