ដោយៈដេប៉ូ/ភ្នំពេញ៖ ក្រសួងការងារនៅថ្ងៃទី១៧ ខែ មីនា ឆ្នាំ២០២២នេះបានចេញសេចក្តីបំភ្លឺស្តីពីការស្នើសុំកិច្ចអន្តរាគមន៍តាមផ្លូវច្បាប់ដោះលងអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ចំនួន ៣នាក់ ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។
យោងតាមសេចក្តីជូនដំណឹងនេះក្រសួងការងារបានបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ អតីតបុគ្គលិកនៃក្រុមហ៊ុន ណាហ្គាវើលដ៍ ចំនួន ៣នាក់ រួមមានឈ្មោះលោក ជួប ចាន់ណាត, លោក សេង វណ្ណារិទ្ធ និង លោក សៅ សម្បត្តិ បានធ្វើលិខិតមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្នើ សុំជួយផ្ដល់កិច្ចអន្តរាគមន៍តាមផ្លូវច្បាប់ឱ្យពួកគាត់បាននៅក្រៅឃុំជា បណ្ដោះ អាសន្ន។ ដើម្បីបានចូលរួមស្វែងរក ដំណោះស្រាយ និងឈានទៅបញ្ចប់វិវាទការងារនៅក្រុមហ៊ុន ណាហ្គាវើលដ៍ និងបានសន្យាថា សហការជាមួយ អាជ្ញាធរក្នុងការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាល មិនរារាំងការយកសំណាក មិនធ្វើការប្រមូលផ្តុំ ឬដឹកនាំតវ៉ាណាមួយដែលធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គមជាតិនោះឡើយ។
ក្រសួងបានបន្តឱ្យដឹងថា ដើម្បីបន្តសម្របសម្រួលដោះស្រាយបញ្ចប់វិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ ដូចដែលក្រសួង បានខិតខំនាពេលកន្លងមក និងយោងតាមលិខិតស្នើសុំខាងលើ ក្រសួងបានធ្វើលិខិតទៅក្រសួងយុត្តិធម៌ និង បានចម្លងជូនក្រសួងសុខាភិបាល ហើយក្រសួងយុត្តិធម៌ក៏បានធ្វើលិខិតទៅសាលាដំបូងរាជធានីភ្នំពេញ ស្រប តាមនីតិវិធីច្បាប់រួចហើយដែរ។ ប៉ុន្តែ មេធាវីរបស់អតីតបុគ្គលិកទាំង ៣នាក់ មានការយឺតយ៉ាវក្នុងការដកពាក្យ បណ្ដឹងរបស់ខ្លួននៅសាលាឧទ្ធរណ៍ ដែលធ្វើឱ្យរាំងស្ទះដល់ដំណើរការនីតិវិធីតាមផ្លូវច្បាប់។ ដូច្នេះដើម្បីអាចអនុវត្តតាមនីតិវិធីតាមផ្លូវច្បាប់ក្នុងការដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន អតីតបុគ្គលិកទាំងបីនាក់ និង មេធាវីតំណាង ត្រូវផ្តល់ការសហការនិងដកពាក្យបណ្ដឹងរបស់ខ្លួននៅសាលាឧទ្ធរណ៍ ជាមុនសិន។ ដោយឡែក នៅព្រឹកនេះ អតីតបុគ្គលិកទាំងបីនាក់ កំពុងស្នើសុំដកពាក្យបណ្ដឹងរបស់ខ្លួននៅសាលាឧទ្ធរណ៍។ ដូចនេះ តាមនីតិវិធីច្បាប់ ក្រសួងរំពឹងថា អតីតបុគ្គលិកទាំងបីនាក់ អាចនឹងត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្នពេលឆាប់ៗនេះ៕សរន-PC