ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អ៊ុយក្រែននិងរុស្ស៊ីកំពុងធ្វើឱ្យមានវឌ្ឍនភាព “ដ៏សំខាន់” ឆ្ពោះទៅរកការព្រមព្រៀងបទឈប់បាញ់និងការដកទ័ព ជាមួយនឹងសេចក្តីព្រាងកិច្ចព្រមព្រៀង ១៥ ចំណុចដើម្បីសន្តិភាព។
ឯកសារនេះនឹងឃើញទីក្រុងគៀវយល់ព្រមចំពោះអព្យាក្រឹតភាពនិងទទួលយកការរឹតត្បិតលើយោធារបស់ខ្លួនដើម្បីបញ្ឈប់ការវាយប្រហារដ៏ព្រៃផ្សៃប្រឆាំងនឹងជនស៊ីវិលរបស់ខ្លួនដោយកងកម្លាំងរបស់លោកពូទីន។
វាក៏នឹងឃើញលោកវ៉ូឡូឌីមៀរ ហ្សេលេនស្គីបោះបង់មហិច្ឆតាចង់ចូលរួមអង្គការណាតូផងដែរ ហើយសន្យាថានឹងមិនធ្វើជាម្ចាស់ផ្ទះមូលដ្ឋានយោធាឬសព្វាវុធរបស់លោកខាងលិចជាថ្នូរនឹងការធានាសន្តិសុខ។
ប្រភព ដែលនិយាយសង្ខេបអំពីកិច្ចពិភាក្សានេះ បានប្រាប់កាសែត Financial Timesថា លក្ខខណ្ឌមួយផ្សេងទៀតគឺរួមបញ្ចូលសិទ្ធិតម្កល់ភាសារុស្ស៊ីសម្រាប់ប្រើនៅក្នុងប្រទេសអ៊ុយក្រែន។
ប៉ុន្តែចំណុចជាប់គាំងដ៏ធំបំផុតនៅតែជាការទទូចរបស់រុស្ស៊ីឱ្យអ៊ុយក្រែនទទួលស្គាល់តំបន់គ្រីមេជាទឹកដីរុស្ស៊ីនិងឯករាជ្យភាពរបស់តំបន់លូហានស៍និងដូណិតស៍។
លោកពូទីនបានទទូចថាតំបន់ដុនបាសទាំងមូល(លូហានស៍និងដូណិតស៍)គួរតែបំបែកចេញពីអ៊ុយក្រែន ហើយមិនត្រឹមតែផ្នែកដែលកាន់កាប់ដោយកងកម្លាំងឧទ្ទាមគាំទ្រដោយក្រុងមូស្គូមុនពេលការប្រយុទ្ធគ្នាផ្ទុះឡើងនោះទេ។
សំណើនេះត្រូវបានពិភាក្សាពេញលេញជាលើកដំបូងកាលពីថ្ងៃចន្ទ ហើយភាគីទាំងពីរនិយាយថា វឌ្ឍនភាពត្រូវបានធ្វើឡើង។
ប៉ុន្តែក្រុមមន្ត្រីអ៊ុយក្រែននៅតែមានមន្ទិលថា លោកពូទីននឹងមិនគោរពតាមកិច្ចព្រមព្រៀង ហើយវិមានក្រឹមឡាំងប្រហែលជាព្យាយាមស៊ីពេលដើម្បីប្រមូលកម្លាំងឡើងវិញមុនពេលបើកការវាយលុកមួយទៀត។
ប្រភពអ៊ុយក្រែនបានប្រាប់សង្ខេបអំពីកិច្ចពិភាក្សានេះថា “វាទំនងជាជាការបោកបញ្ឆោតនិងការបំភ័ន្ត។ ពួកគេនិយាយកុហកអំពីអ្វីៗគ្រប់យ៉ាង – តំបន់គ្រីមេ ការកសាងកម្លាំងទ័ពនៅតាមព្រំដែន និង ការនិយាយភូតអំពីការលុកលុយ”។
ពួកគេបានបន្ថែមថា “យើងត្រូវដាក់សម្ពាធលើពួកគេរហូតដល់ពួកគេគ្មានជម្រើសផ្សេងទៀត”។
ប៉ុន្តែប្រភពរុស្ស៊ីមួយបាននិយាយថា ដំណោះស្រាយដែលបានស្នើឡើងនេះអាចផ្តល់ឱ្យភាគីទាំងពីរនូវមធ្យោបាយដើម្បីប្រកាសពីជ័យជម្នះពីសង្គ្រាមដ៏ឃោរឃៅនេះ៕
កិច្ចព្រមព្រៀង ១៥ ចំណុចរបស់ពូទីន ទាមតារអោយលោកវ៉ូឡូឌីមៀរ ហ្សេលេនស្គីបោះបង់មហិច្ឆតាចង់ចូលរួមអង្គការណាតូផងដែរ