ដោយៈឫទ្ធិស័ក្ត/ភ្នំពេញៈប្រជាពលរដ្ឋប្រជាពលរដ្ឋរស់នៅភូមិ ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នឹងពាក្យបណ្តឹងព្រះតេជគុណ ជា សុខស៊ីណាត ព្រះចៅអធិការវត្តប្រជុំសាគរ (ថ្មី)ទៅសាលាដំបូងរាជធានីភ្នំពេញ នៅដើមសប្តាហ៍ក្រោយនេះពាក់ព័ន្ធនឹងសកម្មភាពដឹកនាំព្រះសង្ឃនិងកម្មករប្រើហិង្សាមកលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិតនិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិទាំងបំពាន ស្ថិតនៅចំណុចក្រោយវត្តប្រជុំសាគរ (ថ្មី) ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
ការសម្រេចដាក់ពាក្យប្តឹងទៅតុលាការនេះ បានធ្វើបន្ទាប់ពីប្រធានមន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញក៏ដូចជាចៅ សង្កាត់ជ្រោយចង្វារ មិនមានលទ្ធភាពឲ្យព្រះចៅអធិការវត្តប្រជុំសាគរ (ថ្មី) ផ្អាកសកម្មភាពដឹកនាំព្រះសង្ឃ និងកម្មករ ប្រើហិង្សាមកលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិតនិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិទាំងបំពានស្ថិតនៅចំណុចក្រោយ វត្តប្រជុំសាគរ (ថ្មី) ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា “បើសិនជាមិនបញ្ឈប់សកម្មភាពនេះទេ នឹងដាក់ពាក្យបណ្តឹងប្តឹងទៅតុលាការរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ ដោយយោងតាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។តែសកម្មភាពរបស់ ព្រះចៅអធិការវត្តប្រជុំសាគរ គឺអត់បញ្ឈប់ទេ សូមឲ្យអាជ្ញាធរថ្នាក់លើជួយដោះស្រាយជូនប្រជាពលរដ្ឋផង”។
ប្រជាពលរដ្ឋបានអះអាងថា “ផ្លូវប្រជាពលរដ្ឋធ្វើដំណើរទៅមករាល់ថ្ងៃ ហេតុអ្វីខ្ញុំជាប្រជាពលរដ្ឋដែរមិនអាចប្រើផ្លូវនេះ បានចង់បិទច្រកទ្វារយ៉ាងម៉េច? ។ មកដល់ម៉ោងនេះសកម្មភាពនៅតែបន្ត ពីមួយថ្ងៃទៅមួយថ្ងៃសំណង់កាន់តែចេញជា រូបរាង ។របងដែលធ្វើនេះស្ថិតនៅលើដីកម្មសិទ្ធរបស់នាងខ្ញុំ”។ហេតុអ្វីបានជាមកវាយរបងផ្ទះរបស់ខ្ញុំរបងខ្ញុំមិនបានធ្វើលើ ព្រំដីទេ (មិនមែនជាជញ្ជាំងអឌ្ឍសិទ្ធទេ) ខ្ញុំធ្វើក្នុងដីបណ្ណ័កម្មសិទ្ធ ហើយរស់នៅទីនេះជិត៤០ឆ្នាំមកហើយ។ ឪពុកម្ដាយខ្ញុំ គាត់បានសង់របងខិតចូលក្នុង ព្រោះគាត់គិតថា ចង់ឱ្យផ្លូវធំទូលាយ ងាយស្រួលក្នុងការធ្វើដំណើរអាចជៀសគ្នាបាន មិនតែប៉ុណ្ណោះ ពេលមានហានិភ័យណាមួយកើតឡើងដូចជា អគ្គិភ័យ ឡានទឹកអាចចូលបាន ។កន្លងមកចៅអធិការ បានឱ្យគេមកធ្វើចេតិយមុខដីរបស់ខ្ញុំបន្ទាប់ពីមានការពីតវ៉ាពីខាងខ្ញុំលោកក៏អនុញ្ញាតឱ្យគេធ្វើចេតិយហួសទៅដីខាងមុខទៀត ព្រោះម្ចាស់គេមិនបានតវ៉ាអីទេ។ ខ្ញុំគ្មានសិទ្ធទៅហាមឃាត់ និងប្រើសិទ្ធរបស់ខ្លួនឱ្យហួសដែនកំណត់ទេ។ ដីរបស់គេ ម្ចាស់គេមានសិទ្ធសម្រេច ចេញមកហាមឃាត់ឬសម្ងំនៅស្ងៀម” ។
ចំពោះរឿងនេះប្រជាពលរដ្ឋរស់នៅភូមិ១សង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារបានដាក់ពាក្យបណ្តឹងទៅប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ និងចៅសង្កាត់សុំជួយដោះស្រាយនិងចាត់វិធានការទប់ស្កាត់ជាបន្ទាន់ទៅលើព្រះចៅ
