ដោយៈ រ៉ាម៉ន / ភ្នំពេញៈ ដោយសារប្រទេសជាតិ មានសុខសន្តិភាព បានធ្វើឱ្យកម្ពុជា មានការអភិវឌ្ឍ រីកចម្រើនយ៉ាងខ្លាំង ទន្ទឹមនឹងនេះ ការអភិវឌ្ឍលំនៅដ្ឋាន ក៏កាន់តែប្រសើរឡើង ផងដែរ។ សន្តិភាពនេះហើយ ដែលធ្វើឲ្យក្រុមហ៊ុនឯកជន មានការបណ្ដាក់ទុនរកស៊ី យ៉ាងច្រើន នៅកម្ពុជា មិនថា នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត បង្កើតបាននូវការងារជាច្រើន សម្រាប់ប្រជាពលរដ្ឋ មានជីវភាពធូរធា។
នេះជាការលើកឡើងរបស់ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ ខណៈដែលលោកអញ្ជើញ ក្នុងពិធីសំណះសំណាល ជាមួយបុគ្គលិក កម្មករ កម្មការិនី ដែលកំពុងពេញការងារ ក្នុងការដ្ឋាន និងត្រួតពិនិត្យគុណភាពសំណង់ បុរីមេគង្គលែន តាមបណ្តោយផ្លូវជាតិលេខ៦A ស្ថិតនៅភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ នារសៀល ថ្ងៃទី១៨ មីនា នេះ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថាៈ ការអភិវឌ្ឍក្រុមហ៊ុនសំណង់ មិនថា នៅរាជធានីភ្នំពេញ ឬនៅតាមបណ្តាខេត្តនោះទេ គឺសុទ្ធតែបង្កើតបាន នូវការងារធ្វើជូន បុគ្គលិក កម្មករ កម្មការិនី ។ តែបើប្រទេសជាតិ មានអសន្តិសុខ គឺមិនមានអ្នកចូល មកធ្វើការវិនិយោគនោះទេ ជាក់ស្តែង ដូចជានៅប្រទេសអ៊ុយក្រែន មានបញ្ហាជាមួយរុស្ស៊ី គឺមិនមានក្រុមហ៊ុនណា ហ៊ានទៅរកស៊ី នៅក្នុងប្រទេស ដែលមានសង្គ្រាមនោះទេ។
លោក ឃួង ស្រេង បានបន្តទៀតថាៈ ក្រុមហ៊ុនមានឱកាសរកស៊ី បង្កើតឲ្យកម្មករ កម្មការិនី មានការងារធ្វើ គឺដោយសារតែប្រទេសជាតិយើង មានសន្តិភាព ហើយសន្តិភាពនេះ បានមកពី សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ។ ដូច្នេះលោកស្នើឱ្យបងប្អូនកម្មករ កម្មការិនីទាំងអស់ រួមគ្នារក្សាឲ្យបានគង់វង្ស នូវសន្តិភាពសម្រាប់កម្ពុជា។
លោកបញ្ជាក់ផងដែរថាៈ កម្មករ កម្មការិនី និងម្ចាស់ក្រុមហ៊ុន គឺប្រៀបបានអណ្ដាត និងធ្មេញ ដែលយើងត្រូវរួមគ្នា ដើម្បីអោយក្រុមហ៊ុនរីកចំរើន បើក្រុមហ៊ុនរីកចម្រើនយើង ក៏រីកចំរើនដែរ។
លោកឧកញ៉ា ជាម ឃុនណាត អគ្គនាយក នៃបុរី មេគង្គ លែន បានមានប្រសាសន៍ថាៈ បុរីមេគង្គលែន បានចូលរួមចំណែក អភិវឌ្ឍន៍ប្រទេសជាតិ យ៉ាងខ្លាំងក្លា តាមរយៈការផ្តល់ជូន នូវការងាររាប់ពាន់កន្លែង និងបង្កើនបន្ថែមជារៀងរាល់ឆ្នាំ តួយ៉ាងឆ្នាំ២០១៩ យើងមានបុគ្គលិក និង កម្មករ សរុប ជាងមួយពាន់នាក់ ឆ្នាំ២០២០ បង្កើនទៅជា ពីរពាន់នាក់ រហូតមកដល់ បច្ចុប្បន្ន។ ជាពិសេស ក្នុងកំឡុងវិបត្តិកូវិត-១៩ យើងមិនបោះបង់ចោល ក្រុមការងារយើង ដោយចូលរួមជាមួយ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល បើកប្រាក់បៀវត្តន៍ ជូនពេញលេញ ហើយថែមទាំងយកចិត្តទុកដាក់យ៉ាងខ្ពស់ ទៅលើសុខភាពអនាម័យ ការផ្តល់ជាការ ឧបត្តម្ភស្បៀង ថវិកា ការធ្វើតេស្តរហ័សជាប្រចាំ និងការលើកទឹកចិត្ត អោយចាក់វាំសាំង ទាំងអស់គ្នា ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវិត-១៩។ បានចូលរួមលើកកម្ពស់គុណភាពសំណង់ និងបរិស្ថាន តាមរយៈការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធល្អប្រណិត សំណង់ដែលប្រើប្រាស់ វត្ថុធាតុដើមរឹងមាំ តាមស្តង់ដារបច្ចេកទេសខ្ពស់ និងការរៀបចំប្រព័ន្ធប្រព្រឹត្តកម្ម ប្រព័ន្ធការពារកណ្តៀរ ប្រព័ន្ធការពារឆក់ ។ល។ ហើយថ្មីៗនេះ យើងបានឈ្នះនូវពានរង្វាន់ អចលនទ្រព្យ Property Guru ២០២១ ប្រចាំតំបន់អាស៊ី ទៅលើម៉ូតផ្ទះ និងគុណភាព សំណង់ផងដែរ។ បានចូលរួមសកម្មភាពសប្បុរសធម៌ ជាមួយអង្គការ សប្បុរសធម៌នានា ឥតឈប់ឈរ ដើម្បីចូលរួមរំលែកបន្ទុកសង្គម៕/V