ដោយ៖ ដេប៉ូ / កំពត៖ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានថ្លែងថាៈ ប៉មចម្រោះទឹកស្អាត ដែលផ្តល់ដោយមូលនិធិកូកា-កូឡា នៃក្រុមហ៊ុនភេសជ្ជៈកូកាកូឡាកម្ពុជា បានចូលរួមផលិតទឹកស្អាត ប្រកបដោយគុណភាព សម្រាប់សិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុន សែន ព្រែកត្នោត និងប្រជាពលរដ្ឋ នៅជុំវិញតំបន់នោះ ប្រើប្រាស់ សម្រាប់ពិសា ដោយឥតគិតថ្លៃ និងបានចូលរួមក្នុង ការសន្សំសំចៃថវិកា របស់សិស្សានុសិស្ស លើការទិញទឹក និងថែមទាំងបានចូលរួម កាត់បន្ថយសំណល់ប្លាស្ទិក ពីការប្រើប្រាស់ ទឹកដបប្លាស្ទិក ធ្វើឱ្យសាលារៀន និងសហគមន៍មានបរិស្ថាន និងអនាម័យល្អ។
គួរបញ្ជាក់ថា ការលើកឡើងពីសំណាក់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងារ រាជរដ្ឋាភិបាល បែបនេះ នាក្រុងបូកគោ កាលពីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ក្នុងពិធីប្រគល់ទទួលប៉មចម្រោះទឹកស្អាត ដែលមូលនិធិកូកា-កូឡា ប្រគល់ជូនសាលាវិទ្យាល័យ ហ៊ុន សែន ព្រែកត្នោត ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ តាមរយៈក្រសួងបរិស្ថាន។
លោក រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថាៈ ការផ្តល់ឧបករណ៍ចម្រោះទឹក ស្អាតនេះ បានចូលរួមចំណែក ជួយលើកកម្ពស់សុខុមាលភាព សិស្សានុសិស្ស ឱ្យកាន់តែប្រសើរ ព្រោះទឹកជាជីវិត និងមនុស្សម្នាក់ៗ មានតម្រូវការទឹក ជាចាំបាច់ សម្រាប់ការរស់នៅប្រចាំថ្ងៃ។
គួរបញ្ជាក់ថា ប៉មចម្រោះទឹកស្អាត ដែលផ្តល់ជូនវិទ្យាល័យ ហ៊ុន សែន ព្រែកត្នោតនេះ គឺជាប៉មចម្រោះទី២ របស់ក្រុមហ៊ុន ដែលត្រូវបានដំឡើង នៅឆ្នាំ ២០២២ នេះ ហើយជាប៉ម ចម្រោះទឹកស្អាតទី ៣៣ ដែលត្រូវបានដំឡើងឱ្យប្រើប្រាស់ នៅតាមសាលារៀននានា ក្នុងប្រទេសកម្ពុជា។ ប៉មចម្រោះទឹកស្អាត AQUATOWER គឺជាប្រព័ន្ធចម្រោះទឹកស្អាត ដែលត្រូវបានដំឡើង រួមជាមួយនឹង AquaSan ដែលជាប្រព័ន្ធលាងសម្អាតបន្ទប់ទឹក ដែលនឹងផ្តល់អត្ថប្រយោជន៍ ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រមទាំងប្រជាសហគមន៍ ប្រមាណ ៣០០ នាក់នៅទីនេះ។ បើទោះជាការប្រគល់ ប៉មចម្រោះទឹកស្អាតនេះ អាចជាការបង្ហាញ ពីការបញ្ចប់គម្រោងក៏ដោយ ក៏ការប្តេជ្ញាចិត្តរបស់យើង មិនបញ្ឈប់ត្រឹម ការតំឡើងប៉មនេះដែរ យើងនឹងបន្តគាំទ្រ និងសហការ យ៉ាងពេញទំហឹង ជាមួយមូលនិធិ Planet Water ក្នុងការអនុវត្តកម្មវិធីអប់រំសុខភាព ការប្រើប្រាស់ទឹកស្អាត ប្រកបដោយ ប្រសិទ្ធភាព ការថែរក្សាអនាម័យ បរិស្ថាន ការអប់រំ បណ្តុះបណ្តាល ប្រជាសហគមន៍ អំពីការថែរក្សាការពារ ប៉មចម្រោះទឹកនេះ រួមទាំងការថែទាំ រយៈពេល ៥ ឆ្នាំ ក្រោយការដំឡើង។
ជាមួយគ្នានេះ លោក រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានអំពាវនាវ ដល់សិស្សានុសិស្ស និងថ្នាក់ដឹកនាំសាលា ត្រូវចូលរួមថែរក្សាឧបករណ៍ចម្រោះទឹកស្អាតនេះ ដើម្បីអាចប្រើប្រាស់ សម្រាប់ពេលយូរអង្វែង និងសម្រាប់សិស្សានុសិស្ស ជំនាន់ក្រោយទៀត៕/V