ប្រែសម្រួល : កញ្ញាដាលីស (បាល់ទាត់) ៖ ក្រុមអ្នកមានបុណ្យ Barcelona ដែលមានប្រៀបឈ្នះយ៉ាងលើសលប់លើ Galatasaray កាលពីជើងទី១នៃ UEFA Europa Leagueវគ្គ១៦ក្រុមចុងក្រោយ បានត្រឹមស្មើ ០-០ ប៉ុន្តែថ្ងៃនេះការឆ្លើយតបរបស់ពួកគេលើក្រុមមកពីតួកគីគឺច្បាស់ជាខ្លាំងក្លាជាងជើងទីមួយ។ ហើយក្រុមញញួរធំ West Ham ដែលចាញ់ Sevilla កាលពីជើងទីមួយ១-០ ក៏ត្រូវតែប្រឹងប្រែងវាយបកយកឈ្នះវិញផងដែរ ដែលរឿងនេះជាការលំបាកខ្លាំងណាស់សម្រាប់ពួកគេ ព្រោះ Sevilla ជាគីឡូធ្ងន់ចាស់វស្សាមួយនៅអឺរ៉ុប។
ដោយឡែកក៏មានការប្រកួត UEFA Conference League និង English Premier League នៅរាត្រីថ្ងៃព្រហស្បតិ៍នេះដែរ ក៏ប៉ុន្តែយើងនឹងលើកយក២គូក្នុង EL មកវិភាគប៉ុណ្ណោះ។
– Galatasaray vs Barcelona
ការភ្ញាក់ផ្អើលពិតប្រាកដរំពឹងផ្ទុះឡើងនៅក្នុងនិងជុំវិញកីឡដ្ឋាន NEF Stadyumu នៅយប់ថ្ងៃព្រហស្បតិ៍នេះ នៅពេលដែលក្រុមយក្សអេស្ប៉ាញ Barcelona មកសួរសុខទុក្ខដល់ទីក្រុងអ៊ីស្តង់ប៊ុលសម្រាប់ការប្រកួតជើងទី២នៃ UEFA Europa League វគ្គ ១៦ ចុងក្រោយរបស់ពួកគេ។
អ្វីដែលធ្វើឱ្យអារម្មណ៍កាន់តែរំភើបសម្រាប់អ្នកគាំទ្រក្នុងប្រទេសតួកគី គឺ Galatasaray បានទប់អ្នកមានបុណ្យ ០-០ កាលពី៧ថ្ងៃមុននៅកីឡដ្ឋាន Camp Nou ដោយធ្វើឱ្យឱកាសឡើងវគ្គបន្ទាប់មានស្មើគ្នា ៥០/៥០ នៅទឹកដីផ្ទាល់របស់ពួកគេនៅយប់នេះ។
ក្រុម Galatasaray ទើបតែយកឈ្នះលើគូប្រជែងជូរចត់ Besiktas ២-១ ក្នុងការប្រកួតបាល់ទាត់ដ៏ធំបំផុតរបស់តួកគីកាលពីយប់ថ្ងៃចន្ទ ដូច្នេះវាបានបន្ថែមអារម្មណ៍កាន់តែរំភើបរីករាយថែមទៀតមុនជំនួបទល់នឹង Barcelona ។
ខ្សែបម្រើ ការេម អាក់តួកូគ្លូ (Kerem Akturkoglu) គឺជាវីរបុរសស៊ុតចូល២គ្រាប់ក្នុងឱកាសនោះ ហើយក្រសែភ្នែកគ្រប់គ្នានឹងសម្លឹងមើលគាត់មុនពេលការប្រកួតជាមួយក្រុមអេស្ប៉ាញថ្ងៃនេះ។
Barcelona ក៏មានស្មារតីខ្ពស់មោះមុតផងដែរមុនចូលរួមការប្រកួតយប់នេះ បន្ទាប់ពីយកឈ្នះលើ Osasuna ៤-០។
កីឡាករ អូស្មាន ដិមបេឡេ (Ousmane Dembele) បានលេងយ៉ាងអស្ចារ្យជាមួយនឹងការបញ្ជូនបាល់ស៊ុត៣ដងដ៏អស្ចារ្យ ខណៈកីឡាករ ហ្វើរ៉ាន់ តូរ៉េស (Ferran Torres) ស៊ុតចូល២គ្រាប់ម្នាក់ឯង។ ខ្សែប្រយុទ្ធ ពៀរ៉េ-អេមឺរិក អូបាមេយ៉ាង (Pierre-Emerick Aubameyang) ក៏រកបាន១គ្រាប់សម្រាប់កងទ័ពស្រួចរបស់លោកហ្សាវីផងដែរ។
ក្រុមអ្នកមានបុណ្យបានឈ្នះ ៥ ដង និងស្មើមួយក្នុងចំណោម ៦ ប្រកួតចុងក្រោយនៅទូទាំងការប្រកួតគ្រប់ក្របខ័ណ្ឌ ដោយស៊ុតបញ្ចូលទីជាមធ្យម ៤ គ្រាប់ក្នុងការប្រកួត ៤ លើកក្នុងចំណោម ៦ ប្រកួតចុងក្រោយ។
ពួកគេក៏បានគ្របដណ្តប់ការប្រកួតជើងទីមួយផងដែរ ហើយវាជាការត្រឹមត្រូវក្នុងការនិយាយថាពួកគេសមនឹងទទួលបានជ័យជម្នះនៅទឹកដី Camp Nou។ តើក្រុមអ្នកមានបុណ្យអាចបន្តភ្លាត់ស្នៀតម្តងទៀតទេយប់នេះនៅទឹកដី Galatasaray ? ចម្លើយគឺប្រហែលជាមិនអាចទេ។
