ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ នៅក្នុងសុន្ទរកថាវីដេអូរំជួលចិត្តមួយនៅចំពោះមុខសភាអាល្លឺម៉ង់កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ មីនា ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានជំរុញឱ្យអាល្លឺម៉ង់ជួយបំផ្លាញ “ជញ្ជាំង” ថ្មីដែលរុស្ស៊ីកំពុងដំឡើងនៅអឺរ៉ុប។
លោកហ្សេលេនស្គីបានប្រាប់សមាជិកសភាថា “វាមិនមែនជាជញ្ជាំងទីក្រុងបែរឡាំងទេ វាគឺជាជញ្ជាំងនៅអឺរ៉ុបកណ្តាលរវាងសេរីភាពនិងការចាប់ចងហើយជញ្ជាំងនេះកាន់តែធំឡើងជាមួយនឹងរាល់គ្រាប់បែក” ដែលបានទម្លាក់លើអ៊ុយក្រែន។
ដោយយកមកប្រើឡើងវិញនូវការអំពាវនាវអំពីសង្គ្រាមត្រជាក់របស់ប្រធានាធិបតីអាម៉េរិក រ៉ូណាល់ រីហ្គែន (Ronald Reagan)នៅទីក្រុងបែរឡាំង លោកហ្សេលេនស្គីបានអង្វរអធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ សូល ថា “លោកសូលជាទីគោរព សូមវាយជញ្ជាំងនេះចោលទៅ”។
មុនពេលសុន្ទរកថារបស់គាត់ សមាជិកសភាអាល្លឺម៉ង់បានក្រោកឈរទះដៃជូនលោកហ្សេលេនស្គី។
សុន្ទរកថាតាមអនឡាញរបស់គាត់ទៅកាន់សភាអាល្លឺម៉ង់បានកើតឡើងមួយថ្ងៃបន្ទាប់ពីសុន្ទរកថាជាវីដេអូស្រដៀងគ្នានេះទៅកាន់សភាអាម៉េរិក កន្លែងដែលគាត់បានអំពាវនាវជាថ្មីឱ្យមានតំបន់ “គ្មានការហោះហើរ” នៅលើមេឃរបស់អ៊ុយក្រែនដើម្បីការពារការវាយលុកតាមអាកាសរបស់រុស្ស៊ី។
នៅក្នុងសុន្ទរកថានោះ លោកហ្សេលេនស្គីបានប្រដូចការឈ្លានពានរបស់រុស្ស៊ីលើប្រទេសរបស់គាត់ទៅនឹងការវាយប្រហារភេរវកម្មថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ នៅសហរដ្ឋអាម៉េរិកនិងការវាយប្រហារលើកំពង់ផែភៀលហាបឺ (Pearl Harbor)ក្នុងឆ្នាំ ១៩៤១ ដែលបានទាញសហរដ្ឋអាម៉េរិកចូលទៅក្នុងសង្គ្រាមលោកលើកទីពីរ៕
ប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី ថ្លែងសុន្ទរកថាទៅកាន់សមាជិកសភាអាល្លឺម៉ង់នៅថ្ងៃព្រហស្បតិ៍នេះ