ដោយ: ឬទ្អិសិក្តិ/ភ្នំពេញៈ ប្រជាពលរដ្ឋរស់នៅភូមិ ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានដាក់ពាក្យបណ្តឹងទៅប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ សុំជួយដោះស្រាយនិងចាត់វិធានការទប់ស្កាត់ជាបន្ទាន់ទៅលើព្រះចៅអធិការវត្តប្រជុំសាគរ (ថ្មី) ព្រះនាម ជា សុខស៊ីណាត ដែលបានដឹកនាំព្រះសង្ឃក្នុងវត្តនិងកម្មករ កំពុងប្រើហិង្សាមកលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិតនិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិទាំងបំពាន ស្ថិតនៅចំណុចក្រោយវត្តប្រជុំសាគរ (ថ្មី) ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ការដាក់ពាក្យបណ្តឹងនេះ បានធ្វើឡើងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ បន្ទាប់ពីព្រះចៅអធិការវត្តប្រជុំសាគរ កាលពីថ្ងៃទី១៦ ខែមីនា បានដឹកនាំព្រះសង្ឃក្នុងវត្ត និងកម្មករ ប្រើហិង្សាមកលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិតនិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។
យោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋឈ្មោះ សុខ ឈែ បានជម្រាបជូនប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញថា កាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ព្រះចៅអធិការវត្ត ព្រះនាម ជា សុខស៊ីណាត បានដឹកនាំ ព្រះសង្ឃនិងកម្មករជាច្រើននាក់មកធ្វើសកម្មភាពវាយរបងផ្ទះនាងខ្ញុំ ហើយជីករណ្តៅបំពានលើដីនាងខ្ញុំ ធ្វើរបងបិទច្រកទ្វារចេញចូលផ្ទះនិងឃ្លាំងនាងខ្ញុំ ក្នុងគោលបំណងយកដីផ្លូវសាធារណៈជាប់របងដីនាងខ្ញុំ ដែលឪពុកម្តាយនាងខ្ញុំនឹងប្រជាពលរដ្ឋជាច្រើនគ្រួសារទៀតបានប្រើប្រាស់ចេញចូលផ្លូវនេះតាំងពីឆ្នាំ១៩៨៧ រហូតមកដល់សព្វថ្ងៃនេះ ដើម្បីយកទៅលក់ឱ្យឈ្មួញសង់ចេតិយ ទោះបីជាអាជ្ញាធរភូមិ នគរបាលប៉ុស្តិ៍ ជ្រោយចង្វារ និងអ្នកសារព័ត៌មានចុះមកសម្រួលនិងធ្វើការសម្ភាសយ៉ាងណាក៏ដោយ ក៏ព្រះចៅអធិការនិង បក្ខពួកធ្វើមិនដឹងមិនឮ នៅតែបន្តធ្វើសកម្មភាពរហូតដល់ម៉ោងជាង៧យប់ ទើបឈប់សម្រាក ហើយអាចនឹង បន្តធ្វើសកម្មភាពនៅថ្ងៃខាងមុខជាបន្តបន្ទាប់ទៀត។ ទង្វើនិងសកម្មភាពរបស់ព្រះចៅអធិការវត្តប្រជុំសាគរ (ថ្មី) និងបក្ខពួកបានបំពានដោយផ្ទាល់ទៅលើមាត្រា២៥៣ នៃច្បាប់ភូមិបាលនិងមាត្រា៤១០ (បទធ្វើឱ្យ ខូចខាតដោយចេតនា) នៃក្រមព្រហ្មទណ្ឌ។
