ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រធានាធិបតី ចូ បៃដិន បានហៅលោក វ្ល៉ាឌីមៀរ ពូទីន ថា ឧក្រិដ្ឋជនសង្គ្រាម ខណៈអំពើឃោរឃៅនៅអ៊ុយក្រែនបានកើនឡើង។
វាជាការថ្កោលទោសយ៉ាងខ្លាំងបំផុតចំពោះលោកពូទីននិងសកម្មភាពយោធារុស្ស៊ីពីសំណាក់មន្ត្រីអាម៉េរិកចាប់តាំងពីការលុកលុយអ៊ុយក្រែន។
ខណៈមេដឹកនាំពិភពលោកផ្សេងទៀតបានប្រើពាក្យនេះ សេតវិមានបានស្ទាក់ស្ទើរក្នុងការប្រកាសពីសកម្មភាពរបស់លោកពូទីនថាជាឧក្រិដ្ឋជនសង្គ្រាម ដោយនិយាយថាវាជាពាក្យមានទម្ងន់ច្បាប់ ដែលទាមទារឱ្យមានការស្រាវជ្រាវ។
ប៉ុន្តែនៅក្នុងសុន្ទរកថាកាលពីថ្ងៃពុធទី១៦មីនា លោកបៃដិនបាននិយាយថា ទាហានរុស្ស៊ីបានទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យនិងចាប់គ្រូពេទ្យធ្វើជាចំណាប់ខ្មាំង។ លោកបានសន្យាផ្តល់ជំនួយបន្ថែមទៀតដើម្បីជួយអ៊ុយក្រែនប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី។
លោកបៃដិនបាននិយាយថា “គាត់(ពូទីន)គឺជាឧក្រិដ្ឋជនសង្គ្រាម”។
លោកក៏បានប្រកាសដែរថា សហរដ្ឋអាម៉េរិកនឹងបញ្ជូនអាវុធប្រឆាំងយន្តហោះនិងរថក្រោះ និងដ្រូនបន្ថែមទៀតទៅកាន់អ៊ុយក្រែន ដើម្បីជួយក្នុងការការពារខ្លួនប្រឆាំងនឹងរុស្ស៊ីដោយប្រកាសការជួយនេះឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀរ ហ្សេលេនស្គីជំរុញឱ្យសហរដ្ឋអាម៉េរិកនិងប្រទេសលោកខាងលិចប្រឹងប្រែងបន្ថែមទៀតនៅក្នុងសុន្ទរកថាដ៏រំជួលចិត្តទៅសភាអាម៉េរិក៕
លោកបៃដិនហៅលោកពូទីនថាឧក្រិដ្ឋជនសង្គ្រាមកាលពីថ្ងៃពុធ