ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖ ពេលនេះ មានប្រទេសចំនួនពីរ ហើយរួមមាន ហ្វីលីពីន និងម៉ាឡេស៊ីដែលបានប្រកាសពីចំនួនអត្តពលិករបស់ខ្លួនជាផ្លូវការក្នុងការចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម (The 31st Southeast Asian Games) ។
ពេលនេះម្ចាស់ផ្ទះវៀតណាមបានបញ្ជាក់ថា មានអត្តពលិកប្រមាណ៧,០៣៧នាក់ត្រូវបានចុះឈ្មោះក្នុងបញ្ជីបឋម ពីប្រទេសចំនួន ១១ក្នុងតំបន់ ជាក់ស្តែងវៀតណាមខ្លួនឯងផ្ទាល់ រំពឹងថា នឹងមានអត្តពលិករហូតដល់ ១,១០៤នាក់។ ក្រៅពីនេះ ប្រទេសចំនួន ១០ផ្សេងទៀត មានការចុះឈ្មោះបឋម រួមមាន ព្រុយណេ (អត្តពលិក ៤១នាក់) កម្ពុជា (អត្តពលិក ៤៩៤នាក់) ឡាវ (៣៦៣នាក់) ឥណ្ឌូណេស៊ី (អត្តពលិក ១,០០១នាក់) ម៉ាឡេស៊ី (អត្តពលិក ៨១៥នាក់) មីយ៉ាន់ម៉ា (អត្តពលិក ៧៥៤នាក់) ហ្វីលីពីន (អត្តពលិក ៦០៣នាក់) ថៃ (អត្តពលិក ១,០៣៦នាក់) ទីម័រខាងកើត (អត្តពលិក ៥៤នាក់) និងសិង្ហបុរី (អត្តពលិក ៧០៦នាក់)។ មកទល់ពេលនេះ មានតែ ២ប្រទេសប៉ុណ្ណោះដែលបានប្រកាសចំនួនអត្តពលិកជាផ្លូវការ។
ហ្វីលីពីនត្រូវបានដឹងថាបានប្រកាសចំនួនអត្តពលិកជាផ្លូវការមុនគេ។ នេះបើតាមការបញ្ជាក់នៅលើគេហទំព័រផ្លូវការរបស់គណៈកម្មាធិការជាតិអូឡាំពិកហ្វីលីពីនដែលនឹងបញ្ជូនអត្តពលិក ចំនួន ៦៥៦នាក់ លើប្រភេទកីឡាចំនួន៣៩ ក្នុងចំណោម ៤០ប្រភេទកីឡា។ ចំនួននេះគឺមានការថយចុះស្ទើរពាក់កណ្ដាលបើធៀបទៅនឹងស៊ីហ្គេម២០១៩ដែលហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ។
ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣០ នៅទីក្រុងម៉ានីល ហ្វីលីពីនមានកីឡាករ-កីឡាការិនី ចំនួន ១,១១៥នាក់ចូលរួម និងដណ្តើមបានមេដាយសរុបចំនួន ៣៨៧គ្រឿង ក្នុងនោះមេដាយមាស ១៤៩គ្រឿង មេដាយប្រាក់ ១១៧គ្រឿង មេដាយសំរឹទ្ធ ១២១គ្រឿង និងឈរនៅកំពូលតារាងជាប្រទេសរកមេដាយបានច្រើនជាងគេ។
ដោយឡែកម៉ាឡេស៊ី វិញត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកម៉ាឡេស៊ី ប្រកាសថា មានអត្តពលិកចំនួន ៦១២នាក់ចូលរួមស៊ីហ្គេម នៅវៀតណាម លើប្រភេទកីឡាចំនួន៣៧ ក្នុងចំណោម ៤០ប្រភេទកីឡា។
ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម គ្រោងនឹងធ្វើពិធីបើកប្រកួតពីថ្ងៃទី១២ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ដោយមាន ៤០ប្រភេទកីឡាដាក់ឲ្យប្រកួត ស្មើនឹង ៥២៦វិញ្ញាសា៕