ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ លោក ស្រ៊ន សំឫទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គ បណ្តុះបណ្តាលគ្រូបង្គោល ថ្នាក់ខេត្ត ក្រុង ស្រុក ស្តីពីការអនុវត្តការងារ គណនេយ្យភាពសង្គម ដែលវគ្គនេះរៀចំដោយ រដ្ឋបាលខេត្តកំពង់ឆ្នាំង សហការសម្របសម្រួល ជាមួយក្រុមការងារ គណនេយ្យភាពសង្គមថ្នាក់ជាតិ ។
មានប្រសាសន៍បើក ក្នុងឱកាសនោះ លោក ស្រ៊ន សំឫទ្ធី បាននិយាយថាៈ វគ្គបណ្ដុះបណ្ដាល នេះ មានគោលបំណង ផ្តល់ចំណេះដឹងមូលដ្ឋាន អំពីផែនការយុទ្ធសាស្ត្រ ស្តីពីការងារ គណនេយ្យភាពសង្គម សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដល់គ្រូបង្គោល ថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុក ដើម្បីមានលទ្ធភាពបណ្តុះបណ្តាលបន្ត ទៅដល់ អង្គភាពផ្តល់សេវានានា ដោយផ្តោតការយកចិត្តទុកដាក់ ទៅលើការពង្រឹងភាពងាយស្រួល ទទួលបានព័ត៌មាននានា និងព័ត៌មានថវិកា ការត្រួតពិនិត្យតាមដានដោយប្រជាពលរដ្ឋ ការសម្របសម្រួល និងការពង្រឹងសមត្ថភាព និងការប្រមូលមេរៀនបទពិសោធន៍ និងការត្រួតពិនិត្យតាមដាន។
អភិបាលរងខេត្ត ក៏បានមានប្រសាសន៍បន្តថាៈ វគ្គបណ្តុះបណ្តាល រយៈពេល ១ ថ្ងៃនេះ មានសារៈសំខាន់ណាស់ និងផ្តល់អោយយើង យល់ដឹងយ៉ាងច្បាស់ នូវអត្ថន័យ នៃការអនុវត្តការងារ គណនេយ្យភាព ព្រមទាំងលើកទឹកចិត្ត ឲ្យមានការចូលរួម គ្រប់ភាគីពាក់ព័ន្ធ រួមមានវិស័យសាធារណៈ អង្គការជាតិ អន្តរជាតិ សង្គមស៊ីវិល វិស័យឯកជន និងប្រជាពលរដ្ឋ ដើម្បីឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាន ក្នុងសកម្មភាពអភិវឌ្ឍន៍របស់ស្ថាប័ន អង្គភាពនីមួយៗ ប្រកបដោយប្រសិទ្ធភាព និងទទួលខុសត្រូវខ្ពស់ ។
លោក ស្រ៊ន សំឫទ្ធី បានមានប្រសាសន៍ផ្តាំផ្ញើ ទៅគ្រូបង្គោលទាំងអស់ សូមយកចិត្តទុកដាក់ តាមដានស្តាប់ នូវមេរៀននីមួយៗ ស្តីពីការអនុវត្តគណនេយ្យភាពសង្គម ដើម្បីជាទុនដ៍សំខាន់ សម្រាប់យកទៅបង្រៀនបន្ត ដល់រដ្ឋបាល ឃុំ សង្កាត់ យកទៅអនុវត្ត ទទួលបានជោគជ័យ៕/V