ដោយៈសុផានីតា/កោះកុងៈ បណ្តាស្ថានីយ៍ប្រេង និងដេប៉ូលក់ប្រេងឥន្ធនៈក្នុងខេត្តកោះកុងបានចូលរួមរក្សាតម្លៃ បរិមាណ និងគុណភាពបានត្រឹមត្រូវល្អតាមគោលការណ៍។ នេះបើតាមការបញ្ជាក់របស់ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តកោះកុង។
លោក ហ៊ុយ ភារម្យ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តកោះកុង លើកឡើងនៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះថា តម្លៃ បរិមាណ និងគុណភាពប្រេងឥន្ធនៈនៅទូទាំងខេត្តប្រកបអាជីវកម្មដោយសុចរិតល្អ ពោលគឺមិនទាន់រកឃើញម្ចាស់ស្ថានីយ៍ ឬដេប៉ូប្រេងឥន្ធនៈណាមួយប្រព្រឹត្តខុសបទដ្ឋានបច្ចេកទេសនៅឡើយទេ សម្រាប់ខែកុម្ភៈកន្លងទៅ។
លោក ហ៊ុយ ភារម្យ បន្ថែមទៀតថា ខែកុម្ភៈ បានចុះពិនិត្យអង្កេតទៅលើស្ថានីយ៍ប្រេងប្រមាណជា១០ទីតាំងផ្សេងគ្នា។ រីឯសម្រាប់ខែមីនានេះ នៅមិនទាន់មានគោលការណ៍ពីថ្នាក់ដឹកនាំឱ្យចុះពិនិត្យអង្កេត ហើយជាទូទៅ៣ទៅ៤ខែមានគោលការណ៍ពិនិត្យម្តងតាមទីតាំងនីមួយៗ។ ប្រសិនបើរកឃើញថាម្ចាស់ស្ថានីយ៍ ឬដេប៉ូប្រេងណាប្រព្រឹត្តខុសនឹងច្បាប់នឹងត្រូវផាកពិន័យគ្មានការអនុគ្រោះនោះទេ។
លោកប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ រម្លឹកដែរថា កាលពីចុងឆ្នាំ២០២១ មន្ត្រីរបស់លោកធ្លាប់រកឃើញស្ថានីយ៍ប្រេងឥន្ធនៈប្រមាណជា៥កន្លែង ហើយរងការពិន័យជាទឹកប្រាក់ផងដែរ ហើយពួកគាត់ក៏បានចូលរួមកែប្រែកំហុសឆ្គងមកត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសល្អឡើងវិញ។
ទន្ទឹមនឹងតម្លៃប្រេងឥន្ធនៈឡើងថ្លៃ ក្រុមមន្ត្រីជំនាញ ក៏អំពាវនាវដល់ពលរដ្ឋអ្នកប្រើប្រាស់ផ្តល់ព័ត៌មានលម្អិត ករណីសង្ស័យថាស្ថានីយ៍ប្រេង ឬដេប៉ូប្រេងឥន្ធនៈធ្វើអាជីវកម្មលក់កឹបកេងបរិមាណ ឬបន្លំអំពីគុណភាពមកកាន់សាខាសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្ត ដើម្បីមានវិធានការទាន់ពេលវេលា។
បច្ចុប្បន្នតម្លៃប្រេងសាំងកំពុងតែហក់ឡើងថ្លៃខ្ពស់មិនធ្លាប់មាន ដោយសារតែវិបត្តិសង្គ្រាមរវាងរុស៊ី និងអ៊ុយក្រែន។ បញ្ហាតម្លៃប្រេងឥន្ធនៈឡើងថ្លៃនេះ ត្រូវបានពលរដ្ឋអ្នកប្រើប្រាស់បង្ហាញក្តីបារម្ភផងដែរពីបរិមាណ និងគុណភាពមិនគ្រប់ចំណុះត្រឹមត្រូវតាមស្តង់ដារកំណត់ដោយក្រសួងពាណិជ្ជកម្ម៕