ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសស្លូវ៉ាគីដែលជាសមាជិកអង្គការណាតូ និយាយថាប្រទេសលោកមានបំណងផ្តល់ប្រព័ន្ធកាំជ្រួចការពារដែនអាកាសចម្ងាយឆ្ងាយធុនS-300ទៅអោយអ៊ុយក្រែន ក្រោមលក្ខខណ្ឌខ្លះ។
លោករដ្ឋមន្ត្រី ចារ៉ូស្លាវ ណាច(Jaroslav Naj)បាននិយាយនៅសន្និសីទកាសែតមួយនៅទីក្រុងប្រាទីស្លាវ៉ា(Bratislava)ជាមួយរដ្ឋមន្ត្រីការពារជាតិអាម៉េរិក ឡយអូស្ទីនថា បញ្ហានេះស្ថិតក្រោមការពិភាក្សា។
រដ្ឋមន្ត្រីការពារជាតិអាម៉េរិក (ឆ្វេង)ត្រូវបានសមភាគីស្លូវ៉ាគីទទួលស្វាគមន៍កាលពីថ្ងៃ១៧មីនាមុនពិភាក្សាបញ្ហាផ្ទេរអាវុធទីអោយអ៊ុយក្រែន។ស្លូវ៉ាគី មិនជំទាស់នឹងការបញ្ជូនS-300របស់ខ្លួនទៅកាន់អ៊ុយក្រែនទេ នេះបើតាមការបញ្ជាក់ពីរដ្ឋមន្ត្រីការពារជាតិស្លូវ៉ាគី
ប្រព័ន្ធការពារដែនអាកាសសម័យសូវៀតនេះ ប្រើកាំជ្រួចចម្ងាយឆ្ងាយដែលអាចហោះរាប់រយគីឡូម៉ែត្រនិងបាញ់ទម្លាក់កាំជ្រួចកំពុងហោះនិងយន្តហោះ។វាមានតំលៃក្នុងការរារាំងការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន។
លោកណាច បាននិយាយថាការផ្ទេរសព្វាវុធដូច្នេះនឹងអាចធ្វើទៅបានប្រសិនបើប្រទេសលោកទទួលបានសព្វាវុធសមស្របមកជំនួសS-300វិញ ឬក៏ប្រទេសស្លូវ៉ាគីទទួលបានសព្វាវុធណាមួយដែលធានាសន្តិសុខនៅរយៈពេលជាក់លាក់ណាមួយ។ប្រទេសលោកនឹងមិនបញ្ជូនS-300ទៅអោយអ៊ុយក្រែនក្នុងលក្ខណៈមួយដែលទុកអោយមានចន្លោះប្រហោងពីការគំរាមវាយប្រហារតាមអាកាសទេ។
ទោះជាយ៉ាងណា លោកអូស្ទីន មិនបាននិយាថាតើក្រសួងការពារជាតិអាម៉េរិកនឹងផ្តល់អោយស្លូវ៉ាគីនូវអាវុធជំនួសS-300ឬយ៉ាងណាទេ។
សូមបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិអាម៉េរិកកំពុងធ្វើទស្សនកិច្ចអឺរ៉ុបខាងកើតដើម្បីពិភាក្សាការផ្ទេរប្រព័ន្ធការពារអាកាសសម័យសូវៀតS-300ទៅអោយអ៊ុយក្រែនក្រោយពីប្រធានាធិបតីអ៊ុយក្រែនបាននិយាយអំពីសព្វាវុធនេះទៅកាន់សមាជិកសភាអាម៉េរិកកាលពីថ្ងៃពុធ។
សមាជិកអង្គការណាតូ រួមមានប៊ុលហ្ការី ស្លូវ៉ាគី និងក្រិចសុទ្ធតែមានS-300ដែលអាចហោះបានរាប់រយគីឡូម៉ែត្រនិងបាញ់ទម្លាក់កាំជ្រួចកំពុងហោះឬយន្តហោះ។
ការផ្ទេរប្រព័ន្ធកាំជ្រួចដូច្នេះអាចជាការដោះដូរបីប្រទេស ដោយអាម៉េរិក ឬសមាជិកអង្គការណាតូដទៃទៀតផ្តល់ប្រព័ន្ធការពារដែនអាកាសធុនភែតធ្រៀត-Patriotឬប្រព័ន្ធផ្សេងសំរាប់ជំនួសអោយការបញ្ជូនS-300ទៅកាន់អ៊ុយក្រែន។
ប្រព័ន្ធការពារដែលអាកាសចម្ងាយឆ្ងាយនេះមានតំលៃក្នុងការរារាំងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី ។អ៊ុយក្រែនមាន S-300បីបួនឈុតដែរ តែចង់បានបន្ថែម
សូមបញ្ជាក់ថាមុន រដ្ឋមន្ត្រីការពារជាតិអាម៉េរិកទៅដល់ ប៊ុលហ្ការីនៅថ្ងៃសុក្រ ដែលជារដ្ឋសមាជិកអង្គការណាតូមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងសូហ្វ៊ីយ៉ា(Sofia)បានអំពាវនាវអោយប៊ុលហ្ការីអត់ធ្មត់កុំផ្តល់សព្វាវុធទៅកាន់អ៊ុយក្រែន។
លោកស្រីឯកអគ្គរដ្ឋទូតបាននិយាយថា«ខ្ញុំសូមព្រមានអាជ្ញាធរប៊ុលហ្ការីថា ការផ្តល់សព្វាវុធ រួមទាំងអាវុធមានប្រភពចេញពីសូវៀតនិងគ្រាប់រំសេវទៅអោយពួកជាតិនិយមអ៊ុយក្រែនវាមិនទំនងជានឹងបន្ថែមសុទិដ្ឋិនិយមចំពោះការចរចាទ្វេភាគីទេ ដែលឥឡូវកំពុងធ្លាក់ចុះដុនដាបខ្លាំងស្រាប់»។
យោងតាមសារព័ត៌មានក្នុងស្រុក រដ្ឋាភិបាលប៊ុលហ្ការីមានការស្ទាក់ស្ទើរក្នុងការបញ្ជូនសព្វាវុធទៅអោយអ៊ុយក្រែន៕