ដោយៈសុផល/ភ្នំពេញ៖អគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃនិងក្រុមហ៊ុនទ្រូម៉ាន់នី(ខេមបូឌា)ម.កបានសហការគ្នាលើសេវាកម្មបង់ប្រាក់ពិន័យចរាចរណ៍ផ្លូវគោក។ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។
លោកនាយឧត្តមសេនីយ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិតំណាងនាយឧត្តមសេនីយសន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ ថា៖ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមហ៊ុនទ្រូម៉ាន់នី ដើម្បីធ្វើកិច្ចសហការក្នុងការបង់ប្រាក់ពិន័យអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។នេះជាផ្នែកមួយនៃការធ្វើកំណែទម្រង់ក្នុងការគ្រប់គ្រង នៃការជួយសម្រួលដល់ប្រជាពលរដ្ឋ និងបង្កើនប្រសិទ្ធភាព ក្នុងការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សំដៅសម្រេចនូវគោលដៅចុងក្រោយ គឺការធ្វើចរាចរណ៍ប្រកបដោយការគោរពច្បាប់គ្មានអំពើល្មើស និងមានសុវត្ថិភាព ។
តាមរយៈការផ្តល់សេវានេះអគ្គស្នងការដ្ឋាននគរបាលជាតិសង្ឃឹមថានឹងបង្កភាពកាន់តែងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការបង់ប្រាក់ពិន័យអន្តការណ៍ចំពោះអំពើល្មើស ច្បាប់សី្តពីចរាចរណ៍ផ្លូវគោក។ក្រុមហ៊ុនទ្រូម៉ាន់នីដែលធ្វើប្រតិបត្តិការលើសេវាកម្មផ្ទេរប្រាក់និងសេវាកម្មហិរញ្ញវត្ថុផ្សេងៗទៀតជាង១ម៉ឺនសាខានៅទូទាំងប្រទេសនឹងចូល រួមបម្រើសេវាកម្មក្នុងការបង់ប្រាក់ពិន័យអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។នេះជាជម្រើសថ្មីបន្ថែមលើការបង់ប្រាក់ពិន័យនៅស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក។
លោកស្រី ឃួន ហ្វ្រង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ឋសាស្ត្រនៃក្រុមហ៊ុនទ្រូម៉ាន់នីបានមានប្រសាសន៍ថា៖«ក្រុមហ៊ុនទ្រូម៉ាន់នីរីករាយដែលអាចផ្តល់យន្តការ មួយដើម្បីធ្វើឱ្យអតិថិជនរបស់យើងមានភាពងាយស្រួលក្នុងការទូទាត់វិក័យបត្រឬប្រាក់ពិន័យអំពើល្មើសនិងច្បាប់សី្តពីចរាចរណ៍ផ្លូវគោក»។
តាមរយៈកិច្ចសហការនេះ នឹងធ្វើឱ្យមានភាពកាន់តែងាយស្រួលផងដែរសម្រាប់អតិថិជនរបស់យើងក្នុងការទូទាត់ប្រាក់ពិន័យណាមួយដែលពួកគាត់អាចនឹងត្រូវទទួលរងអំពីការពិន័យ។ ការបង់ប្រាក់តាមកម្មវិធី True Money Wallet ឬតាមភ្នាក់ងារទ្រូម៉ាន់នី នឹងកាត់បន្ថយការចំណាយពេលវេលាច្រើន ៕Ph