ជាមួយគ្នានេះប្រជាពលរដ្ឋសូមប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ ជួយចាត់វិធានការ តាមផ្លូវច្បាប់ ធ្វើការទប់ស្កាត់ឱ្យព្រះចៅអធិការវត្តប្រជុំសាគរ(ថ្មី) ផ្អាកការសាងសង់ជាបណ្តោះអាសន្នរង់ ចាំការដោះស្រាយរបស់មន្ទីរធម្មការនិងសាសនាទៅតាមផ្លូវច្បាប់ ដោយក្តីអនុគ្រោះ។
ចំណែកប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញបានមានប្រសាសន៍ប្រាប់រស្មីកម្ពុជានៅរសៀលថ្ងៃទី១៧ ខែមីនានេះថា ទាក់ទងករណីអាជ្ញាធរមូលដ្ឋានបានចុះទៅធ្វើការសម្របសម្រួលសិក្សាស្រាវជ្រាវ។ ដោយលោកបានបញ្ជាក់យ៉ាងដូច្នេះថា “មកដល់ពេលនេះ អាជ្ញាធរមូលដ្ឋានកំពុងធ្វើការសម្របសម្រួលហើយ។ ហើយខាងមន្ទីរធ្វើការរួមគ្នាជាមួយអាជ្ញាធរ យើងមិនទាន់ដឹងថារឿងនឹងវាកើតមកពីអី ពីព្រោះយើងសុខដុមជាមួយគ្នាយូរហើយតាំងពីឆ្នាំ១៩៧៩ ម៉េចបានជានៅឆ្នាំ២០២២ នេះ កើតមានបញ្ហាចឹង។ ហើយឥឡូវនេះ កំពុងតែសិក្សាស្រាវជ្រាវមើលតើវាកើតហេតុចេញមកពីអី? ”។
រីឯចៅសង្កាត់ជ្រោយចង្វារបានមានប្រសាសន៍ប្រាប់រស្មីកម្ពុជាដែរថា ចំពោះរឿងនេះ មានមន្ត្រីសង្កាត់ និងអាជ្ញាធរបានចុះទៅកន្លែងកើតហេតុហើយ ដើម្បីពិនិត្យមើលករណីនេះ។ លោកបញ្ជាក់ថា “មានមន្ត្រីបងនៅនឹងហើយ បងជាប់ប្រជុំ”។
សូមជម្រាបថា កាលពីថ្ងៃទី១៦ ខែមីនា ប្រជាពលរដ្ឋបានតវ៉ារឿងព្រះចៅអធិការវត្តប្រជុំសាគរ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ធ្វើរបងបិទផ្លូវចេញចូល និងបានឱ្យកូនសិស្សវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ។ បើទោះបីអាជ្ញាធរមូលដ្ឋានចុះទៅប្រាប់អោយផ្អាកសកម្មភាពយ៉ាងណាក៏ដោយក៏ព្រះចៅអធិការវត្តប្រជុំសាគរ នៅតែបន្តសកម្មភាពដដែល។ ដោយឃើញមិនស្តាប់តាមការណែនាំសមត្ថកិច្ចក៏បានចេញពីកន្លែងកើតហេតុ។ បើទោះមានការតវ៉ាពីប្រជាពលរដ្ឋ ព្រះចៅអធិការវត្តប្រជុំសាគរ មិនបានផ្អាកសកម្មភាពធ្វើរបង និង វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋនោះទេ ។
ប្រជាពលរដ្ឋម្ចាស់ដីបានអះអាងថា “ព្រះចៅអធិការវត្តមកបំផ្លាញរបងផ្ទះខ្ញុំ ទាំងដីនេះខ្ញុំទិញរយៈពេលជិត៤០ឆ្នាំមកហើយ ។ខ្ញុំមានប្លង់រឹងត្រឹមត្រូវ ។ ហេតុអ្វីព្រះចៅអធិវត្តមួយរូបនេះមកបំផ្លាញរបងក្នុងព្រំដីរបងខ្ញុំ ហើយបានប្រាប់ទៅខាងសារពត៌មានថា ធ្វើរបងបិទច្រកចេញចូលផ្ទះរបស់ខ្ញុំ” ។
ចំណែកព្រះតេជគុណ ជា សុខស៊ីណាត ព្រះចៅអធិការវត្តប្រជុំសាគរ ដែលដឹកនាំព្រះសិស្ស និងកូនសិស្សទៅធ្វើរបង និងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋមិនធ្វើអត្ថាធិប្បាយទេ៕សរន