ដោយ:បូកគោ/កំពត:សង្កាត់ត្រើយកោះជាផ្នែកមួយនៃភូមិសាស្ត្រក្រុងកំពតដែលហ៊ុមព័ទ្ធដោយផ្ទៃសមុទ្រនិងដងព្រែក។តាំងពីយូរលង់មកដែនកោះមួយនេះគ្របដណ្តប់មួយភាគធំដោយស្រែអំបិលដែលផ្តល់ការងារដល់កូនចៅអ្នកភូមិភាគច្រើនជាកម្មករផលិត និងប្រមូលផលសម្រាប់រសជាតិមិនអាចខ្វះបាននោះ បន្ទាប់ពីមុខរបរនេសាទសមុទ្រ។
នាពេលបច្ចុប្បន្នវិស័យទេសចរណ៍លើដីកោះមួយនេះកំពុងមានការរីកចម្រើន។ចរន្តប្រែប្រួលថ្មីហាក់រុញច្រានអាជីវកម្មបែបប្រពៃណីឲ្យឃ្លាតចាកឆ្ងាយបន្តិចម្តងៗ។សក្តានុពលបម្រើដល់វិស័យឧស្សាហកម្មគ្មានផ្សែងដែលបាននិងកំពុងលេចចេញ បន្តបន្ទាប់ទាំងនោះ រួមមាន រមណីយដ្ឋាន ទីលម្ហែកាយ តំបន់សម្រាកកម្សាន្ត ឬស្នាក់អាស្រ័យជិត១០កន្លែង។ លើសពីនោះគម្រោងអភិវឌ្ឍន៍ពាក់ព័ន្ធវិស័យទេសចរណ៍លំដាប់ទំនើបជាច្រើននឹងចាប់នឹងចាប់ដំណើរការសាងសង់នៅលើផ្ទៃដីរាប់រយហិកតាបន្ថែមទៀតក្នុងទឹកដីនៃសង្កាត់ត្រើយកោះនាពេលខាងមុខ។
លោក ពៅ ខំ ចៅសង្កាត់ត្រើយកោះបានរៀបរាប់ថាសង្កាត់ត្រើយកោះមានបួនភូមិជាចំណុះ គឺភូមិតាអង្គ ភូមិស្រែ ភូមិដូនតោក និងភូមិបឹងតាព្រាម។ មូលដ្ឋាននេះហ៊ុមព័ន្ធដោយព្រែកនិងសមុទ្រដែលភ្ញៀវជិតឆ្ងាយអាចមកសម្រាក លម្ហែគយគន់ទិដ្ឋភាពថ្ងៃរៀបលិច ទេសភាពភ្នំបូកគោ និងបណ្តាកោះនានាប៉ប្រះលើផ្ទៃសមុទ្រ។
លោកចៅសង្កាត់បានបញ្ជាក់ថាដោយអនុវត្តតាមកម្មវិធីនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលសង្កាត់ត្រើយកោះសម្រេច បានសមទ្ធិផលជាច្រើនសម្រាប់បំពេញតម្រូវការប្រជាពលរដ្ឋ។ទោះបីស្ថិតក្នុងបរិបទកូវីដ១៩ក្តីសកម្មភាពនៃការអភិវឌ្ឍនៅតែបន្តជាហូរហែ។ក្នុងនោះវិស័យទេសចរណ៍ដែលភាគច្រើនផ្តើមឡើងដោយផ្នែកឯកជនក៏មានសន្ទុះគួរឲ្យកត់សម្គាល់ផងដែរ។
លោក ពៅ ខំ បានបន្តថាសព្វថ្ងៃស្ពានត្រើយកោះកំពុងសាងសង់នៅឡើយហើយផ្លូវកៅស៊ូជាង២០គីឡូម៉ែត្រក៏មិន ទាន់បានស្ថាបនាទើបគម្រោងអភិវឌ្ឍន៍ធំៗហាក់មានភាពយឺតយ៉ាវ។ម្យ៉ាងទៀតដោយសារដីក្នុងតំបន់មួយចំនួនស្ថាប័នជំនាញមិន ទាន់បានចេញប័ណ្ណកម្មសិទ្ធសម្គាល់ម្ចាស់ដីនៅឡើយ។
លោកចៅសង្កាត់បានបង្ហាញក្តីសង្ឃឹមថាជាការរំពឹងទុករយៈពេលប្រមាណ៥ឆ្នាំទៀតសង្កាត់ត្រើយកោះនឹងក្លាយជាបណ្តុំ ទេសចរណ៍ដ៏ល្អប្រពៃ ឬជាក្រុងរណបមួយយ៉ាងស្រស់ត្រកាលជាងបណ្តាសង្កាត់នានា។ដោយឡែកប្រជាពលរដ្ឋក៏ អាចនឹងមានជីវភាពកាន់តែប្រសើរផងដែរ៕