ដោយ:សុខុម/ស្ទឹងត្រែង: ក្រោយពីមានការចុះសិក្សា លើគម្រោងសាង សង់ទំនប់វារីអគ្គិសនី មេគង្គស្ទឹងត្រែង ដែល មានលទ្ធភាព អាចផលិតថាមពល អគ្គិសនីបានរហូតដល់ទៅ១.៤០០មេហ្វាកាវ៉ាត់គឺជាទំនប់វ៉ារីអគ្គិសនីទី២ក្នុងខេត្តស្ទឹងត្រែង ក៏មានគម្រោងថ្មីលេចចេញដែលកំពុងស្ថិតក្នុងដំណាក់កាលចុះសិក្សាអំពីលទ្ធភាពផលិតថាមពលអគ្គីសនីនៅតាមដងទន្លេមេគង្គ។គួរបញ្ជាក់ថានៅខេត្តស្ទឹងត្រែងមានទំនប់វារីអគ្គិសនីសេសានក្រោម ២ ដែលជាទំនប់ដ៏ធំមួយនៅប្រទេសកម្ពុជាអាចផលិតថាមពលបាន៤០០មេហ្គាវ៉ាត់សាងសង់រួចរាល់មកហើយ។
យោងតាមលិខិតសំណើចុះសិក្សានោះគឺក្រុមបច្ចេកទេសហ៊ូដុងចុះសិក្សាលើភូមិសាស្ត្រដែនដីក្រុងស្ទឹងត្រែង ស្រុកថាឡាបរិវ៉ាត់ និងស្រុកបុរីអូរស្វាយសែនជ័យតាមដងទន្លេមេគង្គ។ ក្រុមបច្ចេកទេសហ៊ូដុង គឺជាក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់អ្នកឧកញ៉ាគិតម៉េង។ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបសហការជាមួយក្រុមហ៊ុនចិនធ្វើការវិនិយោគគម្រោងវារីអគ្គិសនីមេគង្គស្ទឹងត្រែងអនុភាព១.៤០០មេហ្គាវ៉ាត់នៅខេត្តស្ទឹងត្រែង ដែលចុះសិក្សាក្នុងរយៈពេល ៦ខែចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២២។
លោក ម៉ែន គុង អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង បានឲ្យដឹងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២២ថា រយៈពេលកន្លងមកនេះ ក្រុមហ៊ុនជំនាញបានទទួលគោលការណ៍ពីក្រសួងពាក់ព័ន្ធថ្នាក់ជាតិដើម្បីចុះសិក្សាសមិទ្ធិលទ្ធភាពនៃការសាងសង់ទំនប់វ៉ារីអគ្គិសនីមេគង្គស្ទឹងត្រែង។
លោក ម៉ែន គុង បានបញ្ជាក់ថា នេះគឺគ្រាន់តែជាដំណាក់កាលចុះសិក្សាសមទ្ធិលទ្ធភាពប៉ុណ្ណោះ។ គេនៅមិនទាន់ទទួលបានការអនុញ្ញាតឲ្យមានការសាងសង់ទំនប់មួយនេះជាផ្លូវការពីរដ្ឋាភិបាលនៅឡើយទេ។
ទាក់ទងទៅនឹងគម្រោងការសាងសង់ទំនប់វារីអគ្គិសនីមេគង្គស្ទឹងត្រែងនេះអ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងបាននិយាយថាប្រសិនបើអាចប្រព្រឹត្តទៅតាមគម្រោងផែនការមែននោះនឹងទទួលបានផលប្រយោជន៍ច្រើនជាងផលប៉ះពាល់។ផលប្រយោជន៍ទទួលបានមកនោះនឹងបានជួយដល់ប្រជាជនក្នុងខេត្តស្ទឹងត្រែងក៏ដូចជាក្នុងប្រទេសកម្ពុជានិងបានជួយដល់វិស័យជាច្រើនទៀត៕