​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ មេដឹកនាំ​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​លេន​ស្គី បាន​ធ្វើ​ការអំពាវនាវ​សម្រាប់​ជំនួយ​ប្រឆាំង​នឹង​រុស្ស៊ី​ទៅ​កាន់​សភា​អាម៉េរិក​កាលពី​ថ្ងៃ​ពុធ​ទី​១៦​មីនា​ហើយ​ក្នុង​​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​នៃ​សុន្ទរកថា លោក​ប្រធានាធិបតី​ចូ បៃ​ដិន បាន​ឆ្លើយតប​ដោយ​សន្យា​ផ្តល់​សព្វាវុធ​ថ្មី​តម្លៃ ១ ពាន់​លាន​ដុល្លារ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង “​ឧក្រិដ្ឋជន​សង្គ្រាម​”​នៃ​ទាហាន​ឈ្លាន​​ពាន​របស់​វ្ល៉ា​ឌី​មៀរ ពូ​ទីន​។​

​សុន្ទរកថា​តាម​វីដេអូ​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែន​ពី​ទីក្រុង​គៀ​វដែល​កំពុង​មាន​ការ​ប្រយុទ្ធ​គ្នា​ដែល​ជំរុញ​ដោយ​វីដេអូ​ទូរទស្សន៍​ដ៏​គួរឱ្យ​រន្ធត់​នៃ​ជន​ស៊ីវិល​អ៊ុយ​ក្រែន​រង​ការវាយលុក​ពី​រុស្ស៊ី​បាន​ផ្តល់​នូវ​អារម្មណ៍​​ឈឺចាប់​ដល់​សមាជិក​សភា​អាម៉េរិក​។​

​ដោយ​មាន​ពុកចង្ការ​និង​ស្លៀកពាក់​អាវយឺត​ពណ៌​បៃតង​យោធា មេដឹកនាំ​អ៊ុយ​ក្រែន​បាន​រំលឹក​អំពី​ព្រឹត្តិការណ៍​ថ្ងៃទី ១១ ខែ​កញ្ញា និង​ការវាយប្រហារ​កំពង់ផែ​ភៀ​ល​ហាបឺ (Pearl Harbor)​ខណៈ​ដែល​​គាត់​អង្វរ​ម្តង​ទៀត​ឱ្យ​មាន​តំបន់​ហាម​ហោះហើរ​ដាក់ចេញ​ដោយ​លោកខាងលិច ដើម្បី​រារាំង​យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី ដែល​នេះ​ជា​អ្វី​ដែល​លោកបៃ​ដិនបាន​ច្រាន​ចោល​ដាច់​ខាត​ព្រោះវា​អាច​នាំ​ទៅរក “​សង្គ្រាមលោកលើកទី ៣”​។​

​ជាង​បី​សប្តាហ៍​ចូលទៅក្នុង​សង្គ្រាម​ដែល​បាន​ឆក់យក​ជីវិត​ជន​ស៊ីវិល​រាប់រយ​នាក់​និង​បានប្រែក្លាយ​ជនជាតិ​អ៊ុយ​ក្រែន​ជាង​បី​លាន​នាក់​ទៅ​ជា​ជនភៀសខ្លួន​លោក​ហ្សេ​លេន​ស្គី​បាន​និយាយថា​ប្រទេស​របស់​​គាត់​កំពុង​ប្រយុទ្ធ​ជាមួយ “​ភេរវ​កករ​ដែល​អឺរ៉ុប​មិន​ធ្លាប់​បានឃើញ​…​អស់​រយៈពេល ៨០ ឆ្នាំ​”​។​

​ដោយ​រំលឹក​ពី​ការ​វាយឆ្មក់​តាម​អាកាស​ដែល​បាន​នាំ​សហរដ្ឋ​អាម៉េរិក​ចូលទៅក្នុង​សង្គ្រាមលោកលើកទីពីរ លោក​បាន​និយាយថា “​ចូរ​ចងចាំ​ព្រឹត្តិការណ៍​កំពង់ផែ​ភៀ​លហា​បឺ​នៅ​ព្រឹក​ដ៏​គួរ​ឱ្យ​ភ័យខ្លាច​នៅ​ថ្ងៃទី ៧ ខែ​ធ្នូ​ឆ្នាំ ១៩៤១ នៅពេល​ដែល​មេឃ​របស់​អ្នក​ប្រែជា​ខ្មៅ​ងងឹត​ដោយសារ​តែ​យន្តហោះ​ជាច្រើន​វាយប្រហារ​អ្នក​”​។​

​លោក​បាន​និយាយថា “​សូម​ការពារ​មេឃ​របស់​យើង​”​។​

​ប៉ុន្តែ​ដោយ​យល់​ពី​កង្វល់​របស់​លោក​ខាងលិច លោក​ហ្សេ​លេន​ស្គី​បាន​បន្ថែមថា ជម្រើស​ជំនួស​សម្រាប់​តំបន់​គ្មាន​ការហោះហើរ គឺ​ផ្តល់​អាវុធ​ដ៏​មាន​ឥទ្ធិពល​ជាង​នេះ ដើម្បី​អនុញ្ញាត​ឱ្យ​អ៊ុយ​ក្រែន​ការពារ​ខ្លួន​។​

​ប៉ុន្មាន​ម៉ោង​ក្រោយមក លោកបៃ​ដិនបាន​ផ្តល់​ការឆ្លើយត​បរប​ស់​គាត់ គឺ ជំនួយ​យោធា​បន្ថែម​ចំនួន ៨០០ លាន​ដុល្លារ ដែល​បន្ថែម​ទៅលើ​ជំនួយ​មួយ​ផ្សេង​ទៀត​កាលពី​សប្តាហ៍​មុន​ដោយ​នាំ​ឱ្យ​ជំនួយ​យោ​​ធា​ចុងក្រោយ​កើន​ដល់ ១ ពាន់​លាន​ដុល្លារ និង​សរុប ២ ពាន់​លាន​ដុល្លារ​ចាប់តាំងពី​លោកបៃ​ដិន​ចូលកាន់​តំណែង​។​

​កញ្ចប់​ជំនួយ​ថ្មី​នេះ​រួមមាន​ប្រព័ន្ធ​អាវុធ​ប្រឆាំង​យន្តហោះ​ស្ទីង​ហ្គើ​( Stinger)​ចំនួន ៨០០ ដើម មី​ស៊ី​ល​ប្រឆាំង​រថក្រោះ​រាប់ពាន់​ដើម រួម​ទាំង​មី​ស៊ី​ល​ចាវើ​លីន​( Javelin)​ដ៏​ល្បី​ដែល​មាន​ស្រាប់​២០០០​ដើម ដ្រូ​ន​យុទ្ធសាស្ត្រ ១០០ គ្រឿង គ្រាប់កាំភ្លើង ២០ លាន​គ្រាប់ និង មួកសុវត្ថិភាព​និង​អាវ​ក្រោះ​២៥.០០០ ឈុត​៕

​លោក​ហ្សេ​លេន​ស្គី​អំពាវនាវ​ឱ្យ​អាម៉េរិក​ជួយ​ជា​សព្វាវុធ​បន្ថែមទៀត​កាលពី​ថ្ងៃ​ពុធ​

បៃដិន ចុះហត្ថលេខាផ្តល់សព្វាវុធតំលៃ៨០០លានដុល្លារបន្ថែមដល់អ៊ុយក្រែន