ដោយៈទេពកង្រី/កំពង់ឆ្នាំង: កម្លាំងអធិការនគរបាលក្រុងកំពង់ឆ្នាំង លោកវរសេនីយ៍ឯក ឆាយ ខេមរត្ន័ បានអោយដឹងថា នៅយប់ថ្ងៃទី១៧ មីនា ២០២២ ដោយបានចុះអនុវត្តត្រួតពិនិត្យបទល្មើសចរាចរណ៍ នៅពេលយប់លើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រក្នុងក្រុងកំពង់ឆ្នាំង ដើម្បីធ្វើការត្រួតពិនិត្យ និងធ្វើការរិតបន្តឹងច្បាប់ចរាចរណ៍ ។
អធិការនគរបាលក្រុងកំពង់ឆ្នាំងបានឲ្យដឹងទៀតថា ដោយអនុវត្តតាមផែនការរបស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ស្ដីពីការត្រួតពិនិត្យបទល្មើសចរាចរណ៍នានានៅពេលយប់ មន្ត្រីនគរបាល របស់អធិការនគរបាលក្រុងកំពង់ឆ្នាំង បានចាប់អនុវត្តត្រួតពិនិត្យតាមគោលដៅលើផ្លូវជាតិលេខ ៥ ក្នុងភូមិសាស្ត្រ ក្នុងក្រុង លើបទល្មើសរថយន្តដែលល្មើសច្បាប់ចរាចរណ៍ដូចជា: រថយន្តបំពាក់ និងតុបតែងភ្លើងបំភ្លឺខុសលក្ខណៈ បច្ចេកទេស .រថយន្តដែលដឹកទំនិញ សំពីងសំពោង រថយន្ត ត ទ្រុង និងកែខុសបច្ចេកទេស រថយន្តដឹកលើសចំណុះ រថយន្តបើកបរល្បឿនលឿនហួសកំណត់ និងអ្នកបើកបររថយន្តផ្ទុកដោយគ្រឿងស្រវឹងជាដើម ។
លោកបានបញ្ជាក់អោយដឹងទៀតថា នេះគឺជាជំហានទី១ ដោយអនុវត្តក្នុងរយៈពេលមួយសប្តាហ៍ ។ រាល់បទល្មើសទាំងអស់មានដូចជា ដឹកលើសចំណុះ រថយន្តបំពាក់ភ្លើងខុសលក្ខណៈបច្ចេកទេស ត្រូវណែនាំអប់រំ និងដោះចេញនៅនឹងកន្លែង (ត្រួតពិនិត្យ) តែម្ដង តែសម្រាប់អ្នកបើកបរមានជាតិស្រវឹងត្រូវឃាត់ទុកមួយយប់ និងព្រឹកបន្ទាប់អប់រំឱ្យបន្តដំណើរទៅមុខទៀត។ ដោយឡែក ជំហានទី ២ នៅសប្តាហ៍ក្រោយនេះ រាល់រថយន្តមានបទល្មើសដូចបានរៀបរាប់ខាងលើនឹងអនុវត្តទៅតាមផ្លូវច្បាប់៕