ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ប្រឡាយទឹក​ស្អុយ​លូ​៥ ដែលមាន​ទីតាំង ស្ថិតនៅ​ភូមិ ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ ពេលនេះ បានក្លាយ​ខ្លួន ជា​សួន ដ៏​ស្រស់ស្អាត ហៅ​សួន​សហគម​ន៌​កុមារ​មេត្រី និង​ជា​កន្លែង​ហាត់ប្រាណ របស់​បងប្អូន​ប្រជាពលរដ្ឋ នៅ​តំបន់​នេះ យ៉ាង​ល្អ​។​

​សួន​នេះ បាន​ស្ថាបនា​ឡើង ក្រោម​ការជួយឧបត្ថម្ភ ពី​ស្ថានទូត​ចិន ប្រចាំ​នៅ កម្ពុជា ហើយ​ត្រូវបាន​បើកសម្ពោធ ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ព្រឹក ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២២​នេះ ក្រោម​អធិបតីភាព​លោក នួន ផា​រ័ត្ន អភិបាល រង​រាជធានី​ភ្នំពេញ តំណាង​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល រាជធានី​ភ្នំពេញ និង​លោក ឆាង ជាន អគ្គទីប្រឹក្សា នៃ​ស្ថានទូត​ចិន តំណាង​លោក វ៉ាង វិ​ន​ធៀន ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ សមត្ថភាព នៃ​សាធារណរដ្ឋ ប្រជាមានិត​ចិន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​លោក ពេជ្រ កែវ​មុនី អភិបាល នៃ​គណៈ​អភិបាល ខណ្ឌមានជ័យ បាន​មាន ប្រសាសន៍ អោយដឹងថាៈ សួន​សហគមន៍​កុមារ​មេត្រី ឬ​ហៅថា សួន​លូ​៥ មាន​ទីតាំង​ស្ថិតនៅ​ភូមិ ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ មាន​ផ្ទៃដី​សរុប ២.៧៧៥ ម៉ែត្រក្រឡា បណ្តោយ​ប្រវែង ២២៩ ម៉ែត្រ ទទឹង ១០ ម៉ែត្រ និង​ទទឹង ប្រឡាយទឹក​ក្រោម​ដី ៥ ម៉ែត្រ ។ ជាទី​ធ្លា​បើកចំហ សាធារណៈ ដែលមាន​ប្រជា ពលរដ្ឋ​រស់នៅ និង​កម្មករ និយោជិត រោងចក្រ​ជាច្រើន​នៅ​ជុំវិញ ។

​កាលពីមុន​សួន​លូ​៥​នេះ គឺជា​ប្រឡាយ​ទឹកស្អុយ​បើកចំហ ដែលមាន​គម្រប​បេតុង និង​ក្រាល ក្បឿង​ពីលើ ហើយ​សួន​នេះ ជាទី​តាំង​សំខាន់​មួយ ក្នុង​តំបន់​ស្ទឹង មានជ័យ ដែល​អ្នករស់នៅ ក្នុង​តំបន់​នោះ អាច​ដើរ​ហាត់ប្រាណ និង​ក្មេង​លេង កម្សាន្ត​បាន ។ សួន​នេះ សាងសង់ឡើង ដោយ​ប្រើប្រាស់​រយៈពេល ៦ ខែ ដោយ​ចាប់ផ្តើម ពីថ្ងៃ​ទី ៩ ែ​ខក​ញ្ញា ឆ្នាំ​២០២១ រហូតដល់ ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២២ ចំណាយ​ថវិកា​សរុប ៦៧.៤៩៧ ដុល្លារ រៀបចំ​សាងសង់ឡើង ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ។ ក្នុងនោះដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ បានដាក់​បំពាក់ ឧបករណ៍ សម្រាប់​ហាត់ប្រាណ អស់​ថវិកា ចំនួន ៦.០០០ ដុល្លារ សរុប​ថវិកា​ចំណាយ ទាំងអស់ ចំនួន ៧៥.៤៩៧ ដុល្លារ ។​

​លោក នួន ផា​រ័ត្ន បាន​មានប្រសាសន៍ថាៈ សួន​សហគមន៍​កុមារ​មេត្រី​នេះ មិន​ត្រឹមតែ​លើក សោភ័ណភាព រាជធានី​ភ្នំពេញ ប៉ុណ្ណោះ​ទេ តែ​វា​ជា​កន្លែង​មួយ ផ្ដល់​ឲ្យ​ប្រជាពលរដ្ឋ នៅ​តំបន់​នេះ បាន​ហាត់ប្រាណ ដើម្បី​សុខភាព​។ ទោះបីជា​យ៉ាងណាក្តី លោក​សូមអោយ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូមកុំ​សាងសង់​រោងការ នៅលើ​សួនច្បារ​នេះ​អោយសោះ វា​នឹង​នាំ​ធ្វើឱ្យ​ខូចខាត នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នានា នៅលើ​សួន​នេះ​។​

​លោក នួន ផា​រ័ត្ន បាន​សម្តែង​នូវ​ការ​អរគុណ យ៉ាង​ជ្រាលជ្រៅ​ផងដែរ ចំពោះ​មហាមិត្ត​ចិន ដែល​បាន​ជួយ​កម្ពុជា​ជាច្រើន ជាក់ស្តែង នៅពេលនេះ ចិន​បាន​ផ្ដល់នូវ​ថវិកា ដើម្បី​សាងសង់ សួន​សហគមន៍​កុមារ​មេត្រី​នេះ​ឡើង ។ ចិន​បានផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ -១៩ និង​ការជួយ​លើ​វិស័យ​ច្រើន​ទៀត មកដល់​កម្ពុជា​។​

​នៅក្នុង​ឱកាស​នោះដែរ លោក​នួន ផា​រ័ត្ន បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ របស់លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល រាជធានី​ភ្នំពេញ ដោយ​ជំរុញ​ឱ្យ​មន្ត្រី ថ្នាក់​សង្កាត់ ខណ្ឌ ត្រូវ​ជំរុញ​ការផ្ដល់សេវា ជូន​ប្រជាពលរដ្ឋ ឲ្យ​បាន​ទាន់ ពេលវេលា និង​ចាត់វិធានការ​ជុំវិញ ការទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ឲ្យ​បានល្អ​ប្រសើរ ថែមទៀត​។​

​លោក ឆាង ជាន ក៏បាន​លើកឡើង​ផងដែរ​ថាៈ ការស្ថាបនា​សួន​សហគមន៍ កុមារ​មេត្រី វា​មិន​ត្រឹមតែ​បានអោយ​ក្មេងៗ បាន​លេង ប៉ុណ្ណោះ​ទេ វា​ក៏បាន លើក​សោភ័ណភាព រាជធានី ភ្នំពេញ អោយ​កាន់តែ​ស្រស់ស្អាត ហើយ​វា​ក៏ ជា​កន្លែង សម្រាប់​អោយ​បងប្អូន​ប្រជាពលរដ្ឋ បាន​ហាត់ប្រាណ​ទៀតផង​។​

​លោក ឆាង ជាន បាន​សម្តែង​នូវ​ការ​អរគុណ​ចំពោះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏ដូចជា រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​គាំទ្រ​នូវ​គម្រោង នៃ​ការសាងសង់ សួន​សហគមន៍​កុមារ​មេត្រី នេះ​ឡើង​។ សួន​នេះ វា​ពិតជា​បាន​បង្កើត​នូវ ទំនាក់ទំនង​មិត្តភាព កម្ពុជា​-​ចិន កាន់តែ​ល្អប្រសើរ មួយកម្រិត​ថែមទៀត​៕/V​-PC