ដោយ៖តារារិទ្ធ/ព្រៃវែង៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថាការសម្រេចលុបចោលការបញ្ជាក់ធ្វើតេស្តរកកូវីដ១៩ តាមម៉ាស៊ីន PCR មុនចូលមកកម្ពុជារយៈពេល៧២ម៉ោង,ការលុបចោលការធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជា និង ការអនុញ្ញាតឱ្យដំណើរមកដល់ប្រទេសកម្ពុជាអាចបន្តដំណើរដោយ​សេរី និង​ ការផ្តល់ការទិដ្ឋាការដល់ជនបរទេសពេលមកដល់កម្ពុជាគឺដើម្បីសម្រួលដល់ការទាក់ ទាញវិនិយោគ ការធ្វើធុរកិច្ចនិងទាក់ទាញទេសចរណ៍រួមទាំងកាត់បន្ថយនូវការ ចំណាយធ្វើដំណើរ ។ ការសម្រេចនេះចាប់អនុវត្តន៍ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះតទៅ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងបែបនេះក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS»ស្ថិតនៅក្នុងទីរួមខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាយើងបានចាត់វិធានអនុវត្តន៍ការបន្ធូរបន្ថយលក្ខខណ្ឌតម្រូវចូលមកកម្ពុជាទី១.គឺមិនតំរូវអោយអ្នកមកពីក្រៅប្រទេសមានការធ្វើតេស្ត PCR រយៈពេល ៧២ ម៉ោងទៀតទេ ។ លើកលែងទី២.មកដល់ព្រលានយន្តហោះរបស់យើងមិនបាច់ធ្វើតេស្តរហ័សទៀតនោះទេ ,ឥឡូវនេះគេមកដល់ព្រលានយន្តវ៉ៃប៉ាស្ព័រយក វ៉ាលីរួចចេញដំណើរទៅ ។ ការលើកលែងទី៣.មិនចាំបាច់ទៅយកវីសារនៅតាមប្រទេសណាទេគឺយក វីសារនៅពេលមកដល់ព្រលានយន្តហោះតែម្ដង ។ សម្តេចតេជោបន្តថានេះ ក៏ជាការបន្ធូរបន្ថយដល់ពលរដ្ឋយើងចេញទៅក្រៅប្រទេសនិងពីក្រៅប្រទេ សមកក្នុងប្រទេសផងដែរ ។

សម្តេចតេជោបន្តថា៖«ឥឡូវនេះបងប្អូនជនរួមជាតិកម្ពុជារបស់យើងមិនថាបងប្អូនខ្មែរចេញទៅក្រៅប្រទេសឬបងប្អូនខ្មែរនៅក្រៅប្រទេសត្រឡប់ មកប្រទេសរបស់ខ្លួនទេគឺមិនចាំបាច់មានការបញ្ជាក់យើងមិនមានតម្រូវការបញ្ជាក់រឿងនេះទេពេលមកដល់គឺក៏មិនចាំបាច់ធ្វើចត្តាឡីស័កឬខ្វេះច្រមុះទៀតនោះទេព្រោះខ្វេះច្រមុះនេះវាមិនត្រឹមតែឈឺចាប់ទេគឺវាអស់លុយមួយថ្ងៃៗរាជរដ្ឋាភិបាលចាយលុយច្រើនណាស់​,ឯណាឧបករណ៍ធ្វើតេស្ត,ឯណាទៀតសម្លៀកបំពាក់សម្រាប់ធ្វើតេស្តក៏វារំខានទៅដល់ការងារដើម្បីសម្រួលការងារនេះដើម្បីទាក់ទាញការធ្វើវិនិយោគនិងអ្នកមកធ្វើធុរកិច្ចក៏ដូចជាទេសចរណ៍នៅកម្ពុជា» ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថាចំណុចអស់ទាំងនេះគឺជាចំណុចដែលយើងនៅតែបន្តក្នុងការធ្វើសកម្មភាពឆ្ពោះទៅមុខដើម្បីគោលដៅនៃការអភិវឌ្ឍគឺរៀនរស់ជាមួយនឹង កូវីដ១៩។

ជាមួយគ្នានេះសម្តេចតេជោហ៊ុន សែន នៅតែអំពាវនាវជាថ្មីសូមឲ្យបងប្អូនប្រជាពលរដ្ឋបន្តការពារខ្លួនពីជំងឺកូវីដ១៩ តាមរយៈវិធានសុខាភិបាល៣ ការពារ ៣កុំនិងអ្នកដែល ដល់ ពេលត្រូវចាក់វ៉ាក់សាំងសូមនាំគ្នាទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឲ្យបានគ្រប់ៗគ្នា។

សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជាក៏បានបញ្ជាក់ផងដែរថារហូតដល់ពេលនេះកម្ពុជាសម្រេចបានអត្រាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជា ជនក្នុងអត្រាខ្ពស់ស្មើនឹងជាង ៩២ភាគរយនៃប្រជាជន១៦លាននាក់៕