ដោយ៖តារារិទ្ធ/ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកលើងថា៖កម្ពុជាជឿជាក់ថាការចាក់វ៉ាក់សាំងគឺជាកិច្ចការអាទិភាព សម្រាប់ទាំងអស់គ្នាហើយវ៉ាក់សាំងនឹងបន្តដើរតួនាទីជាទំនិញយុទ្ធសាស្រ្តគន្លឹះក្នុងការទប់ទល់នឹងការឆ្លងរាលដាលក៏ដូច ជាការរៀនរស់នៅជាមួយជំងឺកូវីដ១៩និងការបើកកិច្ចដំណើរ​ការសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងពិធីប្រគល់-ទទួលអំ ណោយជាវ៉ាក់សាំងកូវីដ-១៩ ប្រភេទ Astra Zeneca ពីរដ្ឋាភិបាលនិងប្រជាជននៃប្រទេសហុងគ្រីជូន រាជរដ្ឋាភិបាលនិងប្រជាជននៃព្រះរាជាណាចក្រកម្ពុជាដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២២ នេះនៅវិមានសន្តិភាព ។ ពិធីនេះធ្វើ ឡើងនៅវិមានសន្តិភាពទីស្ដីការនាយករដ្ឋមន្ត្រីដោយមានការចូលរួមពីភារៈធារីស្ដីទីនៃស្ថានទូតហុងគ្រីប្រចាំកម្ពុជានិងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖ជាការពិត,ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតែបន្តអូសបន្លាយនិងកំពុងវិវត្តជាពិសេសតាម រយៈការបង្កើតជាប្រភេទមេរោគបំប្លែងខ្លួនថ្មីៗជាបន្តបន្ទាប់។ដោយឈរលើស្មារតីប្រុងប្រយ័ត្នប្រកបដោយសុទិដ្ឋិនិយម,កម្ពុជាបានតាមដានវាយតម្លៃសភាពការណ៍និងយកចិត្តទុកដាក់ខ្ពស់ដោយបានពន្លឿននិងជំរុញយុទ្ធនាការចាក់វ៉ាក់សាំងសំដៅបង្កើតភាពស៊ាំសហគមន៍នៅទូទាំងប្រទេស កម្ពុជា ។

ក្នុងក្របខណ្ឌសកលលោក, កម្ពុជាក៏បានចូលរួមជំរុញផងដែរនូវយុទ្ធនាការចាក់វ៉ាក់សាំងនិងសូមវាយតម្លៃខ្ពស់ចំពោះវប្បធម៌ជួយគ្នាទៅវិញទៅមកជាពិសេសការចែករំលែកនូវ វ៉ាក់សាំងកូវីដ-១៩ ដែលពិតជាមានសារសំខាន់និងប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះ ។ កម្ពុជាជឿជាក់ថាការចាក់វ៉ាក់សាំងគឺជាកិច្ចការ អាទិភាពសម្រាប់យើងទាំងអស់គ្នាហើយវ៉ាក់សាំងនឹងបន្តដើរតួនាទីជាទំនិញយុទ្ធសាស្រ្តគន្លឹះក្នុងការទប់ទល់នឹងការឆ្លងរាលដាល ក៏ដូចជាការរៀនរស់នៅជាមួយជំងឺកូវីដ-១៩ និងការបើកកិច្ចដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ ។

គិតត្រឹមថ្ងៃទី១៥ ខែមីនាឆ្នាំ២០២២,កម្ពុជាគឺជាប្រទេសមួយដែលទទួលបានជោគជ័យក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងដោយសម្រេចបានអត្រាចាក់វ៉ាក់សាំងប្រមាណ ៩២,២៧ ភាគរយនៃប្រជាជនសរុបប្រមាណ១៦លាននាក់ ។ការណ៍នេះបានអនុញ្ញាតឱ្យកម្ពុជាបើកប្រទេសឡើងវិញនិងរក្សាកិច្ចដំណើរការនៃសកម្មភាពសង្គម-សេដ្ឋកិច្ចពេញលេញលើគ្រប់វិស័យទោះបីជាការឆ្លងរាលដាលចូលក្នុងសហគមន៍នៅបន្តមានក៏ដោយ។កម្ពុជារំពឹងថានឹងអាច ស្តារនិងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញតាមរយៈការកែលម្អនូវចន្ទល់សេដ្ឋកិច្ចសំខាន់ៗដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩និងការស្វែងរកចន្ទល់ថ្មីប្រ កបដោយសក្តានុពលពីវិស័យផ្សេង ។ ទោះបីជាវិស័យទេសចរណ៍នៅមិនទាន់ងើបឡើងវិញក៏ដោយ, ក៏វិស័យសំខាន់ៗមួយចំនួនបាននិងកំពុងស្ដារនិងជំរុញដំណើរការជាប្រក្រតីឡើងវិញដែលជាលទ្ធផលកម្ពុជារំពឹងថានឹងធានាបាននូវកំណើនវិជ្ជមានក្នុងកម្រិតប្រមាណ ៣%នៅក្នុងឆ្នាំ២០២១និងបន្ត កើនឡើងលើស ៥% នៅឆ្នាំ២០២២ ។

