ដោយ៖តារារិទ្ធ/ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យប្រធានអង្គការមូលនិធិអាស៊ី (The Asia Foundation)បន្តធ្វើការងារដែលមានស្រាប់ផងនិងស្វែងរកការងារដទៃទៀតដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាជាពិសេ សក្នុងកាលៈទេសៈកូវីដ១៩ នឹងពេលដែលកម្ពុជាកំពុងតែ បើកសេដ្ឋកិច្ចឡើងវិញ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកឡើងបែបនេះទៅកាន់ លោក David D. Arnold ប្រធានអង្គការមូលនិធិអាស៊ី (The Asia Foundation)ដែលត្រូវបានអនុញ្ញាតឲ្យចូលជួប សំដែងការគួសមនិងពិភាក្សាការងារនៅវិមានសន្តិភាពនារសៀលថ្ងៃទី ១៧ ខែ មីនា ២០២២នេះ ។

លោក អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោបានប្រាប់អ្នកយកព័ត៌មាននៅក្រោយជំនួបថាលោក David D. Arnold បានគោរពជម្រាបជូនសម្តេចតេជោអំពីសកម្មភាពរបស់ អង្គការ The Asia Foundation នៅកម្ពុជាដែលបច្ចុប្បន្នកំពុងតែយកចិត្តទុកដាក់ទៅលើការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីលើកកម្ពស់ស្ត្រីនិងយុវជន ការពង្រឹងនិងអភិបាលកិច្ចល្អ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការកសាងភាពធន់ផ្នែកបរិស្ថាន ដោយរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជាប្រកបដោយភាពសុខដុមរមនា។

ក្នុងន័យនេះលោក David បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់នូវកិច្ចសហ ប្រតិបត្តិការយ៉ាងល្អជូនដល់អង្គការ The Asia Foundation ដែលញ៉ាំងឱ្យអង្គការ The Asia Foundation បំពេញបេសកកម្មរបស់ខ្លួនបានយ៉ាងរលូននិងទទួលបានជោគជ័យ ជាបន្តបន្ទាប់ក្នុងរយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរយៈពេល៤០ឆ្នាំជាងកន្លងមកនេះនិងបានថ្លែងអំណរគុណអង្គការ The Asia Foundationជាមួយ នឹងការលើកទឹកចិត្តឱ្យអង្គការនេះបន្តធ្វើការងារផងនិងស្វែងរកការងារដទៃទៀតដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាជាពិសេសក្នុងកាលៈទេសៈកូវីដ១៩នឹងពេល ដែលកម្ពុជាកំពុងតែបើកសេដ្ឋកិច្ចឡើងវិញ ៕