ដោយៈប.ខុន/ភ្នំពេញៈ នៅថ្ងៃ១៨ខែមីនានេះឃើញមានភ្លៀងធ្លាក់រាយប៉ាយច្រើននិងមានបរិមាណច្រើនដោយចាប់ផ្តើមពីតំបន់ខ្ពង់រាបនិងទំនាបកណ្តាលភាគពាយព្យរួចហើយរុញចុះមកផ្នែកខាងក្រោម(ត្បូង) ហើយ នៅរាជធានភ្នំពេញ ក៏អាចមានភ្លៀងធ្លាក់ដែរ តែពេលល្ងាចបន្តិច។
លោក ចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១៨ខែមីនាឆ្នាំ២០២២ថា នៅថ្ងៃនេះឃើញមានភ្លៀងធ្លាក់រាយប៉ាយច្រើននិងមានបរិមាណច្រើនដោយចាប់ផ្តើមពីតំបន់ខ្ពង់រាបនិងទំនាបកណ្តាលភាគពាយព្យរួចហើយរុញចុះមកផ្នែកខាងក្រោម(ត្បូង)។ នៅរាជធានីភ្នំពេញ ក៏មានភ្លៀងធ្លាក់ដែរ តែពេលល្ងាចបន្តិច។
ក្រសួងធនធានទឹកនិងឧតុនិយមកាលពីថ្ងៃទី១៥ខែមីនាបានជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុសម្រាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២២ខែមីនាឆ្នាំ២០២២ថា នៅក្នុងសប្តាហ៍នេះកម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌាក្នុងកម្រិតពីខ្សោយទៅមធ្យម និង សម្ពាធទាបតូចៗដែលកើតឡើងផ្ទាល់ដោយកន្លែង ជាអន្លើ ( Local Low Formed ) បង្កឱ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនជាមួយ បាតុភូតផ្គររន្ទនិងខ្យល់កន្ត្រាក់។ ក្នុងសេចក្តីជូនដំណឹងបានសរសេរថាស្ថានភាព បែបខាងលើធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី២៤ទៅ២៧អង្សាសេសីតុណ្ណភាពអតិបរមាមានពី៣៤ទៅ៣៦អង្សាសេ។អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ពីថ្ងៃទី១៩ដល់២១ខែមីនា ពិសេសនៅតំបន់ទំនាបកណ្តាលនិងទំនាបភាគ ពាយ័ព្យ បរិមាណភ្លៀងកើនឡើងធ្វើឱ្យសីតុណ្ណភាពអតិបរិមាធ្លាក់ចុះ បន្តិចមកវិញ ។ សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដងរែកនិងខ្ពង់រាប ឦសាន មានសីតុណ្ហភាពអប្បបរមាពី២៤ទៅ២៧អង្សាសេ សីតុណ្ណភាពអតិបរមា មានពី៣៤ទៅ៣៦អង្សាសេ។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ ។ នៅតំបន់មាត់សមុទ្រមាន សីតុណ្ហភាព អប្បបរមាពី២២ទៅ២៤អង្សាសេ សីតុណ្ហភាពអតិបរមាមានពី៣២ ទៅ៣៤អង្សាសេ។អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕/PC