ដោយ​: ជា សីហ​:/​ភ្នំពេញ​: នា​រសៀល​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២២ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ដើម្បី​ពិភាក្សា​លើ​ខ្លឹមសារ និង​ព​ន្លឿ​ន​បញ្ចប់​សេចក្ដីព្រាង​នៃ​កិច្ចព្រមព្រៀង​ស្ដីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម និង​បច្ចេកទេស​រវាង​កម្ពុជា​-​កាតា ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​សរុប​ចំនួន ១២​ស្ថាប័ន​។​

​លោក​អនុរដ្ឋលេខាធិការ លើកឡើងថា ដោយបាន​ឆ្លងកាត់​ការចរចា និង​ការត្រួតពិនិត្យ​កម្រិត​អន្តរក្រសួង ព្រមទាំង​កម្រិត​បច្ចេក​ទេស​ទ្វេភាគី​ជាច្រើន​ដង​រួចមក ក្នុង​គោលបំណង​ទាញ​អត្ថប្រយោជន៍​ជា​អតិបរមា​សម្រាប់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កាន់តែ​ស៊ីជម្រៅ​នាពេលខាងមុខ ភាគី​ទាំង​ពីរបាន​ឯកភាព​ស្ទើរតែ​ទាំងស្រុង​លើ​ខ្លឹមសារ​នៃ​សេចក្តីព្រាង​នៃ​កិច្ចព្រមព្រៀង​នេះ ហើយ​អា​ចព​ន្លឿ​ន​បញ្ចប់​សេចក្ដីព្រាង​នៃ​កិច្ចព្រមព្រៀង​ខាងលើ ដើម្បី​អាចឈាន​ដល់​ការចុះហត្ថលេខា នាពេល​វេលា​សមស្រប​ខាងមុខ​។​

​លោក បញ្ជាក់ថា សេចក្តីព្រាង​នៃ​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម និង​បច្ចេកទេស​រវាង​កម្ពុជា និង​កាតា បាន​បញ្ចូល​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អាទិភាព​សំខាន់ៗ​ជាច្រើន រួមមាន​៖ វិស័យ​ពាណិជ្ជកម្ម​, ពន្ធគយ​, វិនិយោគ​, ឧស្សាហកម្ម​, កសិកម្ម​, ទូរគមនាគមន៍​, រ៉ែ និង​ថាមពល​, វិទ្យាសាស្ត្រ​, ទេសចរណ៍​, ការដឹកជញ្ជូន​។​-​ល​-​។ កិច្ចព្រមព្រៀង​នេះ​នឹង​ផ្តល់នូវ​មូលដ្ឋាន​គតិយុត្ត​ជា​សារ​វ័​ន្ត សម្រាប់​កាលានុវត្តភាព​នៃ​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា និង​កាតា នាពេល​អនាគត សំដៅ​បង្កើន​ទំហំ​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី​ឱ្យ​កាន់តែ​ប្រសើរ​ថែម​មួយកម្រិត​ទៀត​៕​