​ដោយៈ វណ្ណៈ​/​ព្រះសីហនុៈ នាវា​កង​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន​ចំនួន​ពីរ​គ្រឿង បាន​ចាក​ចេញពី​កំពង់ផែ​ក្រុងព្រះសីហនុ​វិញ​ដោយ​សុវត្ថិភាព​ហើយ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២២ បន្ទាប់ពី​បញ្ចប់​ទស្សនកិច្ច​ជា​មិត្តភាព​នៅ​កម្ពុជា​រយៈពេល​៣​ថ្ងៃ​រួចមក​។​

​លោក​ឧ​ត្ត​មនា​វី​ត្រី គី យ៉ា​ដេ​ត នាយសេនាធិការរង មូលដ្ឋាន​សមុទ្រ បាន​ដឹកនាំ​នាយ​នា​វី​ចំនួន​២០​រូប រួម​និង​វត្តមាន​សមត្ថកិច្ច​ចម្រុះ​គណបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្ត​ព្រះសីហនុ អញ្ជើញ​ជូន​ដំណើរ​គណៈប្រតិភូ​នាវា​កង​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន ចាក​ចេញពី​កំពង់ផែ​ប្រទេស​កម្ពុជា ក្រោយ​នាវា​នេះ​ឈប់​សំចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​អស់​រយៈពេល​៣​ថ្ងៃ ។​

​សូមបញ្ជាក់ថា នាវា​ស្វ​យ័​ការពារ ជប៉ុន ចំនួន​ពីរ​គ្រឿង ប្រចាំ​តំបន់ ឥណ្ឌូ​ប៉ាស៊ីហ្វិក ដឹកនាំ​ដោយ​លោក​វរ​នា​វី​ឯក NOGUCHI Yasushi មេបញ្ជាការ​កងពលធំ​ទី​១​បោសសំអាត​មីន ប្រចាំ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក បានធ្វើ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​៣​ថ្ងៃ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២២ ដើម្បី​រំលឹក​អបអរសាទរ ខួប​លើក​ទី​៣០ នៃ កិច្ចសហប្រតិបត្តិការ​រក្សា​សន្តិភាព នៅក្នុង​ប្រទេស​កម្ពុជា ដែល​ពេលនោះ ប្រទេស​ជប៉ុន​ក៍បាន​ប​ញ្ជូ​ន​កម្លាំង​រក្សា​សន្តិភាព​មកកាន់​ប្រទេស​កម្ពុជា​ដែរ​។​

​ក្នុងពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ប្រតិភូ​នាវា​ស្វ​យ័​ការពារ ជប៉ុន​បាន​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន និង​ធ្វើ​ទស្សនកិច្ច​នៅ​បញ្ជាការដ្ឋាន​កង​ទ​ព័​ជើង​ទឹក​មូលដ្ឋាន​សមុទ្រ​ផងដែរ​៕​