ដោយៈសុផល/សៀមរាប៖ នៅថ្ងៃទី១៧ខែមីនានេះ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងតំណាងកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានអញ្ជើញចូលរួមប្រារព្ធនូវការពង្រីកកម្មវិធីជាតិផ្តល់ស្បៀងអាហារតាមសាលារៀន និងពិធីផ្ទេរជាផ្លូវការនូវសាលារៀនដែលអនុវត្តកម្មវិធីនេះចំនួន៨៥បន្ថែមទៀត ពីកម្មវិធីស្បៀងអាហារពិភពលោកជូនដល់រាជរដ្ឋាភិបាល។
កម្មវិធីផ្តល់ស្បៀងអាហារតាមសាលារៀនផ្តល់អាហារមានជីវជាតិដល់សិស្សដើម្បីទទួលទាននៅតាមសាលារៀន។ការទទួលទានអាហារនៅសាលារៀនមានសារសំខាន់ណាស់ ដោយបានរួមចំណែកដល់ការអប់រំតាមរយៈការបង្កើនការចុះឈ្មោះចូលរៀន វត្តមាន ការយកចិត្តទុកដាក់ និងភាពរហ័សរហួនរបស់សិស្សនៅក្នុងថ្នាក់រៀន។
កម្មវិធីនេះផ្តល់នូវរបបអាហារមានជីវជាតិដែលជួយរួមចំណែកឱ្យកុមារមានសុខភាពល្អនិងដើរតួក្នុងការលើកកម្ពស់ដោយប្រយោលនូវប្រាក់ចំណូលរបស់ក្រុមគ្រួសារដែលងាយរងគ្រោះបំផុតផងដែរ។ក្រៅពីនេះកម្មវិធីនេះក៏បានរួមចំណែកផងដែរក្នុងការជំរុញសេដ្ឋកិច្ចតាមមូលដ្ឋានតាមរយៈការដាំដុះនិងទិញដូរកសិផលនៅក្នុងសហគមន៍។
នៅកម្ពុជា កម្មវិធីផ្តល់ស្បៀងអាហារតាមសាលារៀនផ្តល់អត្ថប្រយោជន៍ដល់សិស្សថ្នាក់មត្តេយ្យ និងបឋមសិក្សាចំនួន ២៨០.០០០នាក់ នៅក្នុងសាលារៀនចំនួន ១.១១៣ នៅក្នុងខេត្តចំនួន១០។ បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាគឺជាអ្នកផ្ដល់មូលនិធិ និងចាត់ចែងកម្មវិធីនៅតាមសាលាចំនួន២៩០ (២៦%) និងបានបែងចែកថវិកាចំនួន២.៩លានដុល្លារសម្រាប់កម្មវិធីនៅក្នុងឆ្នាំនេះ។
រាជរដ្ឋាភិបាលកម្ពុជា សហការជាមួយម្ចាស់ជំនួយដទៃទៀត បានចូលរួមចំណែកផ្ដល់មូលនិធិដល់កម្មវិធីស្បៀងអាហារពិភពលោក សម្រាប់ដំណើរការកម្មវិធីនៅតាមសាលារៀនដែលនៅសេសសល់ ដោយបានផ្ដល់វិភាគទានសរុបចំនួន ២៤លានដុល្លារអាមេរិក ចាប់តាំងពីឆ្នាំ២០០៧។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា៖ “កម្មវិធីប្រគល់ជូននេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់កម្មវិធីផ្តល់ស្បៀងអាហារតាមសាលារៀននៅកម្ពុជា។ វាបង្ហាញនូវការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការពង្រីកកម្មវិធីនេះជាបណ្តើរៗ ដោយទទួលស្គាល់ពីឥទ្ធិពលជាវិជ្ជមានរបស់កម្មវិធីនេះទៅលើការអប់រំ អាហារូបត្ថម្ភ និងកិច្ចគាំពារសង្គម”។
