ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ អាជ្ញាធរ កងកម្លាំងមមាញឹក ចុះជួយជួសជុលផ្ទះ ជូនពលរដ្ឋ ដែលខូចខាត ដោយខ្យល់កន្ត្រាក់ នាពេលកន្លងមក ហើយក្នុងឱកាសនោះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បាននាំយកស័ង្កសី ដែលជាអំណោយរបស់លោក ហ៊ុន ម៉ាណែត ទៅផ្តល់ជូនពលរដ្ឋរងគ្រោះទាំងនោះ។
ចំណែកបាតុភូតធម្មជាតិមួយទៀត បានកើតឡើង គឺរន្ទះភ្លើង បាញ់ដើមត្នោត ខ្ចាយព្រាយ ផ្កាភ្លើង ទៅឆេះខ្ចូសមួយខ្នង របស់ឈ្មោះ អិន សំអាត ភេទស្រី អាយុ៥២ឆ្នាំ និងឆេះម៉ាសុីន ហាត់ប្រាណ ១គ្រឿង នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៣និង៥០នាទី ក្នុងភូមិព្រេចកី ក្នុងឃុំតាផូ ស្រុកស្វាយចេក។
នៅរសៀល ថ្ងៃទី១៨ មីនា នេះដែរ លោក អ៊ុំ រាត្រី បានអញ្ជើញចុះពិនិត្យមើលកងកម្លាំង អាជ្ញាធរមូលដ្ឋាន សហការគ្នា ចូលរួមជួយធ្វើផ្ទះឡើងវិញ ជូនប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្ត្រាក់ នៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងបានផ្តល់ អំណោយស័ង្កសី ជាអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ជូនគ្រួសាររងគ្រោះ ៣១ គ្រួសារ។
ជាមួយគ្នានោះ លោកអភិបាលខេត្ត បានផ្តល់ថវិកាឧបត្ថម្ភ កងកម្លាំងជួយធ្វើផ្ទះ មាន នគរបាល និងកម្លាំងយោធា ក្នុង១អង្គភាព ៤០ ម៊ឺនរៀល ផងដែរ។
ចំពោះការឆ្លើយតប ជួយអន្តរាគមន៍របស់ អធិការដ្ឋាននគរបាលស្រុកថ្មពួក នៅព្រឹកថ្ងៃទី១៨ មីនា នេះ អធិការនគរបាលស្រុក បានដឹកនាំកម្លាំង ចំនួន ២០ នាក់ សហការជាមួយ កម្លាំងវរសេនាតូចនគរបាល ការពារព្រំដែនគោកលេខ៨០៧, កម្លាំងកងរាជអាវុធហត្ថ ស្រុកថ្មពួក ,កម្លាំងបរិស្ថាន ដែលដឹកនាំរួមដោយ លោក យ៉ង់ យឺន អភិបាលរងស្រុកថ្មពួក ។
ពលរដ្ឋរងគ្រោះ បានកើនសរុបចំនួន ៣៥ ខ្នង និងថែមសាលារៀន ១ខ្នង រងការខូចខាតធ្ងន់ និងស្រាល គឺរងគ្រោះដោយសារខ្សល់កន្ត្រាក់ នៅយប់ថ្ងៃទី១៧ មីនា លើ២ស្រុក គឺស្រុកថ្មពួក និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
នៅថ្ងៃទី១៨ មីនា នេះដែរ កម្លាំងនគរបាល សហការជាមួយយោធា បានចុះជួយរុះរើ ប្រមូលស័ង្កសី និងជួសជុល ជូនប្រជាពលរដ្ឋឡើងវិញ៕/V