ដោយៈ ដេប៉ូ / ភ្នំពេញៈ ការពង្រឹងគុណភាពអប់រំវិស្វកម្ម គឺជាបង្គោលអាទិភាពមួយ ក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា។ នេះជាការថ្លែងពីសំណាក់ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
បញ្ជាក់ក្នុងពិធីបិទអង្គមហាសន្និបាត បូកសរុបលទ្ធផលការងារ រយៈពេល ៥ឆ្នាំ អាណត្តិទី២ និងផែនការអនុវត្តបន្ត អាណត្តិទី៣ ឆ្នាំ២០២២-២០២៧ របស់គណៈវិស្វករកម្ពុជា លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយស គណៈវិស្វករកម្ពុជា បានឱ្យដឹងថាៈ រាជរដ្ឋាភិបាល បានចាត់ទុកការអប់រំ ប្រកបដោយគុណភាព លើវិស័យអប់រំវិស្វកម្ម គឺជាចំណុចគន្លឹះមួយ ដែលមិនអាចខ្វះបាន សម្រាប់អភិវឌ្ឍន៍ ធនធានមនុស្ស និងការអភិវឌ្ឍសង្គមជាតិ ប្រកបដោយនិរន្តរភាព។ កម្ពុជាត្រូវការជាចាំបាច់ ក្នុងការជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ដើម្បីដើរឱ្យទាន់ប្រទេសជិតខាង ក្នុងតំបន់ និងបណ្ដាប្រទេសផ្សេងទៀត ក្នុងពិភពលោក។ ទស្សនៈទាំងនេះ គឺបានឆ្លុះបញ្ចាំងឱ្យឃើញ ច្បាស់ថា ការអប់រំវិស្វកម្ម គឺជាកូនសោបើកទ្វារ ឆ្ពោះទៅរកការអភិវឌ្ឍសង្គមជាតិ ប្រកបដោយជោគជ័យ ។
ក្នុងពិធីនេះ លោក អ៉ិត សំហេង បានបង្ហាញនូវមោទនភាព កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំរបស់គណៈវិស្វករកម្ពុជា និងមន្ត្រីរាជការ ក្រោមឱវាទទាំងអស់ ដែលបានខិតខំ បំពេញតួនាទីភារកិច្ចរបស់ខ្លួន យ៉ាងសកម្មរួមគ្នា និងពុះពារសម្រេចបាន នូវសមិទ្ធផលជាច្រើន ទាំងថ្នាក់ជាតិ និងអន្តរជាតិ ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា នាពេលកន្លងមក។
នៅក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី បានសម្តែងការអបអរសាទរចំពោះ លោក សុខុម រិទ្ធីវុធ ដែលបានជាប់ឆ្នោត ជាអគ្គលេខាធិការ គណៈវិស្វករកម្ពុជា អាណត្តិទី៣ ហើយក៏សូមចូលរួម អបអរសាទរដល់ អគ្គលេខាធិការរងទាំងអស់ ដែលបានទទួលការបោះឆ្នោតគាំទ្រ សម្រាប់អាណត្តិទី៣ នេះផងដែរ។
លោក អ៉ិត សំហេង បានគូសបញ្ជាក់ថាៈ កន្លងមក យើងឃើញថាៈ គណវិស្វករកម្ពុជា ពិតជាបានចូលរួមចំណែក ក្នុងការខិតខំសម្រេចបាន តាមបេសកកម្មជាច្រើន ដែលការអភិវឌ្ឍធនធានវិស្វកម្ម គឺជាកម្លាំងចលករមួយ ដ៏ខ្លាំងក្លាបំផុត មិនអាចខ្វះបាន សម្រាប់អភិវឌ្ឍន៍សង្គមជាតិមួយ ឱ្យមានការរីកចម្រើនគ្រប់វិស័យ។ ក្នុងនាមរាជរដ្ឋាភិបាល ត្រូវតែបង្កើនយន្តការដឹកនាំ ដើម្បីធ្វើឱ្យស្ថាប័នវិស្វកម្មមួយនេះ ក្លាយជាមជ្ឈមណ្ឌល មួយដ៏រឹងមាំ ដែលអាចចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការរៀបចំផែនការ អភិវឌ្ឍន៍សង្គមជាតិ ប្រកបដោយចីរភាព។
លោករដ្ឋមន្ត្រី បានលើកឡើង ដោយបញ្ជាក់ថាៈ “ អនាគតប្រទេសជាតិរបស់យើង គឺត្រូវពឹងផ្អែកលើអ្វី ដែលវិស្វករយើងអាចធ្វើបាន នាពេលបច្ចុប្បន្ន និងទៅអនាគត គឺត្រូវផ្ដល់ការអប់រំវិស្វកម្ម ប្រកបដោយគុណភាព គឺជាជម្រើសមួយដ៏ប្រសើរបំផុត ដល់វិស្វករជាតិរបស់យើង ក្នុងការប្រកួតប្រជែង អភិវឌ្ឍសមត្ថភាព ក្នុងការដោះស្រាយ បញ្ហាចូលរួមគិតគូ ជាមួយរាជរដ្ឋាភិបាល ប្រកបដោយសុភវិនិច្ឆ័យ និងការអប់រំ សីលធម៌ វិជ្ជាជីវៈត្រឹមត្រូវ សម្រាប់ទ្រទ្រង់អាជីពការងារ ទាំងមូលរបស់វិស្វករ ប្រកបដោយកិត្តិយស សេចក្ដីថ្លៃថ្នូរ សុចរិតភាព និងការទទួលខុសត្រូវខ្ពស់ បស់វិស្វករយើង។”
ជាមួយគ្នានេះ លោក រដ្ឋមន្ត្រី បានរំលឹកថា៖ “ក្រោយថ្ងៃរំដោះ ៧មករា ធនធានមនុស្ស របស់យើងនៅសល់តិចតួចណាស់ ដែលរស់រានមានជីវិត រួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាពិសេសធនធានមនុស្ស ដែលជាវិស្វករនេះតែម្តង ត្រូវបានខ្មែរក្រហម សំលាប់ចោលស្ទើរអស់។ រាជរដ្ឋាភិបាល បានខិតខំគ្រប់បែបយ៉ាង ក្នុងការកសាងធនធាន មនុស្ស ទាំងនៅក្នុងស្រុក និងបញ្ជូនទៅសិក្សានៅបរទេស ដែលជាលទ្ធផល យើងឃើញថា ធនធានមនុស្ស ផ្នែកវិស្វកម្ម យើងបានកើនឡើង ទាំងបរិមាណនឹងគុណភាពគួរជាទីមោទន។ ជាក់ស្តែង ក្នុងឆ្នាំ២០២១ កន្លងទៅនេះ គណវិស្វករកម្ពុជា ទទួលបានការចុះបញ្ជីវិស្វករ ៧៤៧ នាក់ បើគិតមកទល់បច្ចុប្បន្ន មានវិស្វករចុះបញ្ជី សរុបចំនួន ៦.០០៨ នាក់ (ស្រី ២៤០នាក់) ក្នុងនោះ វិស្វករជាតិ ចំនួន ៥.៩២៤ នាក់ (ស្រី ២៣៨នាក់) និងវិស្វករបរទេស ចំនួន ៨៤នាក់ (ស្រី ២នាក់)”៕/V