ដោយៈសុផល/ភ្នំពេញ៖គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នឹងរៀបចំបន្តធ្វើយុទ្ធនាការជាតិអប់រំការពារការចម្លងវីរុសកូវីដ-១៩ ក្រោមប្រធានបទ “កូវីដ-១៩ បំប្លែងថ្មី អូមីក្រុង ឆ្លងខ្លាំងជាងមុន អាចបណ្តាលឱ្យមានហានិភ័យដល់អ្នក និងគ្រួសារ ” ដើម្បីជំរុញការទទួលខុសត្រូវរបស់បុគ្គល គ្រួសារ សហគមន៍ និងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន រួមគ្នាទទួលខុសត្រូវក្នុងស្មារតីសាមគ្គីភាព ដើម្បី កាត់ផ្ដាច់ខ្សែចម្លងវីរុសកូវីដ-១៩ បំប្លែងថ្មី ឱ្យមាននិរន្តរភាពនៃការរស់នៅជាមួយនឹងវីរុសកូវីដ-១៩ តាមគន្លងប្រកតីភាពថ្មីផងដែរ។
បច្ចុប្បន្ននេះ វីរុសកូវីដ-១៩ ប្រភេទអូមីក្រុង (Omicron) គឺកំពុងតែសកម្មចរាចរយ៉ាងឆាប់រហ័សដោយ គ្មានព្រំដែន និងគ្មានលិខិតឆ្លងដែន នៅលើសកលលោក នៅក្នុងតំបន់ និងនៅក្នុងប្រទេសកម្ពុជា ដែល តម្រូវឱ្យបងប្អូនចាំបាច់ត្រូវតែប្រុងប្រយ័ត្ន និងបន្តចូលរួមការពារ ព្រមទាំងឆ្លើយតបទៅនឹងជំងឺកូរីដ-១៩ នេះឱ្យបានទាន់ពេលវេលា ដើម្បីជៀសវាងបាននូវមហន្តរាយសុខភាពសាធារណៈ ផលប៉ះពាល់សេដ្ឋកិច្ច គ្រួសារ និងសេដ្ឋកិច្ចសង្គម រួមទាំងការចៀសវាងបាននូវការវិលត្រឡប់ទៅរកផលលំបាកនៃការរស់នៅ ប្រចាំថ្ងៃរបស់បងប្អូន ដើម្បីធានាបាននូវនិរន្តរភាពនៃការរស់នៅធម្មតាក្នុងប្រក្រតីភាពថ្មីរបស់បងប្អូនបាន យូរអង្វែងផងដែរ។
យុទ្ធនាការជាតិអប់រំនេះ នឹងប្រព្រឹត្តទៅនៅខេត្តកំពង់ស្ពឺ នាថ្ងៃទី២២ខែមីនាខាងមុខក្នុងក្របខណ្ឌទូទាំងប្រទេស នៅតាម បណ្តារាជធានី-ខេត្តផ្សេងទៀតក៏មានការណែនាំឱ្យចាត់ចែងរៀបចំយុទ្ធនាការនេះដែរ ហើយនឹងប្រព្រឹត្ត ទៅក្រោមអធិបតីភាពlokសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងមានការ ចូលរួមពីសំណាក់លោក្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាន អនុគណៈកម្មការអប់រំ បណ្ដុះបណ្ដាល និងទំនាក់ទំនងសាធារណៈ នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា និងលោក សី ហ្វូរ៉ុក ហ្វាយូហូត តំណាងអង្គការយូនីសែហ្វ ប្រចាំនៅកម្ពុជា ផងដែរ។