ក្រុមអ្នកមានបុណ្យគួរតែមានឱកាសឈ្នះខ្ពស់ថ្ងៃនេះ ដោយដឹងថា Galatasaray បានរបូតគ្រាប់បាល់យ៉ាងហោចណាស់មួយគ្រាប់ក្នុងការប្រកួត ៨ លើកចុងក្រោយនៅលើទឹកដីខ្លួនឯង។
លទ្ធផលព្យាករណ៍ Barcelona ឈ្នះ ៤-០។
– West Ham vs Sevilla
West Ham United នឹងព្យាយាមវាយបកយកឈ្នះវិញលើលទ្ធផលចាញ់ ១-០ ទល់នឹង Sevilla ក្នុងការប្រកួតជើងទី២នៃ UEFA Europa League វគ្គ ១៦ ក្រុមចុងក្រោយរបស់ពួកគេនៅយប់ថ្ងៃព្រហស្បតិ៍នៅឯកីឡដ្ឋាន London។
ទោះយ៉ាងណា ក្រុមអង់គ្លេសមួយនេះនឹងមានភារកិច្ចតឹងតែងជាងការរំពឹងទុកក្នុងឱកាសនេះ ព្រោះពួកគេទំនងជាពុំមានកីឡាករសំខាន់ៗជាច្រើនក្នុងក្រុមជម្រើសដំបូងទេ។
កីឡាករល្អបំផុតរបស់ West Ham រដូវកាលនេះ គឺ ចារ៉ូដ បូវិន (Jarrod Bowen) បានរងរបួស ហើយនឹងមិនជាប់ជម្រើសនៅទីនេះទេ ខណៈដែលកីឡាករដូចជា វ្ល៉ាឌីមៀរ ឃូហ្វាល់ (Vladimir Coufal) មីខាអ៊ីល អង់តូនីញ៉ូ (Michail Antonio) និងអារ៉ុន ក្រេសវែល (Aaron Cresswell) សុទ្ធតែអាចអវត្តមាន ដោយសាររបួសស្រាលផងដែរ។
ក្រុមញញួរធំនៅតែមានឱកាសប្រជែងយកចំណាត់ថ្នាក់កំពូលទាំងបួនសម្រាប់ចុងបញ្ចប់នៃរដូវកាល Premier League ឆ្នាំនេះជាមួយនឹងជ័យជម្នះ ២-១ លើក្រុម Aston Villa កាលពីយប់ថ្ងៃអាទិត្យក្នុងទីក្រុងឡុងដ៍។
កីឡាករ អង់ឌ្រី យ៉ាម៉ូលេនកូ (Andriy Yarmolenko) និងប៉ាប្លូ ហ្វូណាល់ (Pablo Fornals) រកបានម្នាក់១គ្រាប់កាលពីចុងសប្តាហ៍។ ទោះយ៉ាងណាក៏ដោយ វាជារឿងសំខាន់ក្នុងការទទួលស្គាល់ថា កូនក្រុមរបស់លោកដេវីត ម៉យ ជាទូទៅបានធ្លាក់ចុះទម្រង់លេងនាពេលថ្មីៗនេះ។
West Ham បានចាញ់ការប្រកួត៣លើកជាប់ៗគ្នានៅមុនពេលទទួលជ័យជម្នះលើក្រុម Aston Villa ។
Sevilla ក៏មិនសូវមានទម្រង់លេងល្អជាងញញួរធំប៉ុន្មានដែរ។ ពួកគេបានត្រឹមស្មើ ១-១ នៅក្រៅដីនៅឯកីឡដ្ឋានរបស់ Rayo Vallecano កាលពីថ្ងៃអាទិត្យ ដើម្បីដេញតាម ១០ ពិន្ទុពីក្រោយក្រុមលេខ១ Real Madrid ដែលបានយកឈ្នះលើក្រុម Mallorca យ៉ាងងាយស្រួលកាលពីយប់ថ្ងៃចន្ទ។
ដូច្នេះ Sevilla បានស្មើ ៣ ដងក្នុងចំណោមការប្រកួត La Liga ៤ លើកចុងក្រោយ។ ពួកគេក៏បានចាញ់ការប្រកួតជើងទី២នៃការប្រកួត Europa League វគ្គ ៣២ ចុងក្រោយជាមួយនឹងក្រុម Dinamo Zagreb (១-០) ក្នុងរដ្ឋធានីក្រូអាស៊ីផងដែរ។
កូនក្រុមដែលដឹកនាំដោយជូលេន ឡូប៉េតេហ្គី (Julen Lopetegui) មិនបានឈ្នះនៅក្រៅទឹកដីចំនួន ៧ លើកចុងក្រោយក្នុងគ្រប់ការប្រកួតទាំងអស់។
យោងលើទម្រង់លេងធ្លាក់ចុះដូចគ្នា យើងរំពឹង West Ham មានលទ្ធភាពយកឈ្នះលើ Sevilla ព្រោះមានប្រៀបក្នុងទឹកដី។
លទ្ធផលទស្សន៍ទាយ ៖ West Ham ឈ្នះ២-១៕
Barcelona នៅតែរំពឹងឈ្នះខ្ពស់លើ Galatasaray ត្បិតលេងនៅក្រៅទឹកដីយប់នេះ