ដោយៈ​សុផល​/​ភ្នំពេញ​៖ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នា​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២២​នេះ បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ ការអនុវត្ត ផែនការ​យុទ្ធសាស្ត្រ ស្តីពី​ការបើកទទួល​ទេសចរណ៍​វ៉ាក់សាំង និង​វិធានការ​គោលនយោបាយ​ជំរុញ​ទេសចរណ៍​ផ្ទៃក្នុង ឆ្នាំ​២០២១-២០២៣ នៅ​ទីស្តីការ​ក្រសួងទេសចរណ៍ ដោយមាន​ការ ចូលរួម ដោយផ្ទាល់ និង​តាម​ប្រព័ន្ធ​អន​ឡាញ ពី​មន្ត្រី​ជំនាញ​ក្រសួង និង​វិស័យ​ឯកជន​ផងដែរ​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ ក្នុង​ទទួល​ទេសចរណ៍​វ៉ាក់សាំង ដោយហេតុថា វិស័យ​ទេសចរណ៍​ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​ចាត់ទុកជា មាស​បៃតង គឺជា​វិស័យ​មួយ​ដែល​ចូលរួម​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​-​សង្គម បង្កើត​ការងារ និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ជាការ​នាំចេញ​នៅនឹងកន្លែង ព្រមទាំង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ចូលរួម​ថែរក្សា​អភិរក្ស​បរិស្ថាន ឆ្លើយតប​នឹង​បំរែបំរួល​អាកាសធាតុ​ប្រកបដោយ​ប្រសិទ្ធភាព​។​

​ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​កន្លងទៅ ត្រឹម​ឆ្នាំ​២០១៩ វិស័យ​ទេសចរណ៍​កម្ពុជា​មានការ​កើនឡើង​គួរឱ្យកត់សំគាល់ ក្នុង​អត្រាកំណើន​ទេសចរ​អន្តរជាតិ​ជា​មធ្យម ១២% ក្នុង​មួយឆ្នាំៗ​។​បន្ទាប់មក​ចាប់តាំងពី​ដើមឆ្នាំ​២០២០​រហូតដល់​ឆ្នាំ​២០២១​វិស័យ​ទេសចរណ៍​កម្ពុជា​ក៏ដូចជា​ពិភពលោក​ទាំងមូល​ចាប់ផ្តើម​ទទួលរង​ឥទ្ធិពល​អវិជ្ជមាន​យ៉ាងខ្លាំង​ពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។​

​លោក​រដ្ឋមន្ត្រី ថោង ខុន បាន​ថ្លែងថា «​អ្វីដែល​ខ្ញុំ​ចង់​និយាយ​គឺ​គោលដៅ​ថ្មី ការបង្កើត​ថ្មី ហើយ​ទៅតាម​គន្លង​ប្រក្រតីភាព​ថ្មី ។ រឿង​ទាំងអស់នេះ ដែល​យើង​ត្រូវ​ត្រួតពិនិត្យ គ្រប់​គោលដៅ​ទាំងអស់ បើសិនជា​គោលដៅ​នីមួយៗ​អត់​បាន​កែច្នៃ ឬ​អត់​បានរៀបចំ​កែសំរួល​ឱ្យបាន​ល្អ​ទេ ក៏​មិនអាច​ទាក់ទាញ​ភ្ញៀវ​ទេចរ​បាន​ច្រើន​ដែរ ។ ដើម្បី​កែច្នៃ​ឱ្យបាន​ល្អ រដ្ឋ​បានរៀបចំ​ទុន​សម្រាប់​ឱ្យ​ខ្ចី កែ​លំ​សណ្ឋាគារ រ​រមណី​ដ្ឋា​ន ផលិតផល​ទេសចរណ ធុន​តូច និង មធ្យម​។​ចំណុច​នេះ​ត្រូវតែ​ខិតខំ​ធ្វើ ពិសេស​ផ្នែក​ឯកជន​ត្រូវតែ​គិតដល់​បញ្ហា​នឹង​»​។​

​លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់ដែរថា ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ ស្តីពី​ការបើកទទួល​ទេសចរណ៍​វ៉ាក់សាំង​កន្លងមក មាន​វឌ្ឍនភាព​គួរឱ្យកត់សម្គាល់ ហើយ​ដើម្បី​ធានា​នូវ​ជោគជ័យ​នៃ​ការបើកទទួល​ទេសចរណ៍​អន្តរជាតិ​ឡើងវិញ ចាំបាច់​ត្រូវ​ធានា​ឱ្យបាន​នូវ​ភាពជឿជាក់ និង​ទុកចិត្ត​ថា​ជា «​គោលដៅ​ទេសចរណ៍​សុវត្ថិភាព​» ដោយ​ឈរលើ​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​ជា​សូចនាករ​គោល ក្នុងនោះ​ក្រសួងទេសចរណ៍ ក៏បាន​បង្កើត​ក្រុមការងារ​ប្រតិបត្តិ ដើម្បី​វាយតម្លៃ និង​គ្រប់គ្រង​គោលដៅ​ទេសចរណ៍​សុវត្ថិភាព នៅតាម​កន្លែង​គោលដៅ​ទេសចរណ៍​រួមមាន នៅ​ខេត្តសៀមរាប រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ​។​

​ចំពោះ​ការវាយតម្លៃ​ទីផ្សារ​ទេសចរ​អន្តរជាតិ​, លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា ការបើក​ដំណើរការ​សកម្មភាព​ស​ង្គ​ម​-​សេដ្ឋកិច្ច​ពេញលេញ​ជា​បណ្តើរៗ​ឡើងវិញ​ត្រូវបាន វាយតម្លៃថា ស្ថិតក្នុង​ស្ថានភាព​បន្ទាន់ និង​ត្រូវ​ស្របតាម​គន្លង​ប្រក្រតីភាព​ថ្មី សម្រាប់​ប្រទេស​ទាំងអស់​ក្នុង​អាស៊ាន ដោយហេតុថា​ចលនា​ទេសចរណ៍​អន្តរជាតិ ក្នុង​កម្រិត​តំបន់​និង​សកលលោក​មានការ​ប្រែប្រួល​ជាមួយ​និន្នាការ​ថ្មី​ដូចជា​ភ្ញៀវទេសចរ​នឹងមាន​ការគិតគូរ​ពី​សុខភាព​ផ្លូវកាយ​និង​ផ្លូវចិត្ត​ក្នុងការ​ធ្វើដំណើរ​កម្សាន្ត​ជាមុន​, ស្ថានភាព​ទីផ្សារ​ទេសច​រណ៍​ក៏​នឹងមាន​ភាព​តូចចង្អៀត ជាមួយនឹង​ការប្រកួតប្រជែង​កាន់តែ​ខ្ពស់ ទាំង​លើ​ទិដ្ឋភាព​នៃ​គុណភាព ផលិតផល​នៃ​សេវាកម្ម តម្លៃ​សមរម្យ ទំនុកចិត្ត​លើ​សុវត្ថិភាព​នៃ​គោលដៅ​ទេសចរណ៍​ផងដែរ​។​

​ជាមួយនឹង​ការប្រែប្រួល​និន្នាការ​ថ្មី​នេះ​លោក​រដ្ឋមន្ត្រី ថោង ខុន ក៏បាន​ស្នើឱ្យ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​សហការ​ជំរុញ​ការអនុវត្ត​ផែនការ​សកម្មភាព​នៃ «​វិធានការ​គោល នយោបាយ ជំរុញ​ចលនា​ទេសចរណ៍​ផ្ទៃក្នុង​ឆ្នាំ​២០២១-២០២៣» ឱ្យមាន​ប្រសិទ្ធភាព និង​ស្នើឱ្យ​អាជ្ញាធរ​មូលដ្ឋាន និង​គណៈកម្មាធិការ​អភិវឌ្ឍ​ន៍​ទេសចរណ៍​រាជធានី​-​ខេត្ត ត្រូវ​គ្រប់គ្រង​គោលដៅ​ទេសចរណ៍​សុវត្ថិភាព​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ឱ្យបាន​ហ្មត់ចត់ ស្របតាម​សូចនាករ​សម​ទ្ធ​កម្ម​វាយតម្លៃ​គោលដៅ​ទេសចរណ៍​សុវត្ថិភាព​ផងដែរ​៕srn