ដោយៈសុវណ្ណកុម្ភៈ/ភ្នំពេញ៖លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ដែលជាប្រមុខសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានសន្យាផ្ដល់រង្វាន់ធំដល់កីឡាករ កីឡាការិនីដែលកឈ្នះក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាមនាខែឧសភាខាងមុខនេះ។
រូបថតៈលោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ដែលជាប្រមុខសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា
លោកសន្យាថាសម្រាប់វិញ្ញាសាប្រកួតឯកត្តជនបើឈ្នះបានមួយប្រកួតនឹងមានរង្វាន់លើកទឹកចិត្តចំនួន២០០ដុល្លារបើឈ្នះបានពីរប្រកួតរង្វាន់នឹងកើនឡើងដល់៤០០ដុល្លារគឺប្រាក់រង្វាន់នឹងត្រូវគុណឡើ់ងទៅតាមជ័យជំនះរហូត ។សម្រាប់វិញ្ញាសាប្រកួតជាក្រុមបើឈ្នះបានមួយប្រកួតនឹងបានទទួលរង្វាន់១.០០០ដុល្លារ តែបើឈ្នះបានពីរប្រកួតរង្វាន់នឹងកើនដល់៣.០០០ដុល្លារ ។ក្នុងករណីបន្តឈ្នះទៀតនោះរង្វាន់នឹងគុណទ្វេដងតែបើប្រជែងបានមេដាយមាសវិញនោះនឹងបានទទួលរង្វាន់ចំនួន១០.០០០ដុល្លារតែម្ដង ។
ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុរូបនេះក៏ដូចជាសមាជិកប្រតិបត្តិកំពុងតែផ្ដល់នូវការលើកទឹកចិត្តដល់កីឡាករ កីឡាការិនីដើម្បីកសាងនូវកំណត់ត្រាថ្មីមួយក្នុងស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាមមុននឹងឆ្ពោះមកដល់ស៊ីហ្គេមឆ្នាំ២០២៣នៅកម្ពុជា ។
ពេលនេះសហព័ន្ធបានស្នើ និង ឯកភាពគ្នាបង្កើតនូវមូលនិធិស្ម័គ្រចិត្តមួយដោយមួយខែៗទទួលបានប្រាក់ឧបត្ថម្ភចំនួន៣.០០០សម្រាប់ប្រើប្រាស់ក្នុងដំណើរការអភិវឌ្ឍន៍របស់ខ្លួនឆ្ពោះទៅរកកំណត់ត្រាជាប្រវត្តិសាស្ត្រថ្មីមួយក្នុងថានៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២៣ ។
រូបថតៈលោកស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការរបស់សហព័ន្ធសហព័ន្ធ
លោកស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការរបស់សហព័ន្ធសហព័ន្ធនឹងអញ្ជើញគ្រូបង្វឹកពីសាធារណរដ្ឋកូរ៉េមួយរូបមកជួយបង្វឹកដល់កីឡាករ កីឡាការិនីវាយកូនឃ្លីលើតុកម្ពុជា។គ្រូបង្វឹកជនជាតិកូរ៉េរូបនោះមានគុណវុឌ្ឍន៍កម្រិតខ្ពស់ដែលអាចជួយដល់ក្រុមជម្រើសជាតិកម្ពុជាឪ្យកាន់តែរឹងមាំ និងសម្រួចបច្ចេកទេសបានលឿន ។
លោកអគ្គលេខាធិការបន្ថែមថា ក្នុងសហព័ន្ធបានឯកភាពគ្នាលើរឿងនេះហើយអ្វីៗ គឺនៅរង់ចាំតែការសម្រេចជាគោលការណ៍ពីសម្ដេចពិជ័យសេនាទៀ បាញ់ដែលជាប្រធានគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣(CAMSOC) តែប៉ុណ្ណោះ ។ក្រោយពីសម្ដេចពិជ័យសេនាទៀ បាញ់ឯកភាពហើយនោះសហព័ន្ធនឹងធ្វើការងារនេះឲ្យបានលឿនបំផុតជាមួយសហព័ន្ធកីឡាវាយកូនឃ្លីលើតុរបស់ប្រទេសកូរ៉េខាងត្បូងដើម្បីសម្របសម្រួលក្នុងការអញ្ជើញគ្រូរបស់គេមក ៕សរន