លោករដ្ឋមន្ត្រីបានបន្ថែមថា៖ រាជរដ្ឋាភិបាលមានមោទនភាពដែលបានចូលរួមជាមួយបណ្ដាញសកលនៃកម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀន កាលពីខែសីហា ឆ្នាំ២០២១និងបានទទួលស្គាល់ថាការផ្តល់អាហារតាមសាលារៀនកាន់តែមានសារៈសំខាន់ជាពិសេសក្នុងការជួយទប់ទល់ទៅនឹងផលប៉ះពាល់ដែលបង្កដោយជំងឺរាតត្បាតទៅលើការអភិវឌ្ឍន៍ធនធានមនុស្ស។ពិធីនេះក៏ជាការបង្ហាញនូវសេចក្ដីថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានគាំទ្រដល់កម្មវិធីផ្តល់ស្បៀងអាហារតាមសាលារៀននៅកម្ពុជា តាមរយៈកម្មវិធី Mc Govern-Dole របស់ខ្លួន។ នៅក្នុងសាលាបឋមសិក្សាដូនឪ ក្នុងខេត្តសៀមរាប ដែលជាសាលាមួយក្នុងចំណោមសាលាដែលត្រូវប្រគល់ជូន គណៈប្រតិភូបានទស្សនានិងរីករាយជាមួយនឹងការតាំងពិព័រណ៍រូបថតដែលបង្ហាញពីប្រវត្តិនៃការគាំទ្រ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះកម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀននៅកម្ពុជា និងបានធ្វើទស្សនកិច្ចតាមផ្ទះបាយ និងសាលទទួលទានអាហារ ដែលសាងសង់ឡើងដោយមានការគាំទ្រពីសហរដ្ឋអាមេរិក។
លោកស្រី គ្លែរ កូណាន់ តំណាងកម្មវិធីស្បៀងអាហារពិភពលោកបានលើកឡើងថា “ការគាំទ្រសប្បុរសពី
រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលមានទឹកប្រាក់សរុបជាង៨៤លានដុល្លារ ចាប់តាំងពីឆ្នាំ២០២១ បានអនុញ្ញាតឱ្យកុមារកម្ពុជាមកពីក្រុមគ្រួសារក្រីក្រទទួលបានអាហារពេលព្រឹកដែលមានជីវជាតិ និងបានរួមចំណែកលើកកម្ពស់ការអប់រំ និងអាហារូបត្ថម្ភរបស់ពួកគេ។” លោកស្រីបានបញ្ជាក់បន្ថែមថា “អ្វីដែលជាចំណុចសំខាន់បំផុតនោះគឺ វាជាមូលដ្ឋានគ្រឹះសម្រាប់កម្មវិធីជាតិ ដោយជួយអភិវឌ្ឍសមត្ថភាពជាតិក្នុងការចាត់ចែងកម្មវិធី និងការកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ទទួលទានអាហារ ទឹកស្អាត ក៏ដូចជាអនាម័យ នៅក្នុងសាលារៀនទូទាំងប្រទេស។”
លោក Patrick W. Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវសេចក្តីសោមនស្សរីករាយ ដោយបានឃើញលទ្ធផលនៃការគាំទ្រកន្លងមករបស់សហរដ្ឋអាមេរិកសម្រាប់អាហារូបត្ថម្ភតាមសាលារៀននៅកម្ពុជា។
លោកមានប្រសាសន៍ថា «ការផ្ដល់អាហារប្រកបដោយគុណភាពតាមសាលារៀនមានសារៈសំខាន់ណាស់សម្រាប់សិស្ស និងក្រុមគ្រួសាររបស់ពួកគេ ហើយនេះគឺជាសកម្មភាពជាទីរីរាយនិងសាទរដែលក្រសួងអប់រំទទួលយកកម្មវិធីនេះ និងពង្រីកនៅតាមសាលារៀនទូទាំងប្រទេស។”