ដោយ: សុវណ្ណកុម្ភៈ/ភ្នំពេញ: ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ លោក យី សុងគី ប្រធានមន្ទីរអប់រំកាយ និងកីឡាខេត្តបាត់ដំបង និងលោកបណ្ឌិតតាកាក់មីស៊ី ហូស៊ីកុ ប្រធានសហព័ន្ធកីឡាតុងហ្គីលម៉ូដូពិភពលោកបាន អញ្ជើញចូលរួមវិធីបិទវគ្គបណ្ដុះបណ្ដាលចៅក្រមអាជ្ញាកណ្ដាលតុងហ្គីលម៉ូដូ ដើម្បីបើកការប្រកួតកីឡាតុងហ្គីលម៉ូដូជ្រើសរើសជើងឯកថ្នាក់ជាតិ២០២១ ខេត្តបាត់ដំបង ក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភពីក្រសួងអប់រំយុវជន និងកីឡា។
លោក ចំរើន សុផល អគ្គលេខាធិការសហព័ន្ធរាយការណ៍ថា វគ្គបណ្តុះបណ្តាលរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ដែលមានសិក្ខាកាមចូលរួមចំនួន៣២នាក់និង មានការចូលរួមពីថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូមកពីបណ្តាលក្លិបនានានៅខេត្តបាត់ដំបង។ លទ្ធផល របស់ចៅក្រម អាជ្ញាកណ្ដាល ពិតជាបានមកពីការខិតខំហ្វឹកហាត់ដ៏ហ្មត់ចត់ មានការតស៊ូព្យាយាមគោរពវិន័យបានល្អ យកចិត្តទុកដាក់និងគោរព តាមបទបញ្ជាបច្ចេកទេសនៃការប្រកួត។
លោក យី សុងគី បាននិយាយថា ជាការពិតណាស់ រយៈពេល៥ថ្ងៃនៃវគ្គបណ្ដុះបណ្ដាលចៅក្រម អាជ្ញាកណ្ដាលនាពេលនេះ គឺជាការផ្ដល់ឱកាសឲ្យលោកគ្រូ អ្នកគ្រូ ដែលជាចៅក្រម អាជ្ញាកណ្ដល ទទួលបាន សមត្ថភាពពេញលេញក្នុងការត្រៀមលក្ខណៈសម្រាប់ការរៀបចំការប្រកួតកីឡាតុងហ្គីលម៉ូដូជ្រើសរើសជើងឯកនាពេលខាងមុខនេះ។
លោក ហាជីមិ សៃតុ ប្រធានសហព័ន្ធកីឡាតុងហ្គីលម៉ូដូពិភពលោកបានមានប្រសាសន៍ថា លោកគ្រូ អ្នកគ្រូ និងប្អូនៗទាំងអស់ខិតខំយកចិត្តទុកដាក់បន្ថែម និងផ្សព្វផ្សាយកីឡានេះឲ្យទៅកាន់បណ្ដាខេត្តឲ្យកាន់តែទូលំទូលាយទូទាំងប្រទេសកម្ពុជា។ ដោយធ្វើការពន្យល់អំពីសារសំខាន់របស់កីឡាតុងហ្គីលម៉ូដូ និងប្រវត្តិ ព្រមទាំងចក្ខុវិស័យលើកស្ទួយកីឡាតុងហ្គីលម៉ូដូ ក្នុងការចូលរួមការប្រកួតSEA GAMES ខាងមុខនេះ៕