ដោយ: វណ្ណៈ/ព្រះសីហនុ: កាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ គណៈប្រតិភូនាវាស្វ័យការពារជើងទឹកជប៉ុន ដឹកនាំដោយលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយលោកវរនាវីឯក NOGUCHI Yasushi មេបញ្ជាការកងពលធំទី១ បោសសំអាតមីន ប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានអញ្ជើញមកបំពេញទស្សនកិច្ចនៅបញ្ជាការកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ និងចូលជួបសម្តែងការគួរសមជាមួយ លោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការមូលដ្ឋានសមុទ្រ។
លោក ឧត្តមនាវីឯក អ៊ុក សីហា ថ្លែងថាក្នុងនាមនាយនាវី នាយនាវីរង និងពលនាវិក កងទ័ពជើងទឹក សូមសម្តែងនូវការអបអរសាទរ និងទទួលស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅបំផុតជូនចំពោះប្រតិភូនាវាស្វ័យការពារជើងទឹកជប៉ុន។
លោកបានលើកឡើងថា កន្លងមកមាននាវាស្វ័យការពារជើងទឹកជប៉ុន បានមកបំពេញទស្សនកិច្ចនៅមូលដ្ឋានសមុទ្រ កងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ ចំនួន១២លើកស្មើនឹងនាវាចំនួន២៧គ្រឿង ដែលបាននាំមកនូវកិច្ចសហប្រតិបត្តិការល្អ បានធ្វើលំហាត់ហ្វឹកហ្វឺនរួមដើម្បីផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក និងបានចូលរួមកិច្ចសហប្រតិបត្តិការរក្សាសន្តិភាព សន្តិសុខ និងស្ថេរភាពក្នុងតំបន់បានយ៉ាងល្អប្រសើរ។
ប្រធានប្រតិភូ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ដំណើរទស្សនកិច្ចនៅមូលដ្ឋានសមុទ្រកងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ នាពេលនេះគឺក្នុងគោលបំណង ដើម្បីពង្រឹងចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណីយ៍ និងបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរឡើង រវាងកងទ័ពជើងទឹកប្រទេសទាំងពីរ កម្ពុជា-ជប៉ុន៕