អធិការវត្តប្រជុំសាគរ (ថ្មី) ព្រះនាម ជា សុខស៊ីណាត ដែលបានដឹកនាំព្រះសង្ឃក្នុងវត្តនិងកម្មករកំពុងប្រើហិង្សាមក លើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិតនិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិទាំងបំពាន ស្ថិតនៅចំណុចក្រោយវត្តប្រជុំសាគរ (ថ្មី) ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ ប៉ុន្តែការដាក់ពាក្យប្តឹងនេះ ហាក់គ្មានប្រសិទ្ធភាពទាល់តែសោះ ពោលគឺអាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញមិនអាចទប់ស្កាត់សកម្មភាពចៅអធិការ វត្តប្រជុំសាគរ (ថ្មី) នោះទេ។
ទាក់ទងករណីនេះ ប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញនិងចៅសង្កាត់ជ្រោយចង្វារមិនអាចសុំការអត្ថាធិប្បាយ បានទេ ដោយទូរស័ព្ទមិនមានអ្នកទទួល។
បើយោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋឈ្មោះ សុខ ឈែ បានជម្រាបជូនប្រធានមន្ទីរធម្មការនិងសាសនារាជធានី ភ្នំពេញថា កាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ព្រះចៅអធិការវត្ត ព្រះនាម ជា សុខស៊ីណាត បានដឹកនាំ ព្រះសង្ឃនិងកម្មករជាច្រើននាក់មកធ្វើសកម្មភាពវាយរបងផ្ទះនាងខ្ញុំ ហើយជីករណ្តៅបំពានលើដីនាងខ្ញុំ ធ្វើរបងបិទច្រកទ្វារចេញចូលផ្ទះនិងឃ្លាំងនាងខ្ញុំ ក្នុងគោលបំណងយកដីផ្លូវសាធារណៈជាប់របងដីនាងខ្ញុំ ដែលឪពុកម្តាយនាងខ្ញុំនឹងប្រជាពលរដ្ឋជាច្រើនគ្រួសារទៀតបានប្រើប្រាស់ចេញចូលផ្លូវនេះតាំងពីឆ្នាំ១៩៨៧ រហូតមកដល់សព្វថ្ងៃនេះ ដើម្បីយកទៅលក់ឱ្យឈ្មួញសង់ចេតិយ ទោះបីជាអាជ្ញាធរភូមិ នគរបាលប៉ុស្តិ៍ ជ្រោយចង្វារ និងអ្នកសារព័ត៌មានចុះមកសម្រួលនិងធ្វើការសម្ភាសយ៉ាងណាក៏ដោយ ក៏ព្រះចៅអធិការនិង បក្ខពួកធ្វើមិនដឹងមិនឮ នៅតែបន្តធ្វើសកម្មភាពរហូតដល់ម៉ោងជាង៧យប់ ទើបឈប់សម្រាក ហើយអាចនឹង បន្តធ្វើសកម្មភាពនៅថ្ងៃខាងមុខជាបន្តបន្ទាប់ទៀត។ ទង្វើនិងសកម្មភាពរបស់ព្រះចៅអធិការវត្តប្រជុំសាគរ (ថ្មី) និងបក្ខពួកបានបំពានដោយផ្ទាល់ទៅលើមាត្រា២៥៣ នៃច្បាប់ភូមិបាលនិងមាត្រា៤១០ (បទធ្វើឱ្យ ខូចខាតដោយចេតនា) នៃក្រមព្រហ្មទណ្ឌ។
ជាមួយគ្នានេះប្រជាពលរដ្ឋសូមប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ ជួយចាត់វិធានការ តាមផ្លូវច្បាប់ ធ្វើការទប់ស្កាត់ឱ្យព្រះចៅអធិការវត្តប្រជុំសាគរ(ថ្មី) ផ្អាកការសាងសង់ជាបណ្តោះអាសន្នរង់ ចាំការដោះស្រាយរបស់មន្ទីរធម្មការនិងសាសនាទៅតាមផ្លូវច្បាប់ ដោយក្តីអនុគ្រោះ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមីនា ប្រជាពលរដ្ឋបានតវ៉ារឿងព្រះចៅអធិការវត្តប្រជុំសាគរស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារធ្វើរបងបិទផ្លូវចេញចូលនិងបានឱ្យកូនសិស្សវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ។បើទោះបីអាជ្ញាធរមូលដ្ឋានចុះទៅប្រាប់អោយផ្អាកសកម្មភាពយ៉ាងណាក៏ដោយក៏ព្រះចៅអធិការវត្តប្រជុំសាគរ នៅតែបន្តសកម្មភាពដដែល។ ដោយឃើញមិនស្តាប់តាមការណែនាំសមត្ថកិច្ចក៏បានចេញពីកន្លែងកើតហេតុ។ បើទោះមានការតវ៉ាពីប្រជាពលរដ្ឋ ព្រះចៅអធិការវត្តប្រជុំសាគរ មិនបានផ្អាកសកម្មភាពធ្វើរបង និង វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋនោះទេ៕សរន