ក្នុងឱកាសនោះសម្តេចតេជោនាយករដ្ឋមន្រ្តីបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជននិងរដ្ឋាភិបាលហុងគ្រីដែលបានផ្តល់អំណោយសប្បុរសធម៌ដ៏ថ្លៃថ្លាវ៉ាក់សាំងកូវីដ-១៩ ប្រភេទ AstraZeneca ចំនួន ៥២៣ ១០០ ដូសជូនដល់ប្រជាជននិងរាជរដ្ឋាភិបាលកម្ពុជា ។

លោក អ៊ិសវ៉ាន់ បាកូស (István BAKOS) ភារធារីស្តីទីស្ថានទូតហុងគ្រីប្រចាំព្រះរាជាណាចក្រកម្ពុជាហុងគ្រីមានសេចក្តីសោមនស្សរីករាយដែលឃើញប្រទេសកម្ពុជាសម្រេច បាននូវជោគជ័យដ៏អស្ចារ្យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដ៏សាហាវនេះដោយឈានដល់អត្រាចាក់វ៉ាក់សាំងខ្ពស់បំផុតនិងអត្រាមរណភាពទាបបំផុតបើប្រៀបធៀបក្នុងតំបន់និងទូទាំងពិភពលោកដោយសារវិធានការចាក់វ៉ាក់សាំងជាប្រព័ន្ធនិងមានប្រសិទ្ធភាព ។ ទោះជាយ៉ាងណាក្តីកម្មវិធីដែលទទួលបានជោគជ័យនេះចាំបាច់ត្រូវបន្តដោយហេតុថា ការរីករាលដាលវីរុសថ្មីដែលមានការឆ្លងក្នុងល្បឿនលឿននៅតែបន្តមាននិងវាយលុកផ្នែកជាច្រើននៃពិភពលោក។

លោក អ៊ិសវ៉ាន់ បាកូស បានប្តថា៖ក្នុងនាមប្រទេសជាមិត្តប្រពៃណីនិងជាសម្ព័ន្ធមិត្តរបស់កម្ពុជា ហុងគ្រីមានសេចក្តីសោមនស្សរីករាយក្នុងការគាំទ្រកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែង របស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានមកលើជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ។ ហុងគ្រីមានមោទនភាពដែលបន្ថែមពីលើការ ផ្តល់អាហារូបករណ៍ដល់យុវជនកម្ពុជាដែលមានទេពកោសល្យនិងសម្រាប់ថ្នាក់បណ្ឌិតការជួយកម្ពុជាក្នុងការបោសសម្អាតមីននិងសំណល់ពីសង្រ្គាមក៏ដូចជាការផ្តល់ឱកាសពា ណិជ្ជកម្ម និងវិនិយោគនិងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទាំងក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី ហុងគ្រីក៏អាចចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ឱ្យវិលមករក ប្រក្រតីភាពឡើងវិញនៅក្នុងប្រទេសកម្ពុជានិងទូទាំងពិភពលោក។ លោកជឿជាក់ថា “ជំនួយក្នុងពេលមានតម្រូវការ គឺជាជំនួយពិតប្រាកដ” ។

គួរបញ្ជាក់ថា៖ហុងគ្រីគឺជាប្រទេសទី៦ដែលបានផ្តល់ អំណោយវ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាជននិងរាដ្ឋាភិបាលកម្ពុជាក្នុងក្របខណ្ឌទ្វេភាគីដែលសម្តេចតេជោបានអញ្ជើញទទួលដោយផ្ទាល់ ។អំណោយដ៏ថ្លៃថ្លានេះគឺជាសក្ខីភាពមួយដែលឆ្លុះបញ្ចាំងពីកាយវិការមនុស្សធម៌និងការយកចិត្តទុកដាក់ខ្ពស់របស់ ប្រជាជននិងរដ្ឋាភិបាលហុងគ្រីលើការប្រយុទ្ធនឹង ជំងឺកូវីដ-១៩ នៅកម្ពុជានិងនៅលើសកលលោកទាំងមូលដែលកម្ពុជាសូមកោតសរសើរនិងវាយតម្លៃខ្ពស់ ៕