ដោយ:ពៅនិមល/ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម និងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ បានសហការគ្នារៀបចំពិធីសម្ពោធជាផ្លូវការនៃសិក្ខាសាលាថ្នាក់ជាតិផ្សព្វផ្សាយច្បាប់ស្តីពីការប្រកួតប្រជែង ដើម្បីលើកកម្ពស់ការយល់ដឹងអំពីច្បាប់នេះឲ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស ក្នុងកាដោះស្រាយករណីពាក់ព័ន្ធនឹងការប្រកួតប្រជែង។

ពិធីនេះបានប្រព្រឹត្តទៅ នៅរាជធានីភ្នំពេញ ក្រោមវត្តមានរបស់លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីលោកស្រីបណ្ឌិត Angelika Stauder លេខាទី១ ផ្នែកកិច្ចសហប្រតិបត្តិការនៃស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា, លោក Frank Tibitanzl នាយកគម្រោង “ជំរុញភាពប្រកួតប្រជែងនៅក្នុងបរិបទនៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន” (ហៅកាត់ COMPETE) នៃ GIZ, លោក Frank Jattke ប្រធានគម្រោងអាស៊ាន នៃ GIZ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិប្រមាណ ៣០០នាក់ផ្សេងទៀតមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។

សិក្ខាសាលានេះ ធ្វើឡើងក្រោមប្រធានបទ “ការលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មដោយស្មើភាព និងស្មោះត្រង់៖ ប្រសិទ្ធភាពសេដ្ឋកិច្ច និងសុខុមាលភាពអ្នកប្រើប្រាស់” ក្នុងគោលបំណងណែនាំ និងលើកកម្ពស់ការយល់ដឹងរបស់បុគ្គលធ្វើធុរកិច្ចលើច្បាប់ស្តីពីការប្រកួតប្រជែងដែលមកពីវិស័យផ្សេងៗគ្នា រួមមាន សភាពាណិជ្ជកម្មនិងសមាគមធុរកិច្ច និងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នមានសមត្ថកិច្ច និយ័តករ អ្នកប្រតិបត្តិច្បាប់ និងបុគ្គលធ្វើធុរកិច្ច ក្នុងការធានាឱ្យមានការអនុវត្តច្បាប់ និងបទប្បញ្ញត្តិនានាប្រកបដោយប្រសិទ្ធភាព ជាពិសេសលើកកម្ពស់ការធ្វើអាជីវកម្មប្រកបដោយក្រមសីលធម៌ និងការប្រកួតប្រជែងដោយស្មោះត្រង់។

រូបថត៖លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម

ក្នុងអង្គប្រជុំនេះ លោកស្រី តឹករ៉េត កំរង បានមានប្រសាសន៍ថា នៅក្នុងសម័យទំនើបនេះ ការប្រកួតប្រជែងបានក្លាយជាមូលដ្ឋាននៃសេដ្ឋកិច្ចទីផ្សារ។ ស្របគ្នានេះដែរ ការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាពនឹងកើកកម្បស់ឲ្យមានទីលានប្រកួតប្រជែងមួយដោយស្មើភាពរវាងបុគ្គលធ្វើធុរកិច្ចនៅក្នុងទីផ្សារ តាមរយៈការកំណត់នូវ “វិធានការប្រកួតប្រជែង (Rules of the Game)”ទោះបីបុគ្គលធ្វើធុរកិច្ចទាំងនោះ ជាក្រុមហ៊ុនឬសហគ្រាសធុនតូច មធ្យម ឬធំក៏ដោយ។
លោកស្រីបណ្ឌិត Angelika Stauder បានលើកឡើងថា ចំណុចសំខាន់ដែលគួរឲ្យសម្គាល់នោះ គឺច្បាប់ដែលទើបអនុម័តថ្មីនេះ មិនត្រឹមតែដើរតួនាទីក្នុងការធានាលើការបង្កើនទីផ្សារឲ្យកាន់តែបើកចំហរ និងកាន់តែសេរីប៉ុណ្ណោះទេ ប៉ុន្តែច្បាប់ស្តីពីការប្រកួតប្រជែងនេះ ក៏នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់អ្នកប្រើប្រាស់តាមរយៈការធ្វើឲ្យទំនិញ និងសេវាមានគុណភាពប្រសើរឡើង បង្កើតជម្រើសកាន់តែច្រើន និងថ្លៃទាបផងដែរ។

រូបថត៖លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ

តាមការបញ្ជាក់របស់លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) បានឲ្យដឹងថា សិក្ខាសាលានេះ គឺជាព្រឹត្តការណ៍ដ៏សំខាន់សម្រាប់អគ្គនាយកដ្ឋាន ក.ប.ប. ដែលកំពុងអនុវត្តឹតួនាទីរបស់ខ្លួនតាមការកំនត់របស់ច្បាប់ឲ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព យុត្តិធម៌ ដល់ធុរជនទាំងអស់ ដើម្បីឲ្យសេដ្ឋកិច្ច​កាន់តែមានភាពបត់បែន និងអាចស្តារឡើងវិញបាន ក្នុងអំឡុងពេល និងបន្ទាប់ពីវិបត្តិជាសកលនៃជំងឺកូវីដ១៩។

សូមបញ្ជាក់ជូនថា ច្បាប់ស្តីពីការប្រកួតប្រជែងនេះ បានដាក់ឲ្យប្រើប្រាស់ផ្លូវការបន្ទាប់ពីទទួលបានព្រះមហាក្សត្រឡាយព្រះហស្ថលេខា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១។ តាមរយៈការអនុម័តច្បាប់មួយនេះ កម្ពុជាបានបំពេញនូវកាតព្វកិច្ចរបស់ខ្លួន ស្របតាមក្របខណ្ឌអន្តរជាតិសំខាន់ៗចំនួន២គឺ ១.ការប្តេជ្ញាចិត្តបង្កើតច្បាប់ស្តិពីការប្រកួតប្រជែងនៅឆ្នាំ២០០៦ ដែលជាផ្នែកមួយនៃការចចាររបស់ខ្លួនដើម្បីចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO)ឆ្នាំ២០០៤ និង២.ការប្តេជ្ញាចិត្តបង្កើតឲ្យមានគោលនយោបាយ និងច្បាប់ស្តីពីការប្រកួតប្រជែងនៅក្នុងបណ្តារដ្ឋសមាជិកអាស៊ានទាំងអស់ឲ្យបាននៅឆ្នាំ២០១៥៕សរន

រូបថត៖លោកស្រីបណ្ឌិត Angelika Stauder លេខាទី១ ផ្នែកកិច្ចសហប្រតិបត្តិការនៃស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា,