ដោយ:សុវណ្ណកុម្ភៈ/ភ្នំពេញ: ជម្រុះហ្វឹកហាត់បិទខ្ទប់ គឺជាកន្លែងត្រូវប្រមូលផ្ដុំធ្វើការលុតដំខ្លួន និងជាកន្លែងលះបង់ដ៏ធំធេងរបស់ក្រុមកីឡាករកីឡាការិនីជម្រើសជាតិ ដែលត្រៀមចូលរួមប្រកួតស៊ីហ្គេមនៅចំពោះមុខចំនួន២លើក។ នេះជាការលើកឡើងរបស់លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។
លោកបានចាត់ទុកថាកន្លែងហ្វឹកហាត់បិទខ្ទប់មិនដូចកន្លែងធម្មតា ឬ ដូចហ្វឹកហាត់នៅផ្ទះរបស់ខ្លួនឯងផ្ទាល់ឡើយ។ ផ្ទុយទៅវិញវាជាទី
ដែលត្រូវការភាពអត់ធ្មត់ព្យាយាមហេតុនេះការហ្វឹកហាត់បិទខ្ទប់នេះវាពិតជាជួបនូវការលំបាកច្រើន។ ប្រសិនបើគ្មានបញ្ហាកូវីដ១៩ ទេ នោះអ្វីៗវាពិតជាមានភាពធូរស្រាលច្រើន។ តែទោះជាយ៉ាងណាក៏យើងត្រូវតែអត់ធ្មត់ និងបន្តហ្វឹកហាត់សម្រួចបច្ចេកទេសឲ្យមានគុណផលកាន់តែល្អ ដើម្បីត្រៀមខ្លួនប្រជែងយកមេដាយពីស៊ីហ្គេមលើកទី៣១ នាខែឧសភា ឆ្នាំ២០២២នេះ។
លោកក៏ស្នើឲ្យលោកគ្រូ អ្នកគ្រូ ដែលជាជនគំរូ នៅក្នុងការដឹកនាំកីឡាករ កីឡាការិនីជម្រើសជាតិត្រូវផ្ដល់ការលើកទឹកចិត្ត ជូនដល់ពួកគាត់។ ភារកិច្ចរបស់លោកគ្រូ អ្នកគ្រូ គឺការផ្តល់នូវចំណេះជំនាញឲ្យបានខ្ពស់ហើយចំណេះជំនាញខាងផ្នែកកីឡាកម្រិតខ្ពស់ វាខុសពីចំណេះជំនាញកីឡាធម្មតា ដោយជំនាញកីឡាកម្រិតខ្ពស់ត្រូវការការសិក្សាស្រាវជ្រាវ ការធ្វើទំនើបកម្មបច្ចេកទេស និងការគោរពវិន័យ ក្រមសីលធម៌ឲ្យបានខ្ពស់ផងដែរ។ ជាមួយគ្នានេះការជំរុញទឹកចិត្តរបស់គ្រូបង្វឹកសម្រាប់កូនក្រុមខ្លួនឯងគឺជារឿងសំខាន់ដូចគ្នាទៀតផង ដើម្បីបណ្តុះឆន្ទៈហ្វឹកហាត់ឲ្យបានមុតស្រួច។
លោក វ៉ាត់ ចំរើន សង្កត់ធ្ងន់យ៉ាងដូច្នេះថា លោកគ្រូ អ្នកគ្រូបង្វឹកមិនអាច មិនរឹងមាំ ហើយក៏មិនត្រូវធ្វើឲ្យកីឡាករ កីឡាការិនី មានសតិអារម្មណ៍មិនរឹងមាំតាមលោកគ្រូ អ្នកគ្រូនោះដែរ។ពាក្យសម្តីរបស់គ្រូ ក្នុងភាពអវិជ្ជមាន នឹងជះឥទ្ធិពលទៅដល់កីឡាករ កីឡាការិនី។ ដូច្នេះ គ្រូត្រូវមានភាពវិជ្ជមាន នៅក្នុងចិត្តសាស្ត្ររបស់ខ្លួន ដោយភាពវិជ្ជមាន គឺការតស៊ូ។ ការដឹកនាំរបស់គ្រូបង្វឹកគឺជាការកំណត់វាសនាក្នុងការផ្តល់ក្តីសង្ឃឹមដល់អត្តពលិកជម្រើស
ជាតិ៕