ដោយៈយោធិន/ភ្នំពេញៈឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានបង្ហាញពីសុឆន្ទៈក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យរក្សាសន្តិភាពជាមួយកម្ពុជាបើទោះបីជារហូតមកទល់ពេលបច្ចុប្បន្នចក្រភពអង់គ្លេស និងកម្ពុជាពុំទាន់មានកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិយ៉ាងណាក្តី។
លោកស្រី TINA REDSHOW ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជាបានមានប្រសាសន៍លើកឡើងពីគោល បំណងបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យរក្សាសន្តិភាពជាមួយកម្ពុជាបែបនេះក្នុងឱកាសអញ្ជើញចូលជួបសវនាការ ជាមួយនាយឧត្តមសេនីយ៍សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិនិងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ នៅស្នាក់ការមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។
លោកស្រីឯកអគ្គរាជទូតចក្រភពអង់គ្លេសដែលអមដំណើរដោយលោកវរសេនីយ៍ឯក JAMIE MURRAY នាយទាហាន
សេនាធិការទទួលបន្ទុកអាស៊ីអាគ្នេយ៍បានថ្លែងថានេះជាដំណើរទស្សនកិច្ចលើកទីមួយរបស់លោកស្រីនៅមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពដែលធ្វើឡើងស្របទៅនឹងខួបលើកទី៣០របស់ចក្រភពអង់គ្លេសក្នុងកិច្ចចូលរួមបេសកកម្មរក្សាសន្តិភាពជាសកលក្រោមឆត្រអង្គការសហប្រជាជាតិ។លោកស្រីបានវាយតម្លៃខ្ពស់ពីវីរភាពរបស់កងយោធាមួកខៀវកម្ពុជាដែលបានចូលរួមយ៉ាងសកម្មជាមួយបណ្តាប្រទេសបរិច្ចាគកម្លាំងក្នុងបេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិនិងផ្តោតជាពិសេស កម្លាំងវីរនារីមួកខៀវកម្ពុជាដែលសម្រចបានស្នាដៃធំធេងជាបន្តបន្ទាប់ក្នុងបណ្តាតំបន់បេសកកម្មរបស់អង្គការសហប្រជាជាតិដោយទទួលបានការកោតសរសើរពីសំណាក់ថ្នាកដឹកនាំអង្គការសហប្រជាជាតិ។
ជាមួយប្រសាសន៍ថ្លែងអំណរគុណចំពោះជំនួយឧបត្ថម្ភដ៏ថ្លៃថ្លាដែលចក្រភពអង់គ្លេសផ្តល់ដល់កម្ពុជាលើវិស័យបោសសម្អាតមីននាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានលើកឡើងនូវសំណូមពរតាមរយៈលោកស្រីឯកអគ្គរាជទូតក្នុងការជួយបណ្តុះបណ្តាលជំនាញឲ្យដល់កងយោធាមួកខៀវកម្ពុជា ដូចដែលបណ្តាប្រទេសជាមិត្តមួយចំនួនរួមមានៈ បារាំង ជប៉ុន អូស្ត្រាលី កាណាដា…និងដោយឡែកលើវិស័យយេនឌ័រ។
នាយឧត្តមសេនីយ៍ក៏បានលើកឡើងជាសំណូមពរផងដែរដល់ចក្រភពអង់គ្លេសក្នុងការទទួលយកសិក្ខាកាមនាយទាហានកម្ពុជាទៅធ្វើការហ្វឹកហ្វឺននៅសាលាយោធាជាន់ខ្ពស់ចក្រភពអង់គ្លេស,ជួយបណ្តុះបណ្តាលផ្នែកភាសាអង់គ្លេសឲ្យដល់ កងយោធាមួកខៀវកម្ពុជាសំដៅលើកកម្ពស់សមត្ថភាពក្នុងការធ្វើទំនាក់ទំនងតាមបណ្តាបេសកកម្មរបស់អង្គការសហប្រជាជាតិ៕សរន