ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ សហរដ្ឋអាម៉េរិកជឿថា ទាហានរុស្ស៊ីបានស្លាប់ឬរបួសទាហានរហូតដល់ ២៨.០០០ នាក់ក្នុងអំឡុងការប្រយុទ្ធគ្នាបីសប្តាហ៍ក្នុងប្រទេសអ៊ុយក្រែនខណៈដែលការលុកលុយរបស់វ្ល៉ាឌីមៀរ ពូទីន ជាប់គាំងគ្រប់សមរភូមិជួរមុខទាំងអស់ ប៉ុន្តែការបាញ់ផ្លោងលើទីក្រុងនានារួមទាំងទីក្រុងគៀវនៅតែបន្ត។
មន្ទីរបញ្ចកោណបានប៉ាន់ប្រមាណថា យ៉ាងហោចណាស់ទាហានរុស្ស៊ី ៧.០០០ នាក់បានបាត់បង់ជីវិតនៅក្នុងការប្រយុទ្ធគ្នានេះ ខណៈដែលទាហាន ១៤.០០០ ទៅ ២១.០០០ នាក់ផ្សេងទៀតបានរងរបួស ដែលស្មើនឹងជិតមួយភាគប្រាំនៃទាហានប៉ាន់ស្មាន ១៥០.០០០ នាក់ដែលពូទីនបានប្រមូលផ្តុំនៅតាមព្រំដែន មុនពេលចេញបញ្ជាឱ្យវាយប្រហារកាលពី ២១ ថ្ងៃមុន។
ចំនួនស្លាប់ដ៏គួរឱ្យភ្ញាក់ផ្អើលនេះគឺស្មើប្រហែលពីរដងនៃការបាត់បង់ទាហានណាតូនៅក្នុងប្រទេសអាហ្វហ្គានីស្ថានក្នុងការប្រយុទ្ធគ្នារយៈពេលពីរទសវត្សរ៍ហើយប្រហែលស្មើការស្លាប់របស់ទាហានអាម៉េរិកនៅក្នុងសមរភូមិអាយវ៉ូជីម៉ា (Iwo Jima) រយៈពេល ៣៦ ថ្ងៃ ដែលជាការប៉ះទង្គិចគ្នាយ៉ាងបង្ហូរឈាមបំផុតនៅតំបន់ប៉ាស៊ីហ្វិកក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។ ការបាត់បង់ឥឡូវនេះគឺធ្ងន់ធ្ងរណាស់រហូតដល់ថ្នាក់ចារកម្មអាម៉េរិកជឿថាអង្គភាពរុស្ស៊ីមួយចំនួនមិនអាចបន្តប្រយុទ្ធបានទេ។
ចំនួនស្លាប់នេះគឺស្របគ្នាជាមួយនឹងការវាយតម្លៃដោយចារកម្មអង់គ្លេស ដែលនិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១៨មីនាថា ការលុកលុយរបស់រុស្ស៊ីបានជាប់គាំង “នៅគ្រប់សមរភូមិជួរមុខទាំងអស់”ដោយមានវឌ្ឍនភាពតិចតួចនៅលើដីគោក សមុទ្រ ឬផ្លូវអាកាស ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ខណៈបន្ត “ទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ”។
ប៉ុន្តែការបាញ់ផ្លោងលើទីក្រុងនានារបស់អ៊ុយក្រែននៅតែបន្តកើតមានជាបន្តបន្ទាប់ ដោយទីក្រុងគៀវបានរងការវាយប្រហារដោយមីស៊ីលជាច្រើនកាលពីព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ដោយមីស៊ីលមួយត្រូវបានបាញ់ទម្លាក់ ប៉ុន្តែបំណែកគ្រាប់នៅតែវាយចំប្លុកផ្ទះល្វែងកម្ពស់ ១៦ ជាន់ ដោយបានសម្លាប់មនុស្សម្នាក់ និង បង្កឱ្យមានការឆាបឆេះ បណ្តាលឱ្យមនុស្សរាប់សិបនាក់រងរបួស។
ទីក្រុងម៉ារីវប៉ូល ដែលត្រូវបានឡោមព័ទ្ធខ្លាំងជាងគេនៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ក៏បានបន្តរងការបាញ់ផ្លោងយ៉ាងធ្ងន់ធ្ងរផងដែរ ខណៈក្រុមមន្ត្រីទីក្រុងបានប៉ាន់ប្រមាណថាមនុស្សយ៉ាងហោចណាស់ ២.៤០០ នាក់ត្រូវបានសម្លាប់នៅទីនោះ ទោះបីជាទីប្រឹក្សាអភិបាលក្រុង លោក ប៉េត្រូ អាន់ឌ្រាសឆេនកូ (Petro Andriushchenko)និយាយថាចំនួនអ្នកស្លាប់ពិតប្រាកដអាចកើនឡើងដល់ ២០.០០០ ពេលណាដែលតំបន់កាត់ផ្តាច់អាចចូលទៅដល់ដើម្បីស្វែងរកជនរងគ្រោះក៏ដោយ៕
ចារកម្មអាម៉េរិកជឿថារុស្ស៊ីបាត់បង់ទាហាន ២៨.០០០ នាក់នៅអ៊ុយក្រែនក្នុងរយៈពេល២១ថ្ងៃមកនេះ