ប្រែសម្រួលៈបំណង(ST)៖ រញ្ជួយដីខ្លាំងកំលាំង៧,៣រិច្ឆទ័រមួយបានអង្រួនឆ្នេរភាគឦសាន្តឯនាយតំបន់ហ្វ៊ុយគូស៊ីម៉ា ជប៉ុនកាលពីថ្ងៃពុធតី១៦មីនា ដោយបណ្តាលអោយស្លាប់មនុស្សបួននាក់និងរបួស៩៤នាក់ ។
ទីភ្នាក់ងារអគ្គិភ័យនិងការគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍ថា មានមនុស្សស្លាប់បួននាក់និង៩៤នាក់រងរបួសបណ្តាលពីរញ្ជួយដីកាលពីយប់ថ្ងៃពុធ ក្នុងនេះបួននាក់រងរបួសធ្ងន់។
រញ្ជួយនេះអាចអោយគេដឹងដល់ទីក្រុងតូក្យូ ដែលនៅចម្ងាយប្រមាណ២៧៥គីឡូម៉ែត្រពីស្នូលរញ្ជួយ ដោយអាគារយោលយោកអស់ពេលដ៏យូរ។ផ្ទះរាប់ម៉ឺននៅក្នុងទីក្រុងបានធ្លាក់ក្នុងភាពងងឹតអស់ពេលជាងមួយម៉ោង តែចរន្តអគ្គិសនីត្រូវបានស្តារអោយមានឡើងវិញនៅដើមថ្ងៃព្រហស្បតិ៍ ហើយអាជ្ញាធរបានលុបចោលការព្រមានអំពីរលកស៊ូណាមី។
នៅមុនពាក់កណ្តាលអធ្រាតបន្តិច រញ្ជួយដីបានវាយប្រហារនៅឯនាយឆ្នេរតំបន់ហ្វ៊ុយគូស៊ីម៉ា នៅជំរៅ៦០គីឡូម៉ែត្រ។វានាំអោយនឹកឃើញរញ្ជួយដីនិងរលកស៊ូណាមីដ៏ហិនហោចកាលពីខែមីនា ឆ្នាំ២០១១។រញ្ជួយដីពេលនោះនាំអោយខូចរ៉េអាក់ទ័រនៅរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរដាយអ៊ីជិ(Daiichi)នៅតំបន់ហ្វុយគូស៊ីម៉ា ជាឧបទ្ទវហេតុនុយក្លេអ៊ែរមួយដែលរងផលប៉ះពាល់ដល់សព្វថ្ងៃ។
តែរញ្ជួយពេលនេះ នាយករដ្ឋមន្ត្រី ហ្វុយមីអុ គីស៊ីដា បានប្រាប់អ្នកយកព័ត៌មានថា មិនមានអ្វីខុសប្រក្រតីទេ។អាជ្ញាធរមុននេះបាននិយាយថា ការព្រមានអំពីអគ្គិភ័យត្រូវបានបន្លឺឡើងនៅអាគារទួប៊ីនមួយនៅរោងចក្រដែលខូចនេះ។
រញ្ជួយកាលពីយប់ថ្ងៃពុធក៏បានបណ្តាលអោយរថភ្លើងធុនលឿនជប៉ុនមួយធ្លាក់ចេញពីផ្លូវ ដោយមានមនុស្សប្រមាណ១០០នាក់នៅក្នុងនោះ តែមិនមានសេចក្តីរាយការណ៍អំពីមនុស្សរងរបួសឬស្លាប់ក្នុងហេតុការន៍នេះទេ៕
អាគារ ផ្លូវថ្នល់ខូចខាតនិងទំនិញធ្លាក់ចេញពីធ្នើដោយសារកម្លាំងរញ្ជួយដីខ្លាំងកាលពីថ្ងៃពុធ