ប្រែសម្រួល : កញ្ញាដាលីស (BBC) ៖ វេបសាយ BBC News បានបង្ហាញអំពីប្រវត្តិនៃប្រព័ន្ធមីស៊ីលបាញ់ពីដីទៅអាកាស S-300 របស់រុស្ស៊ីបន្សល់ទុកពីសម័យសហភាពសូវៀតដែលអាវុធទាំងនេះត្រូវបានប្រគល់ជូនបណ្តារដ្ឋសូវៀតមួយចំនួន និងរុស្ស៊ីបានផ្តល់អោយរដ្ឋាភិបាលរបស់ប្រធានាធិបតីស៊ីរី លោក បាសា អាល់អាសាដ (Bashar al-Assad) ។
ប្រព័ន្ធមីស៊ីល S-300 គឺជាស៊េរីនៃមីស៊ីលបាញ់ពីដីទៅអាកាសរយៈចម្ងាយឆ្ងាយដែលមានសមត្ថភាពខ្ពស់ដែលត្រូវបានដាក់ពង្រាយជាលើកដំបូងនៅក្នុងសហភាពសូវៀតក្នុងឆ្នាំ ១៩៧៩ ហើយក្រោយមកត្រូវបានកែលម្អប្រសើរឡើងដោយកងកម្លាំងប្រដាប់អាវុធរុស្ស៊ី។
ក្រៅពីមានសមត្ថភាពតម្រង់គោលដៅលើយន្តហោះ អង្គភាពចល័តពេញលេញនេះក៏មានសមត្ថភាពបាញ់កម្ទេចមីស៊ីលផ្លោងផងដែរ។
អ្នកជំនាញជឿថា រុស្ស៊ីទំនងជាផ្តល់ឱ្យស៊ីរីនូវប្រព័ន្ធ S-300PMU-2 ដែលគេស្គាល់ផងដែរដោយឈ្មោះកូដណាតូថា SA-20 ដែលត្រូវបានណែនាំជាលើកដំបូងក្នុងឆ្នាំ ១៩៩៧ហើយអាចប្រៀបធៀបបានទៅនឹងប្រព័ន្ធការពារដែនអាកាសនិងមីស៊ីល Patriot របស់សហរដ្ឋអាម៉េរិក។
រថយន្តជើងទម្របាញ់របស់រុស្ស៊ីត្រូវបានផលិតដោយក្រុមហ៊ុនរដ្ឋ Almaz-Antei ដែលកាលពីឆ្នាំមុនបានប្រកាសថាខ្លួនកំពុងបញ្ឈប់ការផលិតប្រព័ន្ធ S-300និងបង្វែរធនធានទៅផលិតប្រព័ន្ធមីស៊ីល S-400 ដែលទំនើបជាង។
– តើប្រព័ន្ធមីស៊ីល S-300PMU-2 ដំណើរការយ៉ាងដូចម្តេច?
១. រ៉ាដាឃ្លាំមើលរយៈចម្ងាយឆ្ងាយគឺតាមដានវត្ថុនានាក្នុងចម្ងាយ ៣០០ គីឡូម៉ែត្រនិងបញ្ជូនព័ត៌មានទៅកាន់រថយន្តទីបញ្ជាការ ដែលវាយតម្លៃគោលដៅសក្តានុពល។
២. គោលដៅមួយត្រូវបានកំណត់អត្តសញ្ញាណ ហើយរថយន្តទីបញ្ជាការបញ្ជាឱ្យរ៉ាដាចូលរួមដើម្បីបាញ់មីស៊ីល។
៣. ទិន្នន័យសម្រាប់បាញ់មីស៊ីលត្រូវបានបញ្ជូនទៅកន្លែងល្អបំផុតនៃរថយន្តជើងទម្របាញ់ទាំងប្រាំមួយរបស់កងវរសេនាតូច ហើយវាបញ្ចេញមីស៊ីលពីដីទៅអាកាសចំនួនពីរគ្រាប់។
៤. រ៉ាដាចូលរួមជួយនាំផ្លូវមីស៊ីលឆ្ពោះទៅរកគោលដៅ។ វាអាចដឹកនាំបញ្ជាមីស៊ីលបានដល់ទៅ ១២ គ្រាប់ក្នុងពេលដំណាលគ្នា ដោយអាចបាញ់ចំគោល ៦ ផ្សេងគ្នាក្នុងពេលតែមួយ។
រថយន្ត ដែលប្រើជាជើងទម្របាញ់ បច្ចុប្បន្នត្រូវបានផលិតនៅរោងចក្រ Minsk Wheel Tractor Plant (MZKT) ក្នុងប្រទេសបេឡារូស បើទោះបីជារុស្ស៊ីឥឡូវកំពុងរើផលិតកម្មទៅទីក្រុងប្រាយ៉ានស៍ (Bryansk) ភាគខាងលិចរុស្ស៊ីក៏ដោយ។
– លក្ខណៈពិសេសផ្សេងៗនៃប្រព័ន្ធ S-300PMU
១. លក្ខណៈពិសេស ៖ រថយន្តជើងទម្របាញ់នីមួយៗមានផ្ទុកបំពង់បាញ់មីស៊ីលចំនួន ៤ (ពីរមីស៊ីលក្នុងមួយគោលដៅ)។ កងវរសេនាតូចពេញលេញមួយគឺមានរថយន្តជើងទម្របាញ់ចំនួន ៦ គ្រឿងដែលមានមីស៊ីលសរុបចំនួន ២៤ គ្រាប់ បូករួមទាំងរថយន្តបញ្ជានិងគ្រប់គ្រង និងរថយន្តរ៉ាដាចាប់សញ្ញារយៈចម្ងាយឆ្ងាយ។
២. មុខងារពិសេស ៖ បាញ់មីស៊ីលពីរគ្រាប់បញ្ឈរឡើងទៅលើមេឃរយៈពេល ៣ វិនាទី ដោយធ្វើឱ្យវាអាចបត់បែនបានយ៉ាងល្អនិងបាញ់ចំៗគោលដៅ។
៣. សមត្ថភាព ៖ មីស៊ីលរុស្សី 48N6E គឺជាមីស៊ីលស្តង់ដារដែលបាញ់ចេញពីប្រព័ន្ធ S-300PMU ។ ពួកវាមានរយៈចម្ងាយពី ៥-១៥០គីឡូម៉ែត្រនៅរយៈកម្ពស់អតិបរមា ២៧-៣០ គីឡូម៉ែត្រ។
៤. ពេលវេលាឆ្លើយតប ៖ រថយន្តជើងទម្រប្រើពេល ៥ នាទីដើម្បីបាញ់មីស៊ីលកម្ទេចគោលដៅ៕
ប្រព័ន្ធមីស៊ីល S-300 របស់រុស្ស៊ី