ដោយៈប.ខុន/ភ្នំពេញៈប្រឡាយដោះទឹកភ្លៀងក្នុងក្រុងព្រះសីហនុ ដែលបានកាយស្តារកាលពីឆ្នាំមុនហើយមានការគោក រាក់វិញអស់ដោយសារដី និង ខ្សាច់ហូរមកពីទីខ្ពស់ កាលពីក្នុងរដូវវស្សា និងត្រូវបានកាយស្តារឡើងវិញ ជាថ្មីដោយ មន្ទីរមន្ទីរធនធានទឹកតាមការណែនាំរបស់ អភិបាលខេត្ត ព្រះសីហនុ កាលពីក្នុងខែកុម្ភៈមកដល់ថ្ងៃទី១៧ ខែមីនា បានរួចរាល់ហើយ។
លោក ហេង សោភ័ណរិទ្ធ ប្រធានមន្ទីរធនធានទឹក និង ឧតុនិយម ខេត្តព្រះសីហនុ បានប្រាប់ឱ្យរស្មីកម្ពុជា ដឹងនៅថ្ងៃទី ១៧ ខែមីនា ឆ្នា២០២២ ថាប្រឡាយអូរឈើទាលចាប់ពីចំណុចអាងទឹកចម្រោះទឹក១៦ហិកតា ដល់ផ្លូវលេខ៨១៨៨ ដែលមន្ទីរបានចាប់ផ្តើមកាយស្តារកាលពីដើមខែកុម្ភៈ មកដល់ពេលនេះ បានរួចរាល់ហើយ និងកំពុងសម្អាតផ្លូវសងខាងប្រឡាយដោយដឹកយកចេញដីនឹងល្បាប់ដែលកាយចេញពីក្នុងប្រឡាយយកទៅចោលកន្លែងផ្សេងដោយមានចំនួនប្រមាណជា៤០០ឡាន។
ប្រធានមន្ទីរខាងលើបានឱ្យដឹងទៀតថា ការងារ ជីក កាយ ស្តារ ប្រឡាយ អូរ ឈើទាល ឡើងវិញ តាម ការណែនាំ របស់លោក អភិបាលខេត្ត ដោយ ត្រូវ ធ្វើយ៉ាងណា ឱ្យ បាន រួចរាល់ មុន រដូវភ្លៀង ធ្លាក់ ជោគជាំ មកដល់ គឺ ធ្វើទាន់ពេល នៅមានផ្លូវអាចចេញចូលគ្រឿងចក្របាន ។
លោកបន្តថា ប្រឡាយដែលស្តាររួច នេះ មានទំហំទទឹង ១៥ ម៉ែត្រ ដោយ ប្រើគ្រឿងចក្រពីរគ្រឿង។ ប្រឡាយ ផ្សេងទៀត ក៏មានការគោករាក់ដែរ តែត្រូវធ្វើដោយមន្ទីរសាធារណការ ។
គួរឱ្យដឹងថា ក្រុងព្រះសីហនុប៉ុន្មានឆ្នាំចុងក្រោយនេះ គេឃើញមានការលិចលង់ដោយជំនន់ទឹកភ្លៀងរាល់ឆ្នាំ ទោះបីជា អូរ និងប្រឡាយត្រូវបានការស្តាររួចជាបន្តបន្ទាប់ហើយក៏ដោយ នៅពេលមានភ្លៀងធ្លាក់លើសពីកម្រិត ១០០ មីលីម៉ែត្រ ក្នុងរយៈពេលខ្លីនោះដោយសារក្រុងព្រះសីហនុជា តំបន់មាន សណ្ឋានដីខ្ពស់ទាប (ភ្នំ) ធ្វើឱ្យទឹកភ្លៀងហូរគំហុកទៅកាន់ តំបន់ទំនាប នាំឱ្យមានការលិចលង់ ។
ទោះជា យ៉ាងណា បញ្ហាលិចលង់ ត្រូវបានគេមើលឃើញថាបានកាត់បន្ថយ ពីការលិចលង់ មានរយៈពេលច្រើនថ្ងៃមក នៅត្រឹម រយៈពេល ច្រើន បន្ទាប់ពីអូរ និង ប្រឡាយ ត្រូវបានកាយស្តារឡើងវិញជាបន្តបន្ទាប់រាល់ឆ្នាំរួចមក៕ .