ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ បុរសជនជាតិអាម៉េរិកម្នាក់បានស្លាប់នៅក្នុងការវាយប្រហាររបស់រុស្ស៊ីលើទីក្រុងឆែរនីហ៊ីវ (Chernihiv) ភាគខាងជើងប្រទេសអ៊ុយក្រែនកន្លែងដែលគាត់កំពុងស្វែងរកការព្យាបាលសម្រាប់ដៃគូរបស់គាត់។ ការស្លាប់របស់លោក ជីម ហ៊ីល (Jim Hill) ត្រូវបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ទី១៧មីនាដោយប្អូនស្រីរបស់គាត់។
ប្អូនស្រីរបស់គាត់ឈ្មោះ ឆឺរីល ហ៊ីល ហ្គ័រដុន (Cheryl Hill Gordon) បានសរសេរនៅលើ Facebook ថា “បងប្រុសរបស់ខ្ញុំ ជីមមី ហ៊ីលត្រូវបានសម្លាប់កាលពីម្សិលមិញនៅឆែរនីហ៊ីវប្រទេសអ៊ុយក្រែន។ សាកសពរបស់គាត់ត្រូវបានរកឃើញនៅតាមផ្លូវដោយប៉ូលិសក្នុងមូលដ្ឋាន”។
មន្ត្រីអ៊ុយក្រែនបានរាយការណ៍ថាមនុស្ស ១០ នាក់ត្រូវបានសម្លាប់កាលពីថ្ងៃពុធនៅក្នុងទីក្រុងឆែរនីហ៊ីវ ខណៈកំពុងឈរតម្រង់ជួររង់ចាំទិញនំប៉័ង។
ប៉ូលិសក្រុងឆែរនីហ៊ីវនិងក្រសួងការបរទេសអាម៉េរិកបានបញ្ជាក់ពីការស្លាប់របស់ជនជាតិអាមេរិកម្នាក់ ប៉ុន្តែមិនបានកំណត់អត្តសញ្ញាណគាត់ទេ។ លោកហ៊ីលគឺជាពលរដ្ឋអាម៉េរិកទីពីរដែលត្រូវបានសម្លាប់នៅក្នុងជម្លោះបន្ទាប់ពីការសម្លាប់អ្នកកាសែតនិងផលិតករភាពយន្តលោក ប្រេន រីណូដ (Brent Renaud) កាលពីសប្តាហ៍មុន។
នៅក្នុងសារបង្ហោះពោរពេញដោយការក្តៅក្រហាយនៅលើ Facebook ក្នុងប៉ុន្មានសប្តាហ៍មុនពេលគាត់ស្លាប់ លោកហ៊ីលបានពណ៌នាអំពី “ការទម្លាក់គ្រាប់បែកមិនរើសមុខ”នៅក្នុងទីក្រុងដែលស្ថិតនៅក្រោមការឡោមព័ទ្ធ ហើយនិយាយលេងសើចថាចង់បន្លំធ្វើជា “មនុស្សឆ្កួត” ប្រសិនបើត្រូវបានចាប់ខ្លួនដោយរុស្ស៊ី។
នៅក្រោមរូបថតរបស់គាត់ គាត់បានសរសេរនៅថ្ងៃទី ៨ ខែមីនាថា “ខ្ញុំមិនបានកោរពុកមាត់ ១០ ថ្ងៃហើយ។ខ្ញុំពិតជាព្យាយាមឱ្យមើលទៅចាស់និងដូចមនុស្សឆ្កួតតាមដែលអាចធ្វើបានក្នុងករណីដែលពួកគេចាប់ខ្ញុំ។ ខ្ញុំកំពុងរៀនបញ្ចេញសំឡេងជាមនុស្សឆ្កួត”៕
មន្ត្រីអ៊ុយក្រែនបានរាយការណ៍ថាមនុស្ស ១០ នាក់ត្រូវបានសម្លាប់កាលពីថ្ងៃពុធនៅក្នុងទីក្រុងឆឺនីហ៊ីវ ខណៈកំពុងឈរតម្រង់ជួររង់ចាំទិញនំប៉័ង