ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ គាំទ្រ ការចងក្រង សៀវភៅមគ្គុទេសក៍វិនិយោគ សម្រាប់ខេត្តបន្ទាយមានជ័យ នៅពេលលោក ឧកញ៉ា បិច ប៉ូឡែន អនុប្រធានប្រតិបត្តិ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានស្នើសុំ ការគាំទ្រពីលោក ក្នុងការជួបសម្តែងការគួរសម និងពិភាក្សាការងារមួយ កាលពីរសៀល ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ។
អ្នកមកពីវិស័យឯកជន និងអង្គការ GIZ ក៏បានចូលរួមប្រជុំពិភាក្សា ស្តីពីការចងក្រង សៀវភៅមគ្គុទេសក៍វិនិយោគ សម្រាប់ខេត្តបន្ទាយមានជ័យ នៅសាលាខេត្តនោះដែរ ។
លោក ឆេង បញ្ញារឹទ្អិ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តបន្ទាយមានជ័យ បានលើកឡើង ពីប្រវត្តិ និងវឌ្ឍនភាពការងារ របស់សាខា ក្នុងរយៈពេលកន្លងមក និង ដោយឡែក គិតចាប់តាំងពីពេល ដែលលោកចូលកាន់តំណែង កាលពីដើមឆ្នាំ២០២២នេះ ។
លោក ប៉ិច បូឡែន អនុប្រធានប្រតិបត្តិ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានស្វាគមន៍ ហើយបង្ហាញពីគោលបំណង នៃកិច្ចប្រជុំ និងវឌ្ឍនភាពការងារ របស់សមាគម ដែលបង្កើតឡើង កាលពីឆ្នាំ២០១០ ហើយស្របតាមវេទិកា និងយុទ្ធសាស្ត្រ ៦ ចំណុច នៃសមាគមដូចគ្នានេះ របស់ប្រទេស ក្នុងតំបន់អាស៊ាន ។
ក្នុងនោះ សម្រាប់ខេត្តបន្ទាយមានជ៏យ សមាគម បាននឹងកំពុងស្នើការគាំទ្រ សហការពី រដ្ឋបាល និងមន្ត្រី អង្គភាព នៃវិស័យសាធារណៈ: វិស័យឯកជន (ក្រុមហ៊ុន បុគ្គលម្នាក់ៗ និងដៃគូអភិវឌ្ឍន៍ (មានទីភ្នាក់ងារកិច្ចសហប្រតិបត្តិអាល្លឺម៉ង់ (GIZ) , អង្គការ សមាគម នានា) ដើម្បីផ្តល់ទិន្នន័យផ្លូវការ ពីសក្តានុពលវិនិយោគរបស់ខេត្ត សម្រាប់ចងក្រងជា សៀវភៅមគ្គុទេសក៍វិនិយោគ សម្រាប់ខេត្តបន្ទាយមានជ័យ (Guidline Book )។
លោក ឈឿង ឈីវអៀន ប្រធានសភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ បានអោយដឹងថាៈ ខេត្តបន្ទាយមានជ័យ មានលក្ខណៈភូមិសាស្ត្រ និងសក្តានុពលសេដ្ឋកិច្ច សង្គមកិច្ច អំណោយផល យ៉ាងច្រើន បន្ថែមលើនោះ ។
លោកបានថ្លែងអំណរគុណ ដល់វិស័យសាធារណៈ ដែលបានផ្តល់ ការលើកទឹកចិត្ត ក៏ដូចជា បង្កលក្ខណៈងាយស្រួល ដល់វិស័យឯកជន ក្នុងការចួលរួមចំណែកអភិវឌ្ឍន៍ ជីវភាពគ្រួសារ ពលរដ្ឋនិងសេដ្ឋកិច្ច សង្គម។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថាៈ រដ្ឋបាលខេត្ត គាំទ្រ លើកទឹកចិត្ត និងសហការពេញបន្ទុក ជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា ក្នុងដំណើរការផលិត សៀវភៅមគ្គុទេសក៍វិនិយោគ សម្រាប់ខេត្តបន្ទាយមានជ័យនេះ ។
លោក អ៊ុំ រាត្រី បានបន្ថែមថាៈ រដ្ឋបាលខេត្ត សូមលើកទឹកចិត្ត ដល់វិស័យឯកជន ដៃគូអភិវឌ្ឍន៍ ក្នុងការចូលរួមចំណែកជំរុញ លើកកម្ពស់ជីវភាពពលរដ្ឋ និងកំណើនសេដ្ឋកិច្ច ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ នោះ៕/V