ដោយៈទេពកង្រី/កំពង់ឆ្នាំងៈ ប្រជាកសិករនៅក្នុងឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំងបានត្អូញត្អែរថា ទិន្នផលស្រូវឆ្នាំនេះប្រមូលបានតិច គ្រាដែលតម្លៃស្រូវនៅលើទីផ្សារមានការចុះថោក ដោយ១គីឡូថ្លៃ៧៥០រៀល បើយកទៅបូកទូទាត់តម្លៃជីរទិញដាក់ស្រែ និងតម្លៃប្រេងឡើងថ្លៃផងនោះមិនបានចំណេញទេ ។
ស្រី្តឈ្មោះ ស្រីអូន អាយុ៣៥ឆ្នាំ រស់នៅក្នុងភូមិ/ឃុំព្រៃគ្រី ស្រុកជលគីរី បានប្រាប់អោយដឹងថា ឆ្នាំនេះដល់ពេលប្រមូលផលស្រូវបានទាបដោយក្នុងមួយហិចតាប្រមូលបានត្រឹមតែ ៦០ បាវប៉ុណ្ណោះ ដែលខុសពីឆ្នាំទៅដោយក្នុង១ហិតាប្រមូលផលបាន៨០បាវហើយឆ្នាំនេះជីរខ្មៅមួយបាវថ្លៃ២២ម៉ឺនរៀល ខណៈដែលគាត់កាត់បន្ថយការដាក់ជីរតិចវិញទើបទិន្នផលស្រូវបាត់ ។
ស្ត្រីខាងលើបានអោយដឹងទៀតថាក្នុងនោះថ្លៃជួលម៉ាស៊ីនច្រូតស្រូវក្នុងមួយហិចតាតម្លៃ ៣៥ ម៉ឺនរៀល សម្រាប់ស្រូវដែលឈរតែបើស្រូវដួលដេកនោះពិបាកច្រូតក្នុងមួយហិចតាតម្លៃ ៣៨ម៉ឺនរៀល ចំពោះរូបគាត់ការទទួលផលបានតិចទៀតដូច្នេះគឺមិនបានចំណេញនោះទេ ។
ដោយឡែកស្ត្រីជាកសិករម្នាក់ទៀតឈ្មោះ យ៉ាត យ៉ាន អាយុ៤៥ឆ្នាំ រស់នៅក្នុងឃុំព្រៃគ្រី បានឱ្យដឹងដូចគ្នាថាគាត់មានដីសម្រាប់ធ្វើស្រែត្រឹមតែ២ហិតាកន្លះ ឆ្នាំនេះការធ្វើស្រែប្រាំងគាត់បានដាក់ជីរខុសដោយទិញជីរដែលមានតម្លៃថោកដាក់ស្រែ លុះដល់ពេលប្រមូលផលស្រូវបានតិចជាងឆ្នាំមុន។ ហើយស្រូវក្នុងមួយបាវមួយបានមានទម្ងន់ពី ៧៥ គីឡូទៅ ៨០គីឡូ ដោយឡែកតម្លៃទីផ្សារស្រូវឆ្នាំនេះវិញថ្លៃចាប់ពី ៩០០ រៀលទៅដល់ ១.០០០ រៀល ។
ពួកគាត់បានបញ្ជាក់ឲ្យដឹងទៀតថាការធ្វើស្រែឥឡូវនេះការភ្ជួររាស់ក៏ជួលត្រាក់ទ័រ ការច្រូតកាត់ក៏ជួលម៉ាស៊ីនច្រូត គឺត្រូវចំណាយប្រាក់ទាំងអស់ ដោយបូកផ្សំនឹងទិញជីរក៏ឡើងថ្លៃ ប្រេងបូមទឹកដាក់ស្រែក៏ឡើងថ្លៃ ដូចនេះកសិករភាគច្រើនដែលមានដីធ្វើស្រែតិចតួចនោះក៏មិនចំណេញឡើយ ។
បើយោងតាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដែលយើងទទួលបាននៅថ្ងៃទី១៧ មីនា ២០២២នេះ តម្លៃស្រូវក្នុងសប្តាហ៍នេះ គឺស្រូវចម្រុះស្ងួតជាមធ្យមតម្លៃ ១.១០០ រៀលក្នុងមួយគីឡូក្រាមដោយខ្ពស់ជាងឆ្នាំ២០២១។
ដោយឡែកស្រូវក្រអូបស្ងួតតម្លៃ១.២៨០រៀលក្នុងមួយគីឡូក្រាមស្មើនឹងឆ្នាំ២០២១៕