ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​មេបញ្ជាការ កងទ័ពជើងគោក បាន​មានប្រសាសន៍ថា សម្តេច​តេ​ជោ ហ៊ុន សែន​បាន​ដឹកនាំ​ប្រទេសជាតិ​ក្នុង​រយៈកាល​កន្លងមក​នេះ ប្រកបដោយ​ការលះបង់ និង​ការប្តេជ្ញាចិត្ត​ខ្ពស់ រួម​ជាមួយនឹង​ការទទួលខុសត្រូវ​សម្រេច​អារកាត់​គ្រប់​កាលៈទេសៈ ទាំង​ក្នុង​ស្ថានការណ៍​គ្រោះថ្នាក់ និង​ការកំណត់​ទិសដៅ​ដើម្បី​អភិវឌ្ឍ​ជាតិ រហូត​ទទួលបាន​នូវ​ជំនឿ​ទុកចិត្ត និង​ការគាំទ្រ​ពី​សំណាក់​ប្រជា​ពល​ដ្ឋ​គ្រប់​មជ្ឈដ្ឋាន​។

​លោក ហ៊ុន ម៉ា​ណែ​ត ថ្លែង​ដូចនេះ​ក្នុង​ពិធី​សម្ពោធ​ឆ្លង​មហា​កុដិ​ថ្មី និង​សមិទ្ធផល​នានា ក្នុង​វត្ត​កំពង់​ត្រ​ទ្បា​ច ស្ថិតក្នុង​ភូមិ​កំពង់​ត្រ​ទ្បា​ច សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២២​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​បន្តថា ថ្មីៗ​នេះ កម្ពុជា​ទទួលបាន​ជោគជ័យ​គួរ​ជាទី​មោទនៈ​លើ​សមរភូមិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ក្រោម​ការដឹកនាំ​ប្រកបដោយ​យុទ្ធសាស្ត្រ​ប្រាកដនិយម និង​ការ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​មនុស្សធម៌ របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ជាពិសេស​ការចូលរួម​ដ៏​ក្លៀវក្លា ស្មោះត្រង់ និង​ប្រកបដោយ​ការជឿទុកចិត្ត របស់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ រួមគ្នា​ជាម​ហា​កម្លាំង​សាមគ្គី​ជាតិ​នៅ​ចំពោះមុខ​ស្ថានការណ៍​វិបត្តិ​ដ៏​គ្រោះថ្នាក់​នេះ​។​


​មេបញ្ជាការ​កងទ័ពជើងគោក ក៏បាន​ចូលរួម​អបអរ​សា​រទ​ចំពោះ​ការសម្ពោធ​សមិទ្ធផល​ថ្មីៗ​ក្នុង​វត្ត​កំពង់ត្រឡាច ដែលមាន​ការកសាង​អភិវឌ្ឍ​រីកចម្រើន​ជា​លំដាប់ ចាប់តាំងពី​ក្រោយ​របប​ប៉ុលពត​មក ដោយ​សមិទ្ធផល​ទាំងនេះ​បានកើត​ឡើង​ពី​សាមគ្គីភាព​របស់​ពុទ្ធ​បរិ​ស័​ទ្ទ​គ្រប់​មជ្ឈដ្ឋាន ជា​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​ដើម្បី​ធ្វើ​បុណ្យទាន​ទៅតាម​គន្លង​ប្រពៃណី​ព្រះពុទ្ធសាសនា​។ ទន្ទឹមនឹងនេះ ក៏​សូម​ចូលរួម​អបអរសាទរ​ចំពោះ​ខេត្ត​កែប ដែល​ត្រូវ​បានប្រកាស​ជា​ខេត្ត​ដំបូង​គេ ដែល​អស់​គ្រាប់មីន ដែល​នេះ​ជា​មោទនភាព​សម្រាប់​ជាតិ ប្រជាជន​ទាំងអស់ និង​ជា​និមិត្តរូប​នៃ​ការ​រស់​ទ្បើង​វិញ​ប្រកបដោយ​សុខសន្តិភាព​ពេញលេញ និង​ភាពសុខដុមរមនា អស់​ការភ័យខ្លាច​ដែល​បង្ក​ទ្បើង​ដោយសារ​សង្គ្រាម និង​ផលវិបាក​ដែល​បន្សល់ទុក​ដោយ​សង្គ្រាម​។ ក្រៅពីនេះ ខេត្ត​កែប​ក៏មាន​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ព្រមទាំង​ទទួលបាន​នូវ​ជ័យលាភី​ជាច្រើន​ខាង​ផ្នែក​សោភ័ណភាព​បរិស្ថាន និង​ទេសចរណ៍​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់​តំបន់​គួរ​ជាទី​មោទនៈ ដែលជា​សក្ខីភាព​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ក្នុងការ​អភិវឌ្ឍ​មូលដ្ឋាន​របស់ខ្លួន​។​


​ជាមួយគ្នានេះ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​អរគុណ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កែប ដែល​តែង​ជឿទុកចិត្ត និង​គាំទ្រ​ឥត​ងាករេ​ចំពោះ សម្តេច​តេ​ជោ និង​ក៏​សូម​បន្ត​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​បែបនេះ​ត​ទៅមុខទៀត ដើម្បី​ភាពសុខសាន្ត និង​ការបន្ត​អភិវឌ្ឍ​រីកចម្រើន​រុងរឿង​៕​សរន​