ដោយៈ តាកែវ / តាកែវៈ លោក ធូ សុភាព នាយកវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោ សែន តាកែវ បានលើកឡើងថាៈ ការសិក្សាជំនាញបច្ចេកទេស ពិត អាចនឹងមានឱកាស ការងារច្រើន និងងាយរកលុយ ជាងការសិក្សាទ្រឹស្តី ខណៈក្រោយបញ្ចប់ការសិក្សាជំនាញ ការអនុវត្តផ្ទាល់ បានដោយជោគជ័យ និងមានការទទួលស្គាល់ ដោយវិទ្យាស្ថាន។
លោក ធូ សុភាព បានលើកឡើងបែបនេះ នៅក្នុងឱកាសអបអរសាទរ គំរប់ខួប ៨ ឆ្នាំ នៃ វិទ្យាស្ថានពហុបច្ចេកទេសតេជោ សែន តាកែវ និងបើកបវេសនកាល ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២ និង២០២៣ កាលពីថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២២ ។
ថ្លែងនៅចំពោះមុខក្រុមនិស្សិត ដែលបានចូលរួម យ៉ាងច្រើនកុះករ នៅក្នុងពិធី នេះលោក ធូ សុភាព បានបន្តថាៈ ជំនាញបច្ចេកទេសនេះ វាពិតជាមានតម្រូវការ ទីផ្សារខ្ពស់ និងទទួលបាន ប្រាក់ចំណូល ឬទទួលបានប្រាក់ខែ បានខ្ពស់ ជាងជំនាញផ្សេងៗ ហើយប្អូនៗដែលជានិស្សិត កំពុងតែសិក្សា ចាប់យក ជំនាញបច្ចេកទេស ដូចជា អគ្គិសនី ជួសជុលឡាន សំណង់ ជួសជុល ម៉ាស៊ីនត្រជាក់ បច្ចេកវិទ្យាកុំព្យួទ័រ ឬជំនាញបច្ចេកទេស ផ្សេងទៀត សូមខិតខំយកចិត្តទុកដាក់ ប្រឹងប្រែងរៀនសូត្រ ឱ្យបានពូកែ ដើម្បីអនាគត របស់ប្អូនៗ និងគ្រួសារ មានភាពល្អប្រសើរ ទៅថ្ងៃខាងមុខ។
លោកនាយក បានបន្ថែមទៀតថាៈ ការខិតខំប្រែងប្រែងរៀនសូត្រ នៅសាលា វាមិនគ្រប់គ្រាន់ នោះទេ ប្អូនៗ ត្រូវតែខិតខំសិក្សា នៅខាងក្រៅទៀត តាមរយៈការសិក្សា ស្រាវជ្រាវ នៅតាមបណ្ណាល័យ អីុនធើណេត ជាដើម ដើម្បីយកមកបំពេញបន្ថែម និងជាមូលដ្ឋានគ្រឹះ លើការសិក្សា ឱ្យកាន់តែ ទូលំទូលាយថែមទៀត ព្រោះសម័យបច្ចុប្បន្ននេះ ពិភពលោករបស់ យើង កាន់តែទំនើប និងប្រែប្រួលច្រើនណាស់ ប្រសិនបើយើងមិនខិតខំ អភិវឌ្ឍន៍ ចំណេះ និងបង្កើនសមត្ថភាពទេ នោះយើងប្រាកដជាដើរមិនទាន់សម័យ កាលថ្មីរបស់ពិភពលោកទេ ។
ជាមួយគ្នានេះដែរ លោក ធូ សុភាព ក៏បានក្រើនរំលឹកដល់ប្អូនៗ ក្នុងនាមជា និស្សិតត្រូវតែមានទម្លាប់ និងអាកប្បកិរិយាល្អ ថ្លៃថ្នូរ ពិសេសត្រូវមានទំនាក់ ទំនងល្អ ជាមួយមិត្តភ័ក្ត មានសីលធម៌ល្អ និងចេះគោរពចាស់ទុំ លោកគ្រូអ្នកគ្រូ ព្រោះប្រសិនបើប្អូនៗ មានសីលធម៌ និងអាកប្បកិរិយាល្អថ្លៃថ្នូរ ហើយរៀន សូត្របានពូកែទៀត នោះប្អូនៗទៅដាក់ពាក្យធ្វើការ នៅកន្លែងណា ក៏កន្លែងធ្វើការងារនោះ ជ្រើសរើសយកប្អូន មុនគេផងដែរ ៕